ពលរដ្ឋមានវិវាទដីធ្លីជាមួយអ្នកស្រី ស៊ុយ សុផាន ស្នើ​សុំ​បង្កបង្កើនផលលើដីកំពុងមានជម្លោះ

ប្រជាពលរដ្ឋនៅ ខណ្ឌច្បារអំពៅ ក្នុង​រាជធានីភ្នំពេញ ដែលមានជម្លោះដីធ្លីជាមួយ​អ្នកស្រី ស៊ុយ សុផាន បាន​ស្នើ​សុំ​អាជ្ញាធរ​ចូល​ទៅ​បង្ក​បង្កើន​ផលលើដីកំពុងមានជម្លោះវិញ ខណៈ​វិវាទ​ដីធ្លី​នេះ អូស​បន្លាយ​ជាង ១០​ឆ្នាំ​គ្មាន​ដំណោះស្រាយ។

ពលរដ្ឋម្នាក់ លោក ឡេង សារិ ប្រាប់វីអូឌីថា ពលរដ្ឋ​ប្រមាណ ៨០នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ២០០​គ្រួសារ​រស់នៅភូមិចុះពុះក្អែក សង្កាត់​ព្រែកថ្មី នៅថ្ងៃនេះ បាន​ញ្ញត្តិ​ទៅ​ក្រសួង​រៀបចំដែន ដើម្បី​សុំ​ចូល​ទៅ​បង្ក​បង្កើន​ផល​​លើដីទំហំ ៥៨ហិកតាដែលកំពុងមានជម្លោះជាមួយអ្នកស្រី ស៊ុយ សុផាន។

លោកបន្តថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយ​អ្នកស្រី ស៊ុយ សុផាន តាំងពីឆ្នាំ២០០៧ ដោយក្រុមពលរដ្ឋ បាន​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី និងស្ថាប័នរដ្ឋផ្សេងៗទៀតជាច្រើនដងហើយ ប៉ុន្តែ​ថា មិន​ទាន់​ទទួល​បាន​ដំណោះស្រាយនោះទេ។

លោកបន្ថែមថា៖ «ការដែលពួកយើងតវ៉ានោះដោយសារអ្នកស្រី ស៊ុយ សុផាន ហ្នឹង គាត់​ធ្វើ​ប័ណ្ណ​[កម្មសិទ្ធិ]​គ្រប​​ពី​លើ​ដី​ប្រជា​ពលរដ្ឋ​កំពុង​កាន់​កាប់ហ្នឹង ហើយរាល់ឯកសារគាត់ទាំងអស់ គឺក្លែងទាំងអស់ហ្មង តាំង​ពី​មេ​ភូមិ តាំងពី​ម្ចាស់ដី គឺ​នីតិវិធីរបស់គាត់ហ្នឹង គឺធ្វើខុសទាំងអស់ តែ​គាត់​មាន​ប្លង់​រឹង​ចេញ​ដោយ​ក្រសួង​ដែនដី​ចេញ​តាំងពីឆ្នាំ១៩៩៦។ សូម្បីតែទីតាំងដីដែលគាត់ចូលទៅរំលោភហ្នឹង ក៏ខុសដែរ ឯកសារ​របស់​គាត់​នៅ​កន្លែង​ផ្សេង​ទេ ប៉ុន្តែ គាត់បែរជាមករំលោភយកដីពួកយើងនៅកន្លែងផ្សេងមួយទៀត»។

ពលរដ្ឋម្នាក់ទៀត លោក ចន្ទ្រា និយាយថា វិវាទដីធ្លីនេះកើតឡើយដោយសារមានអំពើពុករលួយជាប្រព័ន្ធ ដោយអ្នកស្រី​ ស៊ុយ សុផាន ឃុបឃិតជាមួយក្រុមអាជ្ញាធរលួចធ្វើប័ណ្ណកម្មសិទ្ធិជាន់លើដីពលរដ្ឋ។

លោកបន្តថា ដីដែលកំពុងមានជម្លោះនោះ គឺ​ពលរដ្ឋខ្លះបានទិញតគ្នា និងមួយចំនួនទៀត បានកាន់កាប់ផ្ទាល់​ចន្លោះ​ពីឆ្នាំពីឆ្នាំ១៩៨១-១៩៨២ ដោយមានលិខិតទិញលក់ និងបញ្ជាក់ការ​កាន់កាប់ត្រឹមត្រូវ។

លោកបន្ថែមថា៖ «អាជ្ញាធរហ្នឹងបានឃុបឃិតគ្នាជាប្រព័ន្ធ​តាំងពីសុរិយោដី ដោយ​រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ​តែម្តង ហើយ​ពលរដ្ឋ​ស្នើ​សុំ​ទៅ​បង្ក​​បង្កើនផលដោយសារតែយើងដាក់ញត្តិចុងក្រោយតាំងពីខែ៧ ឆ្នាំ២០១៦ តាំង​ពីយាយ ផាន គាត់ដាក់កម្លាំង​ចូលទន្រ្ទានហ្នឹង គឺបាន​ដាក់​របង​ព័ទ្ធជុំវិញ អញ្ចឹងធ្វើឲ្យពលរដ្ឋមួយចំនួន មិន​បានបង្ករបង្កើនផល ធ្វើឲ្យជីវភាពរបស់ពួកគាត់ខ្វះខាតជីវភាព ហើយ​ក្រសួង​គាត់​ដោះ​ស្រាយ​យឺតយ៉ាវ គិតទៅជិត ២ឆ្នាំ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែន នគរូបនីយកម្ម ​និងសំណង់ លោក ឡោ រ៉ាវុទ្ធ បានទេជុំវិញ​វិវាទ​ដី​ធ្លី​មួយ​នេះ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប៉ុន្តែបើតាមពលរដ្ឋកាលពីព្រឹកមិញនេះ មន្រ្តីក្រសួងបានទទួលយកញត្តិពីក្រុមពលរដ្ឋរួច​ហើយ ដោយនិយាយថា ក្រសួង​កំពុង​តែ​ដោះ​ស្រាយ​គ្រាន់តែយឺតយ៉ាវបន្តិចដោយលើកហេតុផលថា វិវាទដីធ្លីច្រើនដោះស្រាយមិនទាន់។

ចំណែកអ្នកស្រី ស៊ុយ សុផាន ក៏មិន​អាចសុំការបំភ្លឺបានដែរជុំវិញបញ្ហានេះ។

ញត្តិរបស់ប្រជាពលរដ្ឋ បាន​ឲ្យដឹងថា ក្រុមពលរដ្ឋប្រមាណ ២១៨គ្រួសារ និងមានដីទំហំ ៥៨ហិកតា ស្ថិតភូមិចំពុះ​ក្អែក សង្កាត់ព្រែកថ្មី មាន​ជម្លោះ​ដីជាមួយអ្នកស្រី ស៊ុយ សុផាន តាំងឆ្នាំ២០០៧មកម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ