ក្រសួង​មហាផ្ទៃថា អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី អាច​ជាប់ពន្ធនាគារ​

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

មន្ត្រីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ ឲ្យដឹងនៅថ្ងៃនេះថា នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អាចនឹងជាប់ពន្ធនា​គារ បើក្រសួង​​​រកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនាបន្លំសមត្ថកិច្ច​ចូល​សួរសុខទុក្ខអ្នកទោស ជា​មួយ​មន្ត្រីបក្សប្រឆំាង។

កាលពីព្រឹកថ្ងៃទី១៩​ខែ​មេ​សា​ម្សិលមិញ​ ​​អនុ​ប្រ​ធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំង​តំណាង​​រាស្ត្រ​មួយចំនួនផ្សេង​ទៀត បាននាំគ្នាទៅសួរសុខទុក្ខ​សកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ​ នៅពន្ធនាគារព្រៃស ដោយ​ក្នុង​នោះគេសង្កេតឃើញ​មានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់VODនៅថ្ងៃព្រហស្បតិ៍ទី២០មេសានេះថា ក្រសួងមហាផ្ទៃ​ បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារព្រៃស ឲ្យពិនិត្យលក្ខន្តិកៈពន្ធនាគារ​ និង​រៀប​ចំឯកសារពាក់ព័ន្ធបញ្ជូន​ទៅ​​ក្រសួងមហាផ្ទៃនៅពេលឆាប់ៗនេះ ដោយថា បើសមត្ថកិច្ចរកឃើញថា លោក ជុន ច័ន្ទបុត្រ មានចេតនា ភូតកុហក បន្លំសមត្ថកិច្ចចូល​សួរសុខទុក្ខសកម្មជនបក្សប្រឆំាងទំាង១៦នាក់មែន លោកថា បុគ្គល ជុន ច័ន្ទបុត្រ ​អាច​ប្រឈមនឹងជាប់ទោសពន្ធនាគារ។

លោកមានប្រសាសន៍ថា៖ «​[ឧទាហរណ៍]ឈ្មោះពូ ហើយពូទៅភូតគេ ភូតសមត្ថកិច្ចថា ពូឈ្មោះនេះ ក៏មានទោសដែរ មិនប្រាប់អត្តសញ្ញាណពិតអាជ្ញាធររដ្ឋ ក៏មានទោសដែរ អាចមានទោះ៣ខែ ទៅ៦ខែមើលទៅ»។

លើសពីនេះ លោក ខៀវ សុភ័គ ក៏បញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ក្រសួង​មហា​ផ្ទៃ​នឹងមិនអនុញ្ញាត​ឲ្យ​តំណាង​រាស្ត្របក្សសង្គ្រោះជាតិចូលសួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទៀតហើយ ដោយ​ថា​ តំណាង​រាស្រ្ត​បក្សសង្គ្រោះជាតិ ​លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ដើម្បី​​​នាំ​លោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃស។

តំណាងរាស្ត្របក្សប្រឆំាង លោកស្រី មូរ សុខហួរ បានអះអាងថា កាលដែលលោក ច័ន្ទបុត្រ ចូលសួរសុខទុក្ខសកម្មជនបក្សសង្គ្រោះជាតិ មិនមានចេតនាអាក្រក់នោះទេ ដោយអ្នកស្រីថា គណបក្សសង្គ្រោះជាតិនៅតែស្នើទៅក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខអ្នកជាប់ឃុំជារៀលរាល់ខែដូចសព្វដងដដែល។

លោកស្រីនិយាយថា៖ «គណបក្សសង្គ្រោះជាតិយើងបានចូលទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃអស់ហើយ ក៏ប៉ុន្តែម្សិលមិញមានការមិនយល់គ្នា ក៏មានព្រឹត្តិការណ៍ហ្នឹងកើតឡើង តែសុំបញ្ជាក់ថា មិនមានការចេតនា មិនមែនជាការប៉ុនប៉ងអ្វីទាល់តែសោះ ខ្ញុំសង្ឃឹមថានឹងមានការយល់យោគគ្នា ដើម្បីឲ្យមានការត្រឡប់ទៅសួរសុខទុក្ខសមាជិករបស់យើងជាធម្មតាទៅវិញ»។

ចំណែក នាយក​រង​វិទ្យុ​អាស៊ី​សេរីប្រចំា​កម្ពុជា លោក ជុន ច័ន្ទបុត្រ​ មានប្រសាសន៍ថា លោកមិន​បាន​បន្លំខ្លួន​ចូល​ទៅ​សួរសុខទុក្ខអ្នកជាប់ឃុំទំាងនោះទេ ដោយថា លោកបានសុំមន្ត្រីច្រកចូលនៅពន្ធនាគារចូលទៅជាមួយ មន្ត្រីបក្សប្រឆំាង និងសរសេរឈ្មោះពិតផង​ដែរ ប៉ុន្តែលោកថា ត្រង់ចំណុចដែ​ល​គេសរសេរពាក្យ​​ថា «ជា​ជំនួយ​​ការ​​របស់​​តំណាងរាស្ត្របក្សប្រឆំាង» លោកមិនដឹងអ្នកណា ជាអ្នកសសេរបំពេញនោះទេ។

នៅពេលវីអូឌីសួរថា បើក្រសួងមហាផ្ទៃប្តឹងលោក តើលោកនឹងនៅតតំាងក្តីជាមួយដើមបណ្តឹង ឬយ៉ាងណា? លោក​ ជុន ច័ន្ទបុត្រ​ ឆ្លើយយ៉ាងខ្លីថា លោកធ្វើតាមការណែនាំរបស់ស្ថាប័នវិទ្យុអាស៊ីសេរី និងមេធាវី។

លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ មកស្រុកខ្មែរពេលនេះ គឺមករៀបចំផ្សាយនៅពេលបោះឆ្នោត បំណងរបស់ខ្ញុំគឺនៅធ្វើការឲ្យចប់ចុង ចប់ដើម ក៏ប៉ុន្តែបើការសម្រេចបែបណារបស់អង្គភាព ការសម្រេចបែបណារបស់មេធាវី បើសិនជារឿងនេះ ឈានទៅដល់ការប្តឹងផ្តល់អី ខ្ញុំនឹងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ស្ថាប័ន ពីសំណាក់មេធាវី»។

លោកមេធាវី សុក សំអឿន បានពន្យល់ជាទូទៅថា នៅក្នុង​ច្បាប់មិនបានចែង​ដាក់ទោ​ស​លើបុគ្គលណា​ដែល​និយាយកុ​ហក ឬបន្លំឈ្មោះ​សមត្ថកិច្ច ដើម្បី​សុំចូល​សួរ​សុខ​ទុក្ខអ្នកជាប់ឃុំនោះទេ ដោយលោកថា នៅពន្ធនាគារមានការត្រួតពិនិត្យតឹងតែងណាស់​ លោកថា អ្នកដែល​មាន​កំហុស មន្ត្រី​ប្រចំា​ច្រកពន្ធ​នាគារ​ ដែលមិនបានពិនិត្យឲ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ​​​។​

លោកថា៖ «បើអ្នកឯងថា បងប្អូន អត់មាន អ្នកឯងមកកុហក អញ្ចឹងចូលគុកម៉េចកើត វាអត់មានច្បាប់ ដូច្នេះវាទៅលើ ត្រូវទទួលបន្ទុកការទទួលខុសត្រូវរបស់ពន្ធនាគារ ពេលដែលខ្លួនអនុញាតម៉េចមិនពិនិត្យមើលឯកសារឲ្យបានច្បាស់លាស់ គ្រប់គ្រាន់»។

កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្របក្សប្រឆំាង ដឹកនាំដោយលោកស្រី មូរ សុខហួរ រួមទាំងលោក ជុន ច័ន្ទបុត្រ បាន​ចូលទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំង១៦រូប ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស​។

លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះពិត ហួត វុទ្ធី គឺជានាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ខេមរភាសាប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ លោក ជុន ច័ន្ទបុត្រ ក៏​ជា​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់ ចាប់តាំពីការបោះឆ្នោតជាតិឆ្នាំ២០១៣។

ក្នុងឆ្នាំ២០១៦ ​លោក ជុន ច័ន្ទបុត្រ ​ទទួល​បាន​ជ័យ​លាភី​សម្រាប់​អ្នក​សារព័ត៌មាន​ក្លាហាន និង​ទៀង​ត្រង់ ដែល​ផ្ដល់​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​ការ​ផ្សាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (Broadcasting Board of Governors)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ