លោក សម រង្ស៊ីបានបង្ហាញក្តីសង្ឃឹមថា ជប៉ុន និងឥណ្ឌូនេស៊ី នឹងប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីជួយឲ្យ គណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ។
ការលើកឡើងបែបនេះរបស់ លោកសម រង្ស៊ី ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានវិទ្យុ សម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃ ទី ១៩ ខែ មេសាម្សិលមិញនេះ។ ការបញ្ជាក់បែបនេះ ក្រោយពេលលោក សម រង្ស៊ី បំពេញទស្សនកិច្ច៥ថ្ងៃនៅក្នុងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី។
លោកសមរង្ស៊ីបានថ្លែងថា ប្រទេសជប៉ុននិងឥណ្ឌូនេស៊ីនឹងប្រើឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើប្រតិកម្មរបស់ សហរដ្ឋ អាមេរិក និង សហភាពអឺរ៉ុបដែលចង់ឲ្យមានវត្តមានគណបក្សរបស់លោក ចូលរួមការបោះ ឆ្នោតខាងមុខនេះ។
លោកសមរង្ស៊ី បន្ថែមថា៖«ឥលូវយើងបានប្រទេសនៅទ្វីបអាស៊ីធំៗពីរនេះទៀត គឺយើងមានសង្ឃឹមយ៉ាង មុះមុតថា ការបោះឆ្នោតខាងមុខនេះគេនឹងពិនិត្យតាមដានធ្វើម៉េចឲ្យការបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈប្រជា រាស្រ្ត ខ្មែរ ពិត ប្រាដក។ ហើយដើម្បីឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្រ្តខ្មែរពិតប្រាកដ ត្រូវតែមានការចូលរួមពី គណបក្ស សង្គ្រោះ ជាតិដាច់ ខាត។»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឆ្លើយតបទៅនិងការលើកឡើងរបស់លោកសម រង្ស៊ីថាលោកសម រង្ស៊ីកំពុងយល់ច្រឡំហើយ ទោះជាគ្មានវត្តមានអតីតគណបក្សសង្គ្រោះ ជាតិក៏ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជានៅតែមាន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ឥលូវអត់គាត់(គណបក្សប្រឆាំង)ជាងមួយឆ្នាំហើយ សួរថាតើប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងដល់ម្រិតណាហើយ។យើងមើលទាំងអស់គ្នាឃើញ ហើយ[…]។ ប្រជាធិប តេយ្យជារបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនរបស់គណបក្សប្រឆាំង។ អត់ គណបក្ស ប្រឆាំងទៅ អត់ប្រជាធិបតេយ្យទេ។»
លោកសុខ ឥសាន យល់ថាដំណើទស្សនៈកិច្ចរបស់លោកសមរង្ស៊ីទៅកាន់ប្រទេសប្រទេសជប៉ុន និង ឥណ្ឌូនេស៊ីកន្លង មកនេះមិនមានប្រយោជន៍នោះអ្វីទេ ព្រោះលោកសម រង្ស៊ីមិនបានជួបថ្នាក់ដឹកនាំរដ្ឋាភិបាល ប្រទេសទាំងពីរនេះទេ ពោលគឺជួបតែជាមួយមន្រ្តីបក្សប្រឆាំងរបស់ប្រទេសពីរតែប៉ុណ្ណោះ។ លោកបន្តទៀតថា ដំណើរទស្សនៈកិច្ចរបស់លោក សម រង្ស៊ី មិនបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលប្រទេសទាំងពីរនេះល្អក់ កករឡើយ។
គូសបញ្ជាក់ផងដែរនេះជាដំណើរទស្សនៈកិច្ចសុំអន្តរាគមន៍ពីបណ្ដាប្រទេសនៅអាស៊ីជាលើកដំបូងរបស់លោកសមរង្ស៊ី បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិរបស់លោកត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំមុន។