ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្រ្ដាលីទទួលរង្វាន់សម្រាប់សិក្សាលើការទប់ស្កាត់អំពើហិង្សាផ្លូវភេទនៅម្ពុជា

សាកល​វិទ្យាល័យម៉ូណាស្ហនៃប្រទេសអូស្រ្ដាលី នឹងស្រាវជ្រាវពីអំពើហិង្សាផ្លូវភេទនៅក្នុង​ប្រទេសកម្ពុជា​ដើម្បី​ជួយ​កាត់​បន្ថយ​​ឧប្បត្តិ​ហេតុ​នៃ​អំពើហឹង្សាទា​ក់ទងនឹ​ង​​យេនឌ័រ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោកចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មេសា ឲ្យដឹងថា​សាកល​វិទ្យាល័យ​ម៉ូណាស្ហ​បាន​ទទួល​ទឹក​ប្រាក់​រង្វាន់ចំនួនប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបួនរយដុល្លារអាមេរិកពី​ក្រុម​ធនាគារពិភពលោកដើម្បី​អនុវត្ត​គម្រោង​នេះ។ សាកលវិទ្យាល័យម៉ូណាស្ហ នឹងសហការជាមួយអង្គការសម្ព័ន្ធសុខភាពកុមារ​និងសុខភាពបន្ដពូជដែលមានមូលដ្ឋាននៅ​កម្ពុជាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើបញ្ហា​នេះ។

ប្រភពដដែលនេះឲ្យដឹងទៀតថា​  ការសិក្សានេះនឹងធ្វើការស្ទង់រកមើលអានុភាពផ្នែកវប្បធម៌ដែលជាឬសគល់នាំអោយ មានអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងធ្វើតេស្តមើលថាតើអន្ដរាគមន៍ពីសំណាក់ព្រះសង្ឃ និង ដូនជីអាចចូលរួម កាត់បន្ថយអំពើហិង្សាលើផ្លូវភេទនៅក្នុងសហគមន៍ប្រទេសកម្ពុជាបានដែរឬទេ។

លោកមីហ្គេល អេកាដូ សានឆេហ្ស ម៉ាទីន នាយកគ្រប់គ្រងធនាគារពិភពលោកស្ដីទីប្រចាំប្រទេសកម្ពុជា​មាន ប្រសាសន៍ថា៖​ «ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពច្រើនក្នុងការប្រឆាំងទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក៏ប៉ុន្ដែ ការយល់ដឹងអំពីឥរិយាបទផ្នែកវប្បធម៌ជាសមាសភាគមួយដែលមានសារៈសំខាន់សម្រាប់ធ្វើយ៉ាងណាធានាឱ្យការឆ្លើយតបទៅអំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រេចបានជោគជ័យ ។»

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់លើកកម្ពស់សមភាពយេនឌ័រ (UN Women) ប្រចាំនៅកម្ពុជាដែលត្រូវបានដកស្រង់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បង្ហាញថាយ៉ាងហោចណាស់ស្រ្ដីម្នាក់ក្នុង ចំណោមប្រាំនាក់ជាជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ចំណែកចំនួនកុមារជាងពាក់កណ្ដាលនៃចំនួនកុមារ សរុប​ធ្លាប់រងអំពើហិង្សាលើរាងកាយក្នុងទម្រង់ណាមួយពីសំណាក់ដៃគូស្និទ្ធស្នាលរបស់ឪពុកម្ដាយពួកគេ ញាតិសន្ដាន ពេញវ័យ ឬពីសំណាក់សមាជិកក្នុងសហគមន៍របស់ពួកគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ