ទស្សនៈផ្សេងគ្នារវាងអ្នកទទួលទានកាហ្វេហាងទំនើបនិងកាហ្វេធម្មតា

ហាង​កាហ្វេGloria Jean’s សាខានៅផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ(រូបថតដោយសាម សុជាទិញ​)

ប្រជាពលរដ្ឋ​មួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញទស្សនៈផ្សេងៗគ្នាជុំវិញការញាំកាហ្វេនៅហាងទំនើប​ និងហាងធម្មតា ដោយ​អ្នក​ខ្លះ អះអាងថា បារម្ភពីការប៉ះពាល់សុខភាព និងខ្លះទៀតមិនបារម្ភនោះទេ។

ការ​លើកឡើងនេះបន្ទាប់ពី​ សារព័ត៌មាន​នានា​របស់​វៀតណាម បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​ខេត្ត​ដាណុង បាន​ចុះ​ត្រួត​ពិនិត្យ​សិប្បកម្ម​ផលិត​កាហ្វេ​មួយ ដោយ​បាន​រក​ឃើញ​ថា សិប្បកម្ម​នោះ​បាន​ផលិត​កាហ្វេ​លាយ​ជាមួយ​កាក​សំណល់​ថ្ម​ពិល ដី និង​កម្ទេច​ថ្ម ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​កម្ពុជា​ផង​ដែរ ខណៈ​ដែល​វៀតណាម គឺ​ជា​អ្នក​នាំ​ចេញ​កាហ្វេ​​ធំ​លំដាប់​ទី​ពីរ នៅ​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​កាហ្វេ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​។

ករណីនេះធ្វើឲ្យ​ប្រជាពលរដ្ឋមួយចំនួននៅភ្នំពេញដែលនិយមញាំកាហ្វេមានការចាប់អារម្មណ៍ ហើយបញ្ចេញទស្សនៈផ្សេងៗគ្នា។​

អ្នកញាំកាហ្វេធម្មតាលើកឡើងដូចនេះថា៖ «កាហ្វេវៀតណាមវាចូល២០០០រៀល ខ្មែរយើងកន្លែងតូចៗ១៥០០រៀល កន្លែងអូរទេះដើរលក់១០០០រៀល តែល្អមិនល្អអត់ដឹង គេវៀតណាម។ គេយកកាហ្វេវៀតណាមមកលក់ក៏យើងមិនដឹង យើងវាអត់ដឹងគេនាំយកមកពីខាងណា ព្រោះយើងមានចាប់អារម្មណ៍ថា ម្ចាស់ហាងទទួលពីខាងណាយើងម៉េចដឹង។ វា[ហាងកាហ្វេ]នៅជិតកន្លែងធ្វើការខ្ញុំ ហើយខ្ញុំចាំភ្ញៀវនៅកន្លែហ្នឹង ខ្ញុំអត់មានជំរើសទៅហូបនៅកន្លែងណា នៅចាំភ្ញៀវដ៏ភ្ញៀវតេមកបានខ្ញុំទៅ។ ផ្អាកហើយ ហូបអីផ្សេង ដោយសារយើងដឹងតាមព័ត៌មាន តាមទូរទស្សន៍ តាមហ្វេសប៊ុក ចាប់បានកាហ្វេថ្មពិល »

អ្នកញាំកាហ្វេហាងទំនើបលើកឡើងដូចនេះថា ៖«ហូបកាហ្វេធម្មតាវាប៉ះពាល់សុខភាពយើង វាល្វីង កាហ្វេប្រេនវាល្អ វាស្រួលខ្លួន ហូបទៅ វាមានកម្លាំង វាឆ្ងាញ់ ជាងកាហ្វេយើងធម្មតា វារស់ជាតិដើម វារស់ជាតិកាហ្វេសុទ្ធៗ វាមិនដូចហាងកាហ្វេយើងធម្មតា។ យើងហូបកាហ្វេទៅដើម្បីយើងតាមខ្ញុំដឹងខ្លះៗ វាជួយបេះដូង សន្លាក់យើង សំខាន់វាមិនប៉ះពាល់សុខភាព»

អ្នកជំនាញផ្នែកកសិកម្ម​លោក លោក យ៉ង់ សំាងកុមារ ដែលអះអាងតាមដានករណីនេះ បញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្ន ក៏​មានកន្លែង​ផលិតកា​ហ្វេ​ក្លែង​ក្លាយជាច្រើនកន្លែង ដោយយកសណ្តែក ស្ករ ពោតទៅ​លីង រួចដាក់ជាមួយ​​សារធាតុគីមី ដើម្បីផលិតជាកាហ្វេ លោកថានៅពេល​ប្រជាពល​រដ្ឋទិញយកទៅញាំនឹងធ្វើឲ្យប៉ះពាល់សុខភាព​។

ករណីនេះលោក យ៉ង សាំងកុមារ ស្នើទៅស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធត្រូវ​ចុះធ្វើការត្រួតពិនិត្យតាមហាង​កាហ្វេធម្មតា និងហាងធំៗ ដោយថា​ ដើម្បី​ទប់ស្កាត់​បញ្ហានេះឲ្យមានប្រសិទ្ធិភាព។

លោក​ផ្តល់ជាអនុសាសន៍ថា៖ «ត្រួតពិនិត្យមែនទែន កាហ្វេក្លែងក្លាយមិនសូវអីប៉ុន្មានទេ ប៉ុន្តែកាហ្វេក្លែងក្លាយដែលគ្រោះថ្នាក់ មានប្រើសារធាតុគីមី ដើម្បីបន្ថែមរសជាតិ បន្ថែមខ្លិន វាអាចមានគ្រោះថ្នាក់ដល់សុខភាព យើងធ្វើការស្រាវជ្រាវឲ្យជាក់លាក់ ក្នុងកាហ្វេក្លែងក្លាយគេមាប្រើសារធាតុគីមីអ្វីខ្លះហើយសារធាតុណាខ្លះដែលវាប៉ះពាល់សុខភាពយើងត្រូវតែហាមកុំឲ្យគេប្រើ.. ជារួមអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធមានកាតព្វកិច្ច និងជួយទប់ស្កាត់និងបញ្ហាទាំងអស់ ដើម្បីកុំឲ្យរីកដុះដាលតទៅទៀត មាននៅស្រុកខ្មែរ យើងទទ្ទឹមនឹងជំរុញលើកស្ទួយ​​ការដាំនិងផលិតកាហ្វេធម្មជាតិក្នុងស្រុក លើកស្ទួយកាហ្វេធម្មជាតិពិតប្រាកដឲ្យបានទូលំទូលាយ​»

តួលេខ​ពី​​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​នាំ​ចេញផលិត​កាហ្វេ​ចម្រាញ់​ដល់​ទៅ​ជាង១​លាន ៥៩​ម៉ឺន​តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​វៀតណាម​កាន់​កាប់​ចំណែក​ទីផ្សារ​កាហ្វេ​ពិភព​លោក​ដល់​ទៅ ២០​ភាគរយ ហើយ​ប្រទេស​នេះ​រំពឹង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​កាហ្វេ នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ។

តួលេខ​រដ្ឋាភិបាល​វៀតណាម ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​នេះ​នាំ​ចូល​គ្រាប់​កាហ្វេ​ឆៅ​ពី​បណ្ដាប្រទេស​​ជិត​ខាង​ខ្លួន​ ក្នុង​នោះ​នាំ​ចូល​ពី​កម្ពុជា​ក្នុង​ចំនួន​រាប់​ពាន់​តោន​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ ៣​ឆ្នាំ​មុន បង្ហាញ​ថា បើទោះបីជា​កម្ពុជា​ជា​ប្រទេស​ដាំ​កាហ្វេ​នាំ​ចេញ​ក៏​ដោយ ប៉ុន្តែ តម្លៃ​នៃ​ការ​នាំ​ចេញ​កាហ្វេ​ទៅ​បរទេស​​មាន​ត្រឹមតែ​ជាង ៧ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ទំហំ​នៃ​ការ​នាំ​ចូល​កាហ្វេ​ពី​បរទេស​វិញ មាន​តម្លៃ​ដល់​ទៅ​ជាង ៨​លាន​ដុល្លារ​ឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ