ចិន​ចោទ​ឥណ្ឌូណេស៊ី​ថា​បាន​បាញ់​ប្រហារ​លើ​អ្នក​នេសាទ​ខ្លួន

(រូបភាពពី AFP)

ប្រទេសចិនកាលពីថ្ងៃអាទិត្យម្សិលមិញបានចោទប្រកាន់ឥណ្ឌូណេស៊ីថាបានបាញ់ទៅលើអ្នកនេសាទរបស់ខ្លួន និងបង្ករបួសទៅលើពួកគេ នៅក្នុងភាពតានតឹងថ្មីបំផុតរវាងប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រសួងការបរទេសចិនបានចាប់ផ្ដើមការតវ៉ាយ៉ាងខ្លាំងក្លាជុំវិញអ្វីដែលប្រទេសចិនបានចាត់ទុកថាកងទ័ពឥណ្ឌូណេស៊ីបានរំលោភបំពានទៅលើអ្នកនេសាទចិន។

ចិនបាននិយាយថានាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ីជាច្រើនគ្រឿងបានបើកការបាញ់ប្រហារទៅលើទូកនេសាទនានានៅក្នុងដែននេសាទមានជម្លោះកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកបើកបរទូកនេសាទម្នាក់បានរងរបួស ប៉ុន្តែចិនពុំបានផ្ដល់ព័ត៌មានលម្អិតនោះឡើយ ខណៈទូកនេសាទនិងប្រជានេសាទចិន៧នាក់ទៀតត្រូវចាប់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ហួ ឈុនយីង ដែលបាននិយាយថាចិនតវ៉ាយ៉ាងខ្លាំងក្លានិងថ្កោលទោសទៅលើការប្រើប្រាស់កម្លាំងហួសហេតុបែបនេះ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថាការវាយប្រហារនោះបានកើតឡើងនៅក្នុងដែននេសាទចិនជាទីដែលប្រទេសទាំងពីរអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នានោះ។

ប្រទេសចិនបានចោទថាសកម្មភាពរបស់ឥណ្ឌូណេស៊ីបានរំលោភទៅលើច្បាប់អន្តរជាតិ ហើយបានជំរុញឲ្យប្រទេសនេះបញ្ឈប់ការចាត់វិធានការបែបនេះដែលបង្កឲ្យមានភាពតានតឹងនិងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព។

កងទ័ពឥណ្ឌូណេស៊ីបានអះអាងថាបានរឹបអូសទូកនេសាទចិនមួយគ្រឿង ប៉ុន្តែថាពុំមាននរណាម្នាក់រងរបួសនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ