បេក្ខជនជាប់ឆ្នោតចៅសង្កាត់ប៉ោយប៉ែតត្រូវបញ្ជូនទៅពន្ធនាគារវិញក្រោយវះកាត់

បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារវិញ នៅព្រឹកនេះ ក្រោយពីវះកាត់ពោះវៀនដុះខ្នែង ខណៈគ្រួសារបារម្ភពីគ្រោះថ្នាក់អាចកើតមានឡើងព្រោះ មុខរបួសមិនទាន់ជាសះ និងកំពុងមានជំងឺផ្សេងៗទៀត។​

ភរិយាលោក ចៅ វាសនា អ្នកស្រី វង្ស គិមហុង ឲ្យវីអូឌីដឹងថា ស្វាមីរបស់អ្នកស្រី ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារវិញនៅព្រឹកមិញនេះ។ អ្នកស្រីថ្លែងថា ស្វាមីរបស់គាត់ សុខភាពទ្រុឌទ្រោម ដោយសារ មុខរបួសកន្លែងវះកាត់មិនទាន់ជា និង មានជំងឺមួយចំនួនទៀត ដូចជាជំងឺថ្លើម គ្រួសក្នុងម៉ាត់ និង ឡើងជាតិអាស៊ីតជាដើម។​ អ្នកស្រីថ្លែងថា៖ «គ្រួសារខ្ញុំនៅទន់ជ្រាវដើរ បានតិចៗ នៅក្នុងបន្ទប់អ្នកទោស មិនមែនដេកស្រួលទេ។ បន្ទប់អ្នកទោសដេក ដល់២០នាក់ ហើយអ្នកខ្លះរមាស់ពេញខ្លួន ហើយគាត់ទើបវះកាត់ថ្នេរកាលពីម្សិលមិញ ស្រាប់តែព្រឹកឡើងគេយកគាត់ទៅពន្ធនាគារវិញ។ មិនដឹងគេគិតយ៉ាងម៉េចទេ ខ្ញុំមិនដឹងទេ! ប៉ុន្តែក្នុងចិត្តគ្រួសាររបស់គាត់ហ្នឹងគឺកើតទុក្ខណាស់។​»

មន្ត្រីការពារសិទ្ធមនុស្សនៃសមាគម អាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ​ លោក ស៊ំ​ ចាន់គា បានសម្ដែងការព្រួយបារម្ភថា មុខរបួសលោក ចៅ វាសនា មិនទាន់ជាសះ ពេលចូលពន្ធនាគារអាចឆ្លងមេរោគផ្សេងៗ។ លោក អំពាវនាវឲ្យតុលាការអនុញ្ញាតឲ្យលោក ចៅ វាសនា ទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារមួយរយៈទៀត។​ ​លោកថ្លែងថា៖ «អ្វីដែសំខាន់​​ តុលាការហ្នឹង គួតែឲ្យ​ លោកចៅ វាសនា នៅក្រៅឃុំដើម្បីបានព្យាបាល បើសិនជានៅក្នុងឃុំវាឃើញថា​​ រោគទាក់ទងនឹងពោះវៀនដុះខ្នែង​មានស្នាម មានអីចឹង ក្រែងត្រូវមិនមានអនាម័យនឹងអាចមានមេរោគកាន់តែខ្លាំង​​ អីញ្ចឹងយើងមានការព្រួយបារម្ភដែរ»

ជុំវិញបញ្ហានេះ វីអូឌី​ មិនទាន់បានសុំការពន្យល់ពីមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យនៅឡើយ។​

លោក ចៅ វាសនា ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៦ខែកុម្ភះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភាឆ្នាំ​២០១៥ ក្នុងហេតុកម្មករអូសរទេះតវ៉ា ហើយប៉ះទង្គិចជាមួយសមត្ថកិច្ច។ រាយការណ៍បន្ថែមដោយ លោក ហូរ តុងហាន់ ([email protected])

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ