បទយកការណ៍៖ អ្នកភូមិនៅតំបន់អង្គរខកចិត្ដនឹងអាជ្ញាធរជាតិអប្សរា​ដែលរុះរើផ្ទះពួកគេ​ក្រោយបោះឆ្នោត

«ពួកអប្សរានេះគេឃើញយើងលើកជើងសរសរដែរ តែគេអត់ហាមឃាត់យើងទេគេដើរទៅមកទៅមកគេអត់ហាមយើងទេដល់ពេលបោះឆ្នោតហើយគេមហាមយើងថា អត់ឲ្យយើងធ្វើបន្ដទៀតទេ។អស់ពាក្យនិយាយណាងបងគេរុះរើផ្ទះខ្ញុំអស់និយាយតទៅទៀត អស់ពីចិត្ដបន្ដនិយាយទៅថ្នាក់លើឲ្យគេដោះស្រាយមិនដឹងនិយាយថាយ៉ាងម៉េចចប់បាត់ហើយ ចប់ត្រឹមថ្ងៃហ្នឹង»។

នេះជាការរៀបរាប់ពីទុក្ខកង្វល់របស់អ្នកភូមិអង្គរ ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប បន្ទា​ប់​ពីលំនៅឋានពួកគេត្រូវបានអាជ្ញាធរជាតិអប្សរា​ ឲ្យរុះរើនិងវាយកំទេចចោល កាលពីល្ងាចថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧នេះ ។

ពលរដ្ឋទាំងនោះសម្ដែងការខកចិត្ដចំពោះអាជ្ញាធរមូលដ្ឋានដោយសារការសាងសង់ផ្ទះនោះ បានការអនុញ្ញាតិមុនពេលឃោសនារកសំឡេងឆ្នោ​ត​ក្រុមប្រឹក្សា ឃុំសង្កាត់អាណត្ដិទី៤នេះ ប៉ុន្ដែផ្ទុយទៅវិញ ការមិនហាមឃាត់នេះ គ្រាន់តែចង់បាន​សំឡេងឆ្នោតប៉ុណ្ណោះ។

ពលរដ្ឋនៅភូមិរហាល សង្កាត់នគរធំ អ្នកស្រី ស៊ុន សុគន្ធា បានរៀបរាប់ថា កាលពីថ្ងៃទី២០ខែមិថុនា ស្របពេលគណបក្សនយោបាយ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រមប្រឹក្សា ឃុំសង្កាត់ អ្នកភូមិបានចាប់ផ្ដើមសង់លំនៅឋានជាបន្ដបន្ទាប់នៅតំបន់ហាមឃាត់​ឧ​ទ្យាន​អង្គរ។  ហើយការសាងសង់នោះ អ្នកស្រីថា មានមន្ដ្រីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានមួយ​ចំនួនជួយសម្រួលនិងចេញលិខិតបញ្ជាក់ឲ្យសង់ផងដែរ។ ប៉ុន្ដែផ្ទុយទៅវិញអ្នកស្រីថា បន្ទាប់​ពីបោះឆ្នោតហើយ បែរជាអាជ្ញាធរឲ្យផ្ដិតមេដៃរុះរើផ្ទះអ្នកស្រីទៅវិញ។

អ្នកស្រីបន្ដថា «មា​ន​អាជ្ញាធរហ្នឹងហើយដែលជាអ្នកឲ្យយើងធ្វើនោះ រួចហើយចឹងអប្សរាទារឲ្យរុះរើវិញអាជ្ញាធរ​មា​ន​ចេញមុខជួយយើងណាអត់វិញ។អប្សរាក៍ចឹងឃើញយើងលើកជើងសរសេរ ឃើញយើងធ្វើមានហាមឃាត់ណាហើយគួរណាអាជ្ញាធរដាក់មេក្រូស្រែកទៅថា ឥឡូវបងប្អូនប្រជាពលរដ្ឋទាំង​អស់គ្នាកុំជ្រួលច្របល់នឹងធ្វើផ្ទះធ្វើសំបែងនៅមុនពេលបោះឆ្នោតនេះបើសិននៅតែធ្វើគេរុះរើអីគេអាហ្នឹងបងប្អូនទទួលខុសត្រូវខ្លួនឯងចុះព្រោះខ្ញុំជាអាជ្ញាធរដែនដីខ្ញុំប្រាប់អស់ហើយ»។

អ្នកស្រីសុគន្ធា បន្ដទាំងទឹកមុខក្ដុកក្ដួលថា អ្នកស្រី បានចំណាយលុយជាងពីរម៉ឺនដុល្លា សង់ផ្ទះទំហំ១២ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើថ្មក្រោម ប៉ុន្ដែត្រូវបានអាជ្ញាធរជាតិអប្សរា បង្ខំឲ្យរុះរើវិញដោយចោទថា សង់ឡើងគ្មានច្បាប់ទម្លាប់ពីស្ថាប័ន គ្រប់គ្រងតំបន់ ឧទ្យានអង្គរ។ អ្នកស្រីសម្ដែងការខកចិត្ដចំពោះអាជ្ញាធរមូលដ្ឋាន ដោយថា នៅពេលពួកគាត់សាងសង់ ហេតុអីមិនហាមឃាត់ពួកគាត់។

អ្នកស្រីបន្ដថា «បើគេហាមឃាត់ខ្ញុំមិនធ្វើទេ ព្រោះធ្វើអីគេហាមឃាត់ហើយគេគង់តែវាយចោលយើងយកលុយបំផ្លាញធ្វើអីតែគេអត់ហាមទេ គេមានតែធ្វើទៅបងធ្វើឲ្យលឿនៗទៅគេធ្វើដូចហែកឋិនទៅហើយនៅតែគិតអីទៀតហ្នឹងប្រធានភូមិ»។

មិនខុសពីអ្នកស្រីសុគន្ធាប៉ុន្មាននោះទេ អ្នកភូមិវ័យ៣៩ឆ្នាំ លោក ស៊ុន វុទ្ធី បានឲ្យដឹងដែរថា លោកបានច្បាប់ពីភូមិសង្កាត់ ឲ្យសង់ផ្ទះទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ ដោយអស់ទឹកប្រាក់ជិត១ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងសង់រួចរាល់មុនពេលបោះឆ្នោតមួយថ្ងៃ ប៉ុន្ដែលោកថា ផ្ទះរបស់លោកត្រូវបានអាជ្ញាធរជាតិអប្សរាដាក់កំហិតឲ្យរុះរើរយៈពេលបីថ្ងៃ ខណៈដែលលោកខ្ចីលុយមីក្រូហិរញ្ញវត្ថុ ដើម្បីសង់ផ្ទះនោះ។ លោកបន្ដថា គ្រួសារលោកមានសមាជិក៨នាក់ ប្រឈមអត់ជម្រក ជំពាក់បំណុលគេផងដែរ។ ប៉ុន្ដែទោះយ៉ាងនេះក្ដីលោកថា លោកមិនព្រមរុះរើតាមការបញ្ជាពីអាជ្ញាធរជាតិអប្សរានោះទេ។

លោកបន្ដថា «កាលពីដំបូងដាក់សរសរអីគេអស់តិចទេ ខ្ញុំមិនសូវខឹងទេឥឡូវអស់រលីងហើយគាត់មករើទៀតមានអីទៀត។តាមស្ដាប់មើលអត់មានសំណងសងអីទេ គេនិយាយថាសំណង់យើងខុសច្បាប់តែខ្ញុំឆ្ងល់សំណង់ខុសច្បាប់ពីមុនមិនប្រាប់ខ្ញុំឥឡូវលុងខ្លួនមកវ៉ៃរបស់ខ្ញុំ»។

អង្គុយនៅលើគ្រែក្នុងផ្ទះប្រក់សង្កសី​ អមដោយទឹកភ្នែករលីងរលោងផងនោះអ្នកស្រី អ៊ឹង សារ៉ាយ ឲ្យដឹងថា អ្នកស្រីក៍ដូចអ្នកភូមិជាច្រើនទៀតមិនចង់សង់ផ្ទះនៅលើតំបន់ហាមឃាត់ ទេ ប៉ុន្ដែដោយសារមេភូមិជម្រុញឲ្យធ្វើទើបពលរដ្ឋជ្រួលច្របល់និងនាំគ្នាធ្វើបន្ដគ្នា។ អ្នកស្រីរំលឹកថា កាលពីបោះឆ្នោតឆ្នំាំ២០១៣ កន្លងមកអ្នកភូមិបាននាំគ្នាសំរុកផ្ទះក្នុងតំបន់ហាម​ឃាត់ឧ្យានអង្គរដែរ ប៉ុន្ដែមិនមានបញ្ហាអ្វីកើតឡើង ទើបតែពេលបោះឆ្នោតក្រុមហ្រឹក្សាឃុំអាណត្ដិទី៤នេះ ។

ទាក់ទងករណីនេះ ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសា​សន៍​ថា អាជ្ញាធរមិនទាន់ដឹងពីចំនួនខ្នងផ្ទះ ដែលពលរដ្ឋសាងសង់នៅក្នុងតំបន់ហាមឃាត់នៅឡើយទេ ប៉ុន្ដែ​កើតមានចំនួន៥២១ករណី ដែលក្នុងមានទាំងការចាក់ដី ធ្វើរោងទុកចោលជាដើម។ លោកថា ការរុះរើលំនៅឋាននោះគឺអនុវត្ដទៅតាមច្បាប់​។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀម​រាបលោក សួស​ ណារិន មានប្រសាសន៍ថា ពលរដ្ឋសង់លំនៅឋានបាននៅតំបន់ហាមឃាត់នៃឧទ្យានជាតិអង្គរនោះ ដោយសារមានអាជ្ញាធរមូលដ្ឋានផ្ដល់សិទ្ធឲ្យពួកគាត់ ដែលលោកថា អាជ្ញាធរជាតិអប្សរានោះ​ គួររកដំណោះស្រាយដល់ពលរដ្ឋឲ្យបានសមរម្យជៀសវាងជម្លោះកើ​ត​​​ឡើង។លោកបន្ដថា ការរុះរើផ្ទះពួកគាត់ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅនិងជំពាក់បំណុលគេ​​កាត់តែច្រើន។

នៅក្នុងសន្នីសីទទេសចរណ៍អន្ដរជាតិជាមួយអង្គការ UNESCO និង UNWTO នៅខេត្ដសៀមរាប ​កាលពីថ្ងៃទី១៥​​ខែមិថុនាកន្លងមកនេះ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិ​ល្បៈលោកស្រី ភឿង សកុណា ប្រាប់អ្នកសារព័ត៌​មានថា អា​ជ្ញាធរមិនចង់ធ្វើការអភិរក្ស និងអភិវឌ្ឍឲ្យពលរដ្ឋលំបាកនោះទេ ប៉ុន្ដែពលរដ្ឋដែល​​សាងសង់លំ​នៅ​ឋាននៅតំបន់បេតិកភណ្ឌ ត្រូវតែមា​​ន​ច្បាប់អនុញ្ញាត ដើម្បីកុំឲ្យប៉ះពាល់ដល់តំបន់ទេស​ចរណ៍​បេតិកភណ្ឌពិភពលោក។ លោកស្រីបន្ដថា តំបន់បេតិកភណ្ឌមិនមែនតែអង្គរវត្ដនោះទេ ត្រូវការចាប់បាច់នូវបរិស្ថានស្អាតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ