នូវែលសេឡង់ ថ្លែង​ទៅ​កាន់​ ​UN ថា​ការ​បោះ​ឆ្នោតនៅ​កម្ពុជា​នាពេល​ខាង​មុខគ្មាន​យុត្តិ​ធម៌​

សម័យប្រជុំលើកទី 38 នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស (រូបភាព៖ www.apc.org)

ប្រទេស​នូវែល​សេឡង់ បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហ​ប្រជា​ជាតិដោយ​បារម្ភ​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា និងមិន​រំពឹង​ថា​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នោះ​មាន​​យុត្តិធម៌​នោះ​ទេ បើ​គ្មាន​បក្សប្រឆាំង​ដែលត្រូវ​បាន​រំ​លាយ​នោះ​។

ថ្លែង​ទៅ​កាន់​កិច្ចប្រជុំក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស​អង្គការ​សិទ្ធ​មនុស្ស​អង្គការសហប្រជា​ជាតិលើក​ទី៣៨កាល​ពី​ម្សិល​មិញ​ តំណាង​បេសកម្មរបស់​ប្រទេស​នូវែលសេឡង់​​លោក ចារ៉ូត ខ្លាយ បាន​ថ្លែង​ថា ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កម្ពុជា​វា​បាន​បំផ្លាញ​ដល់​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ជា​ច្រើន​លាន​នាក់ ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​បើ​ទោះ​បី​ជា​មាន​គណបក្ស​ជា​ច្រើន​ចូលរួម​ក៏​ដោយ​ក៏​មិន​អាច​បង្ហាញ​ពីភាព​សេរី ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​បាន​នោះ​ទេ​។

Mr. Jarrod Clyne (Photo: Twitter IDA)
ពួក​យើង​ជំរុញឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ចាប់​អារម្មណ៍​ទៅកាន់​ស្ថាន​ភាព ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ។ ពួកយើង​សូម​លើក​ទឹក​ចិត្ត​ដល់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ក្នុង​ការ​តាម​ដាន ស្ថានភាព ទាំង​មុន ក្នុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត ​និង​រាយការណ៍មក​កាន់​ក្រុម​ប្រឹក្សាក្នុង​ពេល​ប្រជុំ​ខាងមុខ។ យើង​នឹង​រង់​ចាំ​ការ​ពិចារណា​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ប្រសិន​ជា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​

តំណាង​បេសកម្មរបស់​ប្រទេស​នូវែលសេឡង់​​លោក ចារ៉ូត ខ្លាយ

ប្រទេស​នេះ​ក៏​បាន​ជម្រុញ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​​ ក្នុង​ការធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិអាច​បង្កើតឡើង​វិញ ​ដោះ​លែង​លោក​ កឹម សុខា និងអ្នក​ទោស​នយោបាយ​ទាំង​អស់ អនុញ្ញាតឲ្យអ្នក​ដែល​ត្រូវ​បានដក​សិទ្ធិ​ទាំង​១១៨នាក់​បាន​ចូល​រួម​នយោ​បាយ​​វិញ។

នៅថ្ងៃ​ជា​មួយ​គ្នា​នោះ​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំអង្កការ​សហប្រជា​ជាតិ​លោក ណៃ សំអុល បាន​ឆ្លើយ​តប​ទៅ​វិញ​ថាប្រទេស​នូវែលសេឡង់​ និង​បណ្តាប្រទេស​ដែល​គាំទ្រទៅ​លើ​សេចក្តីថ្លែង​ការ​ណ៍​នេះ ​កំពុងព្យាយាម​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ និង​កំពុងប្រើ​ប្រាស់​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​ដើម្បី​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា។

ពួកគេ​ធ្វើ​ការ​សន្មត់ជា​មុន​ប្រកប​ដោយភាព​លំ​អៀងចំពោះ​ការ​បោះឆ្នោត​នេះ ហើយ​បាន​វាយតម្លៃ​ដោយ​ខុសឆ្គង ចំពោះ​ការ​ចូល​រួមដ៏​ពិត​ប្រាកដរបស់​គណបក្ស​នយោបាយចូល​រួម​ប្រកួ​ត​ប្រជែងនានា​ដោយ​ថ្លែង​ថា​ភាគ​ច្រើននៃ​គណបក្ស​ទាំង​នោះ​ គឺ​ជា​គណបក្សតូចតាច និង​ទើប​បង្កើត​ថ្មី ហើយ​ប្រសិន​បើ​គណបក្ស​ដែល​គេ​ពេញ​ចិត្ត​មិន​បាន​ចូល​រួមនោះ ការ​បោះឆ្នោត នឹង​មិន​មាន​លក្ខណៈ​សេរី​ យុត្តិ​ធម៌ និង​អាចទទួល​យក​បាន​នោះ​ទេ​

​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំអង្កការ​សហប្រជា​ជាតិ​លោក ណៃ សំអុល

លោក​បាន​បញ្ជាក់​ចំពោះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថាកម្ពុជា​បាន​អនុវត្តន៍​ច្បាប់​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ និង​ពុំ​មាន​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​នោះ​ទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី​៥ មិថុនា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិន ប៊ុកហុក បានព្យាយាមពន្យល់ពីសារៈសំខាន់នៃការបោះឆ្នោតអាណត្តិនេះ និងអំពាវនាវទៅពលរដ្ឋ ឲ្យចេញទៅបោះឆ្នោត ដោ​យ​ ថា ការបោះឆ្នោតខាងមុខនេះ បានអនុវត្តតាមច្បាប់ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយថា គណបក្សនយោបាយ ត្រូវតែ​ទទួល​ស្គាល់លទ្ធផលបោះឆ្នោត។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ ពលរដ្ឋកម្ពុជា មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងដែលពួកគេពេញចិត្ត ឬគណ​បក្ស​នយោ​បាយ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ សាកសមធ្វើជាតំណាងរបស់ពួកគេ។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ថា នេះអាចជាការបង្ខិត​បង្ខំ​ពលរដ្ឋ​ឲ្យចេញ​ទៅបោះ​ឆ្នោត ប្រសិនបើគណបក្សមួយ ដែលពួកទុកចិត្ត មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកបន្ដថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតបែបនេះ នឹងជួបបញ្ហាជាច្រើន ដូចជា ប្រតិកម្មរិះគន់ពីសហគមន៍​អន្ដរ​ជាតិ និងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាដើម។

លោក​ថា៖ « មិនអាចយកជម្រើសដែលគាត់អត់មាន ហើយប្រាប់ថា ជាសេរីភាពរបស់អ្នកឯង បើអត់​មាន​របស់​គាត់​ពេញ​ចិ​ត្ត​ផង ហើយបង្ខំឲ្យគាត់ទៅរើសយ៉ាងម៉េច អាហ្នឹងចូលករណីបង្ខិតបង្ខំគាត់ហើយ [..] ក្នុងកម្រិតបែបណាក៏ដោយ វាជា​សិទ្ធិរ​បស់​ប្រជា​ពលរដ្ឋ ទោះបីលោកសម្រេចចិត្តថា ទៅ ឬមិនទៅ វាជាសិទ្ធិសម្រេចរបស់លោក ទៅតាមអ្វីដែលលោកពេញចិត្ត អ្វីដែលលោកចង់បាន » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណបក្សនយោបាយ ចំនួន ២០ នឹងចូលរួមប្រកួតប្រជែង​ការបោះ​ឆ្នោត​នៅថ្ងៃទី២៩​ខែកក្កដា​ខាងមុខ​នេះ​។ ប៉ុន្ដែសហភាពអឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក បានព្រមានដាក់ទណ្ឌកម្ម និងមិនទទួលស្គាល់លទ្ធផល​បោះឆ្នោត​ខាងមុខ​ឡើយ​ ប្រសិនបើគ្មាន​ការដោះលែង​លោក​ កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំង​បានចូលរួមការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ