ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញចេញពីវត្តបន្ទាប់ពីចូលរួមបុណ្យសពបណ្ឌិត កែម ឡី

ព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបងអះអាងថាព្រះអង្គរងការគំរាមចាប់ផ្សឹកនិងចាប់ដាក់គុកដោយចោទពីបទល្មើសជាច្រើនករណី បន្ទាប់ពីព្រះអង្គបានចូលរួមទេសនាបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១៣ ខែកក្កដា។

ព្រះតេជគុណ ឃឹម សំអឿន ដែលត្រូវបានដឹងថាជាព្រះសង្ឃសកម្មក្នុងការរិះគន់រដ្ឋាភិបាល គង់នៅវត្តភ្នំខ្ពស់ ស្រុកបាណន់ ខេត្តបាត់ដំបង មានសង្ឃដីកាប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ពេលនេះព្រះអង្គកំពុងភៀសព្រះកាយពីការតាមចាប់ដោយអាជ្ញាធរ។

ព្រះអង្គថាកាលពីយប់ម៉ិញនេះអភិបាលស្រុកបាណន់បានប្រកាសនៅក្នុងវេទិកាសាធារណៈនៅវត្តគិរីជុំ ក្នុងឃុំតាក្រៀម ថានឹងចាត់វិធានការចាប់ព្រះអង្គផ្សឹក ហើយបញ្ជូនទៅតុលាការដោយថាព្រះអង្គលួចដុតសាលាឆាន់ មានស្រីក្មេង លួចលុយវត្ត កាយប្រឡាយបំផ្លាញសម្បត្តិសាធារណៈ ដេញកាប់លោក លួចអង្ករយកទៅលក់ គាស់កុដិយកលុយគេអស់៣ម៉ឺនបាត។ ប៉ុន្តែព្រះអង្គបដិសេធការចោទទាំងនោះ ហើយអះអាងថាសុទ្ធតែជាការរៀបចំឡើង ក្នុងគោលបំណងកម្ចាត់ព្រះអង្គ។

ព្រះអង្គមានសង្ឃដីកាថា៖ចាប់តាំងពីថ្ងៃនិមន្តត្រលប់ពីបុណ្យលោកបណ្ឌិត កែម ឡី នេះវិញ ចាប់ផ្តើមមានបញ្ហាកក្រើកឡើងខ្លាំង រហូតមានការគំរាមកំហែង ការបកស្បង់បកចីពរ ការចាប់បញ្ជូនទៅតុលាការដើម្បីផ្សឹកអីជាដើមនោះ គឺគេប្រកាសពីចៅហ្វាយស្រុកផ្ទាល់

ព្រះតេជគុណ ឃឹម សំអឿន លើកឡើងថាបើព្រះអង្គបានប្រព្រឹត្តខុសមែន គួរតែឲ្យស្ថាប័នសង្ឃជាអ្នកដោះស្រាយ មិនមែនអាជ្ញាធរឬខាងអាណាចក្រប្រកាសចាប់បកស្បង់ចីពរព្រះសង្ឃបែបនេះ។

ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកបាណន់លោក ជុំ ញ៉ បដិសេធចំណុចមួយចំនួនដែលព្រះសង្ឃ ឃឹម សំអឿន បានមានសង្ឃដីកា ប៉ុន្តែលោកថាព្រះសង្ឃ ឃឹម សំអឿន បានធ្វើរឿងជាច្រើនដែលបង្កនូវផលប៉ះពាល់ដល់សម្បត្តិសាធារណៈដូចជាកាយប្រលាយដែលអាចនាំឲ្យផ្អៀងសាលារៀន  ការបញ្ជាឲ្យគេទៅគាស់ឃ្លាំងកុដិ និងថ្មីៗនេះព្រះអង្គបានបញ្ជាឲ្យគេដឹកឥវ៉ាន់ដែលជាសម្បត្តិវត្តដែលលោកថានេះជារឿងព្រហ្មទណ្ឌ។

លោកអភិបាលស្រុកមានប្រសាសន៍ថា៖ “វាអត់ពាក់ព័ន្ធនឹងរឿងនយោបាយរឿងអីទេ គ្រាន់តែថារឿងដែលប្រព្រឹត្តសុទ្ធតែប៉ះពាល់ទៅនឹងព្រហ្មទណ្ឌ រដ្ឋប្បវេណី ប្អូនគិតមើលកាយប្រឡាយ កាយអី អត់ទទួលខុសត្រូវ ចុះបើរលំអគារ អគារសិក្សាហ្នឹងសុទ្ធតែជាជំនួយរបស់គេទៀត”។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី មានសង្ឃដីកាប្រាប់វីអូឌីថា ការធ្វើទុក្ខបុកម្នេញព្រះអង្គ ឃឹម សំអឿន នេះកើតឡើងតាំងពី៣ឆ្នាំមុនម្ល៉េះ គឺចាប់តាំងពីព្រះអង្គនិមន្តចូលរួមទេសនានៅទីលានប្រជាធិបតេយ្យឲ្យគណបក្សសង្រ្គោះជាតិ។

ព្រះអង្គមានសង្ឃដីកាថា៖ “ដូចជាថ្ងៃទី១៣ លោកបានមកនិមន្តមកទេសនា បុណ្យសពលោកបណ្ឌិត កែម ឡី ហើយក៏និយាយធ្ងន់ៗប៉ះពាល់ជាមួយនឹងរដ្ឋាភិបាលសព្វថ្ងៃនេះ ហើយលោកទៅបានតែពីរបីថ្ងៃ ស្រាប់តែទទួលបានការគំរាមកំហែង រងការព្រមាន ការចាប់ផ្សឹក យកទៅញាត់គុកអញ្ចឹងទៅ ហើយក៏ព្រះអង្គបានភៀសព្រះកាយហើយឥលូវ។ ព្រះអង្គបន្ថែមថា ពេលនេះក្រុមការងារបណ្តាញព្រះសង្ឃកំពុងព្យាយាមស្វែងរកដំណោះស្រាយជួយដល់ព្រះអង្គ ឃឹម សំអឿន ហើយ។

មន្រ្តីអង្គការលីកាដូនិងមន្រ្តីសមាគមអាដហុកខេត្តបាត់ដំបងអះអាងថាពួកគេបានទទួលព័ត៌មានថាមានការបណ្តេញនិងចាប់ខ្លួនព្រះសង្ឃ ឃឹម សំអឿន មែនតែពួកគេនៅមិនទាន់អាចសន្និដ្ឋានថាមកពីមូលហេតុអ្វីនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ