អ្នករាយកាណ៍គ្មានព្រំដែនព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា

អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter without border) បានបង្ហាញការព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយថាមានការគំរាមកំហែងលើអ្នកសារព័ត៌មាន ក្រោយពីពួកគេបានផ្សាយរបាយការណ៍គ្លូបលវីតណេសនិងការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី ។

ក្នុងសេចក្តីថ្លែងការណ៏នៅថ្ងៃទី១៨ ខែកក្កដា អង្គការអ្នករាយការណ៍គ្មានព្រំដែនបានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយនិងបញ្ឈប់ការរំលោភលើសេរីភាពសារព័ត៌មាន។

អង្គការនេះបានសរសេរថា ឃាតកម្មលោកបណ្ឌិត កែម ឡី កើតមានមួយថ្ងៃក្រោយពេលដែលលោកនិយាយនៅក្នុងវិទ្យុអាស៊ីសេរីអំពីរបាយការណ៍គ្លូបលវីតណេសដែលបង្ហាញអំពីការក្តោបក្តាប់ភាគហ៊ុនក្នុងក្រុមហ៊ុនធំៗរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។

អង្គការដដែលនេះបញ្ជាក់ទៀតថានៅថ្ងៃឃាតកម្មលើលោក កែម ឡី ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ព្រមានសហគមន៍ជាតិនិងអន្តរជាតិកុំឲ្យផ្សព្វផ្សាយព័ត៌មានដែលថាមិនច្បាស់នាំឲ្យសាធារណជនយល់ច្រលំ។

អង្គការអ្នករាយការណ៍គ្មានព្រំដែនក៏បានកត់សំគាល់ទៀតថា កូនៗរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន ម៉ាណែត បានចេញមុខអះអាងថារបាយការណ៍គ្លូបលវីតណេសគ្មានមូលដ្ឋានពិតប្រាកដ ហើយបានចោទទៅលើសារព័ត៌មានធំៗពីរគឺខេមបូឌាដេលលីនិងភ្នំពេញប៉ុស្តិ៍ថាផ្សាយព័ត៌មានគ្មានការពិតនិងបានចូលរួមសហការបំផ្លាញកិត្តិយសគ្រួសារត្រកូលហ៊ុនយ៉ាងធ្ងន់ធ្ងរ។

អ្នកគ្រប់គ្រងអង្គការអ្នករាយការណ៍គ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Benjamin Ismail មានប្រសាសន៍នៅសេចក្តីថ្លែងការណ៏នោះថា៖ “ពួកយើងគួរតែបានមានក្តីសង្ឃឹមលើការសន្មត់ឆ្លើយតបទៅនឹងសាច់រឿងនៃការចោទប្រកាន់ ប៉ុន្តែពួកយើងបែរជាបានឃើញអំពីការឆ្លើយតបមិនសមស្រប ហើយនិងការគំរាមកំហែងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។ ពួកយើងបានក្រើនរំលឹករដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហើយពួកយើងប្រឆាំងនឹងតុលាការដែលគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយ។ ការបិទមាត់សារព័ត៌មានធ្វើឲ្យរឿងកាន់តែអាក្រក់សម្រាប់គាត់ទៅវិញទេ”។

អង្គការនេះបន្តថាមានសំបុត្រអាណាមិកគំរាមកំហែងមួយច្បាប់បានផ្ញើទៅកាន់សារព័ត៌មានទាំងពីរនោះ ហើយក៏ត្រូវបានចេញផ្សាយនៅក្នុងគេហទំព័រ Fresh news ដែលជាសារព័ត៌មានគាំទ្ររដ្ឋាភិបាល ក្រោមចំណងជើង “ចរិកបំផ្លាញខ្មែរឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដោយសារជនបរទេស” ដោយមានត្លុកណាស៊ីដែលមានឈ្មោះអង្គការគ្លូបលវីតណេសនិងសារព័ត៌មានទាំងពីរនៅលើនោះផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គីមសេង ច្រានចោលនូវសេចក្តីថ្លែងការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនដែលថាសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងត្រូវការគំរាមកំហែង ដោយលោកថាអង្គការទាំងនោះមានទម្លាប់តែងតែវាយតម្លៃអវិជ្ជមានទៅលើស្ថានការណ៍ទាក់ទងទៅនឹងសារព័ត៌មាន។ លោកថាព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងទៅ មិនមិនមែនជាគំរាមកំហែងអ្នកសារព័ត៌មានទេ បើអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ។ លោកថា៖ យើងគិតថា បើយើងងាកទៅមើលពីក្រោយ បានន័យថាងាកទៅមើលអតីតកាលរបស់កម្ពុជា មកដល់ថ្ងៃនេះយើងគិតថា យើងកំពុងតែ គេហៅថាសិទ្ធិសេរីភាពហ្នឹងកំពុងតែមានភាពល្អប្រសើរហើយ បើយើងប្រៀបធៀបទៅអតីតកាលនោះ បើទោះមិនបានល្អឥតខ្ចោះក៏ដោយ

បើតាមអង្គការអ្នករាយការណ៍គ្មានព្រំដែននេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លើយតបហាក់មានភាពលម្អៀងនឹងសំណួររបស់អ្នកកាសែតអំពីសំបុត្រអាណាមិកនោះ។ អ្នករាយការណ៍គ្មានព្រំដែននេះបានស្រង់សម្តី លោក ផៃ ស៊ីផាន ដែលនិយាយលាយឡំនឹងសំណើចថា៖ “ខ្ញុំមិនចង់ឲ្យអ្នកនាំសារ(សារព័ត៌មាន)ត្រូវគេសម្លាប់ទេ, សម្លាញ់”។

គួរបញ្ជាក់ថាចំណាត់ថ្នាក់សេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ២០១៦បង្ហាញថាប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១២៨ ក្នុងចំណោម១៨០ប្រទេស ដែលមានន័យថាមិនទាន់ល្អនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ