សមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាលតាមហ្វេសប៊ុក

ជនសង្ស័យដែលប្រកាសផ្តួលរំលំរដ្ឋាភិបាលតាមហ្វេសប៊ុក (រូបភាពពីបណ្តាញសង្គម)

យោងតាមគេហទំព័របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៩ខែកក្កដានេះបានសរសេរថា សមត្ថកិច្ចកំពុងធ្វើការស្វែងរកចាប់ខ្លួនជនសង្ស័យនិងបក្ខពួកដែលបានប្រកាសអំពីការប្រើប្រាស់កម្លាំងក្នុងការផ្តួលរំលំរដ្ឋាភិបាលនៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)។

គេហទំព័របស់អគ្គស្នងការនគរបាលជាតិបានសរសេរបញ្ជាក់ថាបុរសម្នាក់បានថ្លែងជារូបភាពវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកជាសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នេះដោយចោទប្រកាន់រដ្ឋាភិបាលនូវពាក្យសម្តីធ្ងន់ៗនិងប្រទេសវៀតណាមផងដែរថាបានរំលោភបំពានសិទ្ធិពលរដ្ឋ ផ្តាច់ការ និងធ្វើឲ្យប្រទេសជាតិជួបប្រទះការលំបាក។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍តាមសម្រង់សម្តីដើម ដែលបានចុះផ្សាយនៅលើគេហំព័រអគ្គស្នងការនគរបាលជាតិថា ក្រោយពេលដែលមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងថា វ៉េប៉េ៩ (VP9) នៅអង្គភាពភូមិភាគនីរតី បានអំពាវនាវដល់មហាជននិងកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ដោយបានអំពាវនាវដល់មហាជន ក្រសួងមន្ទីនានា និងកងកម្លាំងទាំងអស់ត្រៀមខ្លួនប្រឆាំងនឹងរដ្ឋាភិបាលដើម្បីរំដោះជាតិ

លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍បន្តថា “ការប្រកាសនោះ គឺមានលក្ខណៈញុះញ៉ុងនិងមានចរិតជាលក្ខណៈកុប្បកម្ម បះបោដោយហិង្សាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់” ដោយលោកបានអំពាវនាវដល់មហាជនទូទៅសូមកុំឲ្យជឿនិងចូលរួមតាមការអំពាវនាវនេះ ដែលវាជាសកម្មភាពខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

លោក គៀត ច័ន្ទថារិទ្ធ ក៏បានអំពាវនាវដល់អ្នកប្រើប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ដោយលោកថារាល់ការចែកចាយបន្តសេចក្តីប្រកាសព័ត៌មានផ្តួលរំលំរដ្ឋាភិបាល គឺមានន័យស្មើនឹងចូលរួមគាំទ្រសកម្មភាពនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ