អ្នកវិភាគ​ថាការ​លើកលែង​ពន្ធ​លើ​រថយន្ត​ ន.ប ធ្វើឲ្យ​រដ្ឋបាត់ចំណូល

ក្រុមអ្នកវិភាគនិយាយថាការសម្រេចលើកលែងពន្ធនាំចូលទៅលើរថយន្តដែលពាក់ស្លាកនគរបាលរាប់រយគ្រឿងនោះ ធ្វើឲ្យខាតបង់ចំណូលជាតិនិងផ្តល់ប្រយោជន៍តែទៅលើអ្នកមានអំណាច។

កាលពីថ្ងៃទី១៣ កញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេចលើកលែងពន្ធលើរថយន្តពាក់ស្លាកលេខ ន.ប ដែលមានស្រាប់ ចំនួន៤៧០គ្រឿង ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ យល់ថាការសម្រេចនេះបានធ្វើឲ្យខាតបង់ថវិកាជាតិ ខណៈដែលលោកមើលឃើញថារថយន្តដែលពាក់ស្លាកលេខ ន.ប ភាគច្រើនជារថយន្តទំនើបដែលត្រូវបង់ពន្ធមិនតិចជាង១៥០%នៃថ្លៃរថយន្តនោះទេ។ លោកយល់ថានេះបង្ហាញពីការមិនស្មើភាពគ្នានៃការអនុវត្តច្បាប់ ដោយប្រជាជនសាមញ្ញត្រូវបង់ពន្ធពេញថ្លៃនៅពេលទិញរថយន្ត តែក្រុមអ្នកមានអំណាចមួយចំនួនបែររួចពន្ធទៅវិញ។ លោកមានប្រសាសន៍ថា៖ “រដ្ឋខាតច្រើន ហើយខ្ញុំឃើញថ្មីនេះរដ្ឋយើងហាក់បីដូចជាទៅរកខ្ចីលុយចិនទៀតហើយ យើងអត់ព្រមរឹតបន្តឹងពន្ធគយ ពន្ធអីហ្នឹង ហើយបែរជាមាការលើកលែងច្រើន ទន្ទឹមនឹងនោះនៅពេលដែលមានបញ្ហាច្រើនទាក់ទងទៅនឹងការវិនិយោគផ្នែកកសិកម្ម ដែលហៅថាការប្រើប្រាស់ថវិកាជាតិសម្រាប់ផ្តល់ទៅវិស័យកសិកម្មនោះ ឃើញថាមានពាក្យចចាមអារ៉ាមឬក៏លហេចលហៀងថារកខ្ចីលុយចិនទៀត ធនធានខាងក្នុងរបស់យើងចេះតែបន្ថូរបន្ថយខ្ជះខ្ជាយទៅនាំឲ្យយើងខាតប្រយោជន៍ហ្នឹងហើយ យើងនៅតែល្បីខាងពិនប្រសព្ធក្នុងការចាំតែខ្ចីលុយពីបរទេសហ្នឹងទៀត”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថាការសម្រេចលើកលែងពន្ធឲ្យមន្រ្តីដែលប្រើរថយន្តពាក់ស្លាកលេខ ន.ប នេះគឺមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ជាតិច្រើនទេ ដែលលោកថារថយន្តទាំងនេះភាគច្រើនលោកសង្កេតឃើញថាបានប្រើប្រាស់សម្រាប់ប្រយោជន៍ឯកជនច្រើនជាងប្រយោជន៍សាធារណៈ។ លោកយល់ថាការសម្រេចចិត្តនេះគឺលឿនពេកនិងជាការពង្រឹងទំនាក់ទំនងរវាងមន្ត្រីរដ្ឋាភិបាលដែលជាអ្នកមានលុយ ដើម្បីជាកម្លាំងក្នុងការគាំទ្រគ្នាទៅវិញទៅមករវាងកម្លាំងប្រដាប់អាវុធនិងរាជរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ ទីមួយគឺបង្កើតភាពអយុត្តិធម៌មួយរវាងអ្នកដែលបានបង់រួចជាមួយអ្នកមិនទាន់បង់ នេះជារឿងមួយដែលពិបាក ហើយទីពីរទៀតគឺរដ្ឋាភិបាលត្រូវតែបង្ខំចិត្តបន្ថែមពន្ធនៅកន្លែងដទៃទៀត ដូចជាការបង្កើនពន្ធឡានដូចដែលបានលើកឧទាហណ៍មិញអញ្ចឹង ឬទៅរឹតបន្តឹងក្នុងផ្នែកផ្សេងៗទៀតដើម្បីឲ្យបានពន្ធមកឲ្យគ្រប់ ដើម្បីប៉ះបូវអ្វីដែលបានបាត់ហ្នឹង។ ហើយធ្វើនេះវាចំពេលដែលកសិករខ្មែរត្រូវការជំនួយកសិកម្មជួជ្រោនូវផលស្រូវដែលកំពុងធ្លាក់តម្លៃទៀត អញ្ចឹងវាអត់ត្រូវពេលដែលត្រូវធ្វើបែបហ្នឹងហើយការកាត់ហ្នឹង ជាមតិរបស់ខ្ញុំដូចជាមិនសមស្របសោះក្នុងកាលៈទេសៈបែបនេះ”។

បើតាមលោក មាស នី កន្លងទៅមានការចាប់រថយន្តដែលមិនទាន់បង់ពន្ធអាករជូនរដ្ឋនេះម្តងរួចមកហើយ តែលោកថាការអនុវត្តមានប្រសិទ្ធិភាពតែទៅលើប្រពលរដ្ឋសាមញ្ញ ខណៈដែលក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិបានចេញប្រតិកម្មនិងស្នើឲ្យមានការផ្អាកបណ្តោះអាសន្នចំពោះការអនុវត្តទៅលើមន្ត្រីនៃស្ថាប័នខ្លួន។

សម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការលើកលែងពន្ធលើរថយន្តពាក់ស្លាកលេខ ន.ប នេះលោកថាមិនមានផលប៉ះពាល់សេដ្ឋកិច្ចរបស់ជាតិទេ តែលោកថាអ្វីដែលមិនត្រឹមត្រូវនោះប្រសិនជារថយន្តនោះជារបស់ឯកជនហើយបានរួចពន្ធនោះ លោកថាវាធ្វើឲ្យមានភាពអយុត្តិធម៌ដល់ប្រជាជនទូទៅដែលពុំមានឋានៈបុណ្យស័ក្កិដែលត្រូវបង់ពន្ធពេញនៅពេលទិញរថយន្ត ។

លោកមានប្រសាសន៍ថា៖ រថយន្តរដ្ឋស្លាកលេខ . មានន័យថាជារថយន្តរបស់រដ្ឋ ធ្វើការងារដើម្បីបម្រើរដ្ឋព្រោះរថយន្តនេះតែដល់ម៉ោងឈប់បំពេញការងារឡានគេមិនឲ្យបម្រើការទៅណាទេ។ ប៉ុន្តែនៅស្រុកយើងខ្ញុំឃើញថា គ្រប់ទីកន្លែងសម្បីតែចូលភោជនីយដ្ឋាន ចូលកន្លែងកំសាន្ត ក្លឹបកំសាន្តអីហ្នឹង ខ្ញុំក៏ឃើញមានរថយន្តប្រភេទនេះដែរ។ ហើយនៅពេលធ្វើចរាចរណ៍ក៏ឃើញមានមួយចំនួនតូចដែលថ្វើចរាចរណ៍ដោយមិនគោរពច្បាប់ទៅទៀត”។

លោកបន្ថែមថា៖ អញ្ចឹងវាគ្រាន់តែបង្ហាញពីភាពមួយមិនស្នើគ្នានៃផ្នែករវាងប្រជាពលរដ្ឋនឹថ្នាក់ដឹកនាំ រវាងអ្នកមានអំណាចនឹងអត់អំណាច អញ្ចឹងបើមានក្នុងរូបភាពបែបនេះ គេមើលមកថាមិមានការគោរពច្បាប់ទេ អញ្ចឹងមិនអាចមាននីតិរដ្ឋបានទេ បើគ្រាន់តែច្បាប់នៃការប្រើប្រាស់រថយន្ត យើងគោរពអត់បាន”។

គួរបញ្ជាក់ផងដែរថា ក្រោយពីក្រសួងសេដ្ឋកិច្ចបានផ្ញើលិខិតមួយជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឲ្យម្ចាស់រថយន្តដែលបានពាក់ស្លាកលេខនគរបាលទៅបង់ពន្ធនោះ លោក ស ខេង បានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៨ កញ្ញា ដោយស្នើឲ្យមានការលើកលែងពន្ធចំពោះរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០គ្រឿង។ លោកហ៊ុន សែន ក៏យល់ព្រមតាមសំណើនេះនៅថ្ងៃទី១៣ ខែកញ្ញា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ