បទ​យក​ការណ៍៖ បញ្ហា​ផ្លូវ​ចិត្តកើតច្រើន​​នៅវ័យក្មេង​ តែ​​មាន​ឥទ្ធិពលពេលឈាន​ដល់​វ័យ​​ចាស់

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខ្ញុំបានទៅចូលរួមទិវាសុខភាពផ្លូវចិត្តយុវជនលើកទី៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានមនុស្សចូលរួមរាប់រយនាក់ដែលភាគច្រើនសុទ្ធតែជាសិស្សនិស្សិតពីសាកលវិទ្យាល័យនានា ក្នុងនោះក៏មានស្តង់ពិគ្រោះពីបញ្ហាផ្លូវចិត្តមកពីអង្គការជាច្រើនដែលធ្វើការទាក់ទង់បញ្ហាផ្លូវចិត្តនេះមិនតិចជាង១០ស្តង់ទេដែលបានចូលរួម។

លោក កៅ សុវណ្ណតារា ដែលជាសាស្ត្រាចារ្យចិត្តវិទ្យានិងជាអ្នកសម្របសម្រួលកម្មវិធីនេះបានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីលើកកំពស់ការយល់ដឹងសុខភាពផ្លូវចិត្តដល់យុវជនកម្ពុជាតាមរយៈការបង្រៀនពីបញ្ហាផ្លូវចិត្តដល់យុវវ័យ។

លោកបន្តថា៖ «គោលបំណងនៃការបង្កើតកម្មវិធីនេះឡើយក្នុងគោលបំណងផ្សព្វផ្សាយលើកកំពស់ការយល់ដឹងសុខភាពផ្លូវចិត្តដល់យុវជនកម្ពុជា អ្វីដែលសំខាន់នោះគឺពួកយើងចង់ឲ្យគាត់ដឹងថាស្អីគេសុខភាពផ្លូវចិត្ត? ហើយគាត់អាចកត់សំគាល់ផ្លូវចិត្តគាត់ដោយរបៀបណា? ហើយគាត់អាចរកសេវាដោះស្រាយបញ្ហាដោយរបៀបណា នៅកន្លែងណា?»។

លោកក៏បានឲ្យដឹងដែរថា មនុស្សគ្រប់គ្នាគឺមានបញ្ហាទាំងនេះគ្រប់ៗគ្នា ខុសគ្នាត្រង់ថាពួកគេអាចគ្រប់គ្រងចិត្តរបស់ខ្លួនដោយរបៀបម៉េចនិងការដោះស្រាយតែប៉ុណ្ណោះ។ លោកថាយុវវ័យបច្ចុប្បន្នកំពុងប្រឈមនឹងជំងឺនេះខ្ពស់ ដោយសារបរិយាកាសខាងក្រៅ សម្ពោធសិក្សាឬក៏ការងារ ក្នុងនោះក៏មានបញ្ហាស្នេហាផងដែរ។ ស្ត្រេសឬក៏តានតឹងចិត្តក៏ជាសញ្ញានៃបញ្ហាផ្លូវចិត្តផងដែរ ដែលទាមទារឲ្យយើងចេះរំសាយចិត្តខ្លះ កុំឲ្យជំងឺនេះចូលកាន់តែធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ «បញ្ហាដែលយុវវ័យអាចដឹងដោយសាមញ្ញៗដោយខ្លួនឯង យើងហៅថាការតានតឹងចិត្ត ដែលយើងហៅថាស្ត្រេសនោះណា ធម្មតាស្ត្រេសនរណាក៏មានដែរនៅពេលដែលប្រឈមនឹងបញ្ហាស្អីមួយដែលប្រឈមមុខពិបាក ខុសប្លែកពីធម្មតារបស់យើងធ្វើឲ្យយើងស្ត្រេស តែពេលយើងដឹងបាន យើងអាចធ្វើវិធីសាមញ្ញៗដោយខ្លួនឯងបាន។ ដូចជាលំហាត់ចិត្តកាយ ការធ្វើពនេចរអារម្មណ៍ដែលធ្វើឲ្យអារម្មណ៍យើងធូរស្បើយនោះណា។ តែប្រសិនបើយុវវ័យអត់បានដោះស្រាយអត់បានកត់សម្គាល់ថាគាត់មានបញ្ហាទេ ទុកយូរទៅគាត់នឹងវិវត្តន៍ទៅនឹងជងឺផ្លូវចិត្ត ដូចជាជំងឺថប់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្តជាដើម កាលណាដែលគាត់ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរអាចធ្លាក់ទៅដល់ចិត្តវិកលរ៉ាំរ៉ៃ វាអាចឈានទៅដល់សម្លាប់ខ្លួន»។

ដើរចុះពីវេទិកាដែលរៀបចំឲ្យអ្នកចង់ធ្វើសម្មាធិនិងរៀនពីវិធីដកដង្ហើមជាមួយមិត្តភ័ក្របួនប្រាំនាក់ បន្ទាប់ពីបានចូលរួមធ្វើសម្មាធិនេះ កញ្ញា ស៊ិន ស៊ីដាណេ បានឲ្យដឹងថាកញ្ញាមានការអារម្មណ៍ថាស្ងប់ស្ងាត់និងជ្រះថ្លាផ្លូវចិត្តបានមួយចំនួនបន្ទាប់ពីបានធ្វើការសម្មាធិនេះ។ ឆ្លើយនឹងសំណួរខ្ញុំ កញ្ញាហាក់បីដូចជាដឹងច្រើនពីបញ្ហាផ្លូវចិត្តនេះ តែទោះជាយ៉ាងណាកញ្ញាថា កញ្ញាក៏ធ្លាប់មានបញ្ហាផ្លូវចិត្តដែរ។

កញ្ញានិយាយថា៖ «ខ្ញុំធ្លាប់ពេលគិតច្រើនបញ្ហាផ្លូវចិត្តដូចបាក់ទឹកចិត្តដែរ។ ខ្ញុំចូលចិត្តស្តាប់ចម្រៀងឬក៏ខ្ញុំចេញក្រៅជាមួយមិត្តភ័ក្រ ខ្ញុំនិយាយរឿងក្នុងចិត្តខ្ញុំប្រាប់ពួកគាត់អញ្ចឹងទៅ។ ពិភាក្សាគ្នាឲ្យគេចេញជាយោបល់សួរគេអញ្ចឹងទៅដើម្បីបង្ហាញពីអារម្មណ៍ឲ្យគេជួយដោះស្រាយដែរ»។

យុវតីរូបនេះបានចង់ឲ្យយុវជនគ្រប់រូបហ្វឹកហាត់ពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍និងផ្លូវចិត្តនេះ ក៏ព្រោះតែកញ្ញាយល់ថាយុវវ័យជាវ័យដែលកើតមានបញ្ហាជីវិតច្រើន ទាំងគ្រួសារ ការសិក្សា និងការងារ ដែលប៉ះពាល់ច្រើនដល់ចិត្តគំនិតរបស់ពួកគេ បើសិនជាមិនរកវិធីក្នុងការបន្ធូរបញ្ហាផ្លូវចិត្តទាំងនេះ។

ងាកទៅកាន់មិត្តភ័ក្ររបស់ ដាណេ ដែលឈរក្បែរគ្នា យុវតីសម្បុរសសណ្តែកបាយ កញ្ញា សារី គឹមលីន ជានិស្សិតឆ្នាំទី៣ ផ្នែកឆ្មប់ បានឲ្យដឹងប្រហាក់ប្រហែលគ្នានឹងមិត្តភ័ក្ររបស់គេដែរថា កញ្ញាធ្លាប់គិតច្រើន ដេកមិនលក់ និងធ្លាប់ដេកមមើរទៀតផង។

កញ្ញាបន្តថា៖ «ខ្ញុំធ្លាប់ឆ្លងកាត់ដែរ ដូចថាពេលយើងគិតច្រើន ពេលជិតប្រលងឬក៏មានគ្រួសារអីបន្តិចបន្តួចអញ្ចឹងទៅ គិតច្រើនឈឺក្បាល ពេលខ្លះពេលយប់អីអញ្ចឹង ម៉ោង១អីអញ្ចឹងទម្រាំតែដេកលក់ អញ្ចឹងគិតច្រើនហើយបើសិនពេលខ្លះដេកទៅស្រមើលស្រមៃ ដេកមមើល មិត្តភ័ក្រខ្ញុំធ្លាប់ប្រាប់ទៀតអាហ្នឹងសុទ្ធតែជារោគសញ្ញាផ្លូវចិត្តហើយ។ … បើសិនជាបញ្ហាទាំងអស់ហ្នឹងខ្ញុំអត់អាចគិតម្នាក់ឯងបានពិគ្រោះជាមួយមិត្តភ័ក្រ ខ្ញុំឆ្លៀតពេលបន្តិចបន្ទួចពេលល្ងាចអីអញ្ចឹងដើរលេងលំហែកាយនៅខាងក្រៅ ទៅជាមួយអ្នកណាម្នាក់ ហាត់ប្រាណតាមយូហ្គា ឬលេងវាយសីជាមួយមិត្តភ័ក្រជាដើម»។

អង្គុយក្បែរមិត្តភ័ក្រ២ទៅ៣នាក់ ភ្នែកកំពុងមើលទៅទូរសព្ទដែលកាន់ជាប់នឹងដៃ យុវជន រ៉ា យិន បានដាក់ទូរសព្ធទៅក្នុងកាតាបរបស់ខ្លូនភ្លាមពេលដែលខ្ញុំចាប់ផ្តើមសួរទៅគាត់។ យុវសិស្សឆ្នាំទី២ ផ្នែកគណិតវិទ្យារូបនេះបានឲ្យដឹងថា ហេតុដែលគាត់និងមិត្តភ័ក្រចូលរួមកម្មវិធីនេះ ព្រោះពួកគេចង់ដឹងពីបញ្ហាផ្លូវចិត្តនិងពីវិធីបន្ធូរនូវបញ្ហាទាំងនេះ។ យុវជនរូបនេះបន្ថែមថា រូបគេផ្ទាល់គឺធ្លាប់មានបញ្ហាផ្លូវចិត្តមួយចំនួនផងដែរ ដែលវិធីដោះស្រាយរបស់គាត់គឺងូតទឹកឲ្យត្រជាក់ខ្លួននិងចេញក្រៅដើរលេងបន្ធូរអារម្មណ៍តក់ប្រមល់ទាំងនេះ។

យុវជនរូបនោះបន្តថា៖ «ដំបូងខ្ញុំគិតថាការសិក្សាផ្លូវចិត្តហ្នឹងអាចផ្តល់ការយល់ដឹងពីបញ្ហាហ្នឹងបានច្រើន ពេលខ្លះខ្ញុំតានតឹងចិត្តអញ្ចឹងទៅចង់ស្តាប់ពីយោបល់ពីគាត់ឲ្យបានច្រើន។ … ធ្លាប់មាន! បញ្ហាធំគឺការសិក្សាហ្នឹងតែម្តង ដែលពេលខ្លះស្ត្រេសខ្លាំងដល់ឈឺក្បាលលេបថ្នាំក៏អត់បានដែរ។ (ដល់ពេលស្ត្រេសខ្លាំងអញ្ចឹងប្អូនធ្វើមិចឲ្យវាបាត់វិញ?) មុជទឹកហើយចេញដើរលេង»។

អង្គុយតែឯង រាងដូចស្រងូតស្រងាត់ ភ្នែកសម្លឹងទៅសៀវភៅដែលកម្មវិធីថ្ងៃនេះបានចែកជូន យុវជន ឈឺន ពៅ បានបើកចុះឡើងនូវសៀវភៅដែលអមដោយរូបភាពនេះបានប្រាប់ខ្ញុំថាសៀវភៅដែលគាត់អាននេះគឺបានអប់រំពីបញ្ហាស្នេហានិងផ្លូវចិត្តរបស់យុវវ័យ។ យុវជនរូបនេះថា លោកធ្លាប់ឆ្លងកាត់ភាពតប់ប្រមល់ គេងមិនលក់ដោយសារគិតច្រើន ឆាប់ខឹង តែគាត់បានប្រាប់ពីវិធីក្នុងការរំសាយបញ្ហាចិត្តទាំងនេះ គឺហាក់បីដូចជាខុសពីគេបន្តិច។ ខុសពីប្លែកពីអ្នកដទៃដោយសារតែមនុស្សភាគច្រើនពេលមានបញ្ហាគិតច្រើនឬតប់ប្រមល់ គេតែងចេញទៅក្រៅលំហែ និយាយប្រាប់មិត្តភ័ក្រពីបញ្ហាដែលខ្លួនជួបប្រទះជាដើម តែសម្រាប់យុវជន ឈឺន ពៅ គឺគាត់រក្សាទុកបញ្ហាទាំងនោះក្នុងចិត្តទៅវិញ ហើយពិចារណារហូតដល់ភាពតានតឹងនោះរលត់បាត់ដោយខ្លួនឯងទៅវិញ ទើបបញ្ចេញវិញតាមក្រោយ។

យុវជនរូបនេះបន្ថែមទៀតថា៖ «ធ្លាប់ឆ្លងកាត់បង! ដោយសារតែពេលរៀនខ្លះហ្នឹងដោយសារតែការងារច្រើនពេកធ្វើឲ្យមានអារម្មណ៍ធុញថប់ ហើយក៏មិនដឹងថាគួរធ្វើស្អីមុនឲ្យល្អ។ អញ្ចឹងខ្ញុំត្រូវគិតមួយៗ មួយទៀតនៅពេលដែលខ្ញុំមានអារម្មណ៍ធុញថប់ ខ្ញុំអត់ចង់និយាយទៅអ្នកដទៃទេ ដោយសារតែពេលដែលខ្ញុំនិយាយទៅអាចថាជាកំហុសឬមួយជារឿងមួយអត់ល្អសម្រាប់គេអញ្ចឹងទៅណា។ ដល់ពេលអញ្ចឹងខ្ញុំអត់ហ៊ាននិយាយតែដល់ពេលដែលខ្ញុំមានអារម្មណ៍ថាល្អហើយខ្ញុំហ៊ាននិយាយអំពីបញ្ហាផ្លូវចិត្តរបស់ខ្ញុំផ្ទាល់»។

តែលោកថាក៏មានម្តងម្កាលលោកក៏រកវិធីដោះស្រាយអារម្មណ៍តប់ប្រមល់របស់ខ្លួននិយាយជាមួយមិត្តភ័ក្រនិងមើលរឿងកំប្លែងផងដែរ។

មិនថាអ្នកដែលមិនបានសិក្សាផ្នែកផ្លូវចិត្តទេដែលមានបញ្ហាផ្លូវចិត្តនេះ សូម្បីតែសិស្សសិក្សាផ្នែកចិត្តវិទ្យាក៏បានទទួលស្គាល់ថាខ្លួនមានបញ្ហាទាំងនេះផងដែរ។ និស្សិតឆ្នាំទី៤ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ស៊ិម សុនី ដែលទើបនឹងងើបចេញពីកៅអីដែលដាក់ឲ្យអ្នកចូលរួមអង្គុយនៅមុខវេទិកា បានឈប់មួយភ្លែតដើម្បីឲ្យខ្ញុំបានសាកសួរ។ កញ្ញាបានឲ្យដឹងថា ជំងឺផ្លូវចិត្តមានច្រើ់នប្រភេទ ទាំងធ្ងន់និងស្រាល ដែលសម្រាប់កញ្ញាទោះបីរៀនចំផ្នែកចិត្តវិទ្យានេះក៏ធ្លាប់ឆ្លងកាត់បញ្ហាផ្លូវចិត្តនេះដែរ តែកញ្ញាមានវិធីក្នុងការដោះស្រាយរបស់ខ្លួន។

កញ្ញារៀបរាប់ថា៖ «ជំងឺផ្លូវចិត្តកម្រិតស្រាលហ្នឹងមានន័យថាគាត់ក៏ផ្តាច់ទំនាក់ទំនងពីអ្នកដទៃដែរ។ របៀបណាអត់សប្បាយចិត្តក្រៀមក្រំ ដល់ពេលគាត់មានបញ្ហាមួយអីអញ្ចឹងទៅ គាត់ចាប់ផ្តើមពិបាកចិត្តតែហ្មង។ គាត់បាត់បង់សកម្មភាពដែលគាត់ធ្លាប់តែរីករាយអ្វីដែលគាត់មានពីមុនអញ្ចឹងគាត់លែងមានទៀត គាត់ផ្លាស់ប្តូរអារម្មណ៍របស់គាត់។ ខ្ញុំធ្លាប់ឆ្លងការរបៀបស្រាលៗដែរ ដូចថាយើងអត់សប្បាយចិត្តអីអញ្ចឹងទៅ ឧទាហរណ៍ការសិក្សាអញ្ចឹងទៅដែលរៀនបានពិន្ទុអត់សូវល្អយើងបាក់ទឹកចិត្តមួយ តែវាគ្រាន់តែជាលក្ខណៈស្រាលសម្រាប់យើងទេ តែដោយសារខ្ញុំរៀនចិត្តវិទ្យាខ្ញុំមានវិធីសាស្ត្រដោះស្រាយដោយខ្លួនឯង។ ដោះស្រាយដោយធ្វើអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តដូចជាស្តាប់ចម្រៀង ជជែកលេងជាមួយមិត្តភ័ក្រ ឬទៅរកលោកគ្រូអ្នកគ្រូណាដែលជួយយើងបាន»។

លោកវេជ្ជបណ្ឌិតផ្នែកផ្លូវចិត្ត យឹម សុបុត្រា បានឲ្យដឹងថាយុវភាពជាវ័យដែលមានភាពប្រឈមបញ្ហាផ្លូវចិត្តខ្លាំងជាងវ័យណាទាំងអស់។ ភាពប្រឈមខ្ពស់នេះកើតមកពី យុវភាពគឺជាវ័យដែលបានប្រលូកច្រើនក្នុងសង្គម ហើយមានបញ្ហាជាច្រើនដែលត្រូវប្រឈមនិងដោះស្រាយច្រើន។

លោកបន្តថា៖ «អញ្ចឹងគេសួរថា ចុះមនុស្សចាស់ម៉េចក៏កើតបញ្ហាផ្លូវចិត្តដែរ? អ្នកខ្លះកើតផ្លូវចិត្តនៅរ៉ាំរ៉ៃដប់ម្ភៃឆ្នាំ ពីយុវភាពរហូតដល់មនុស្សចាស់ ដោយសារមិនយល់ពីសុខភាពផ្លូវចិត្តហ្នឹង អញ្ចឹងយើងមើលឃើញថាគាត់កើតមនុស្សចាស់តែមិនមែនទេ គាត់កើតតាំងពីយុវភាពឯនោះ ព្រោះអ្នកខ្លះដប់ម្ភៃឆ្នាំ តែក៏មានមនុស្សចាស់មួយចំនួនគាត់មានសម្ពាធនៅក្នុងសង្គមវាធ្ងន់ធ្ងរ ពេលសម្ពោធសង្គមដែលគាត់រស់នៅ៥ឆ្នាំ១០ឆ្នាំមុន គាត់អត់មានបញ្ហានៃជីវិតរស់នៅរបស់គាត់ តែដល់ពេលណាមួយវ័យណាមួយធំធ្ងន់ គាត់អាចកើតជំងឺផ្លូវចិត្តនៅវ័យចាស់ដែរ»។

លោកថាការតានតឹងចិត្តនិងថប់អារម្មណ៍ជាសញ្ញាណដំបូងនៃបញ្ហាផ្លូវចិត្តដែលទាមទារអ្នកដែលមានបញ្ហានេះត្រូវដឹងពីអ្វីដែលនាំឲ្យគាត់មានបញ្ហាទាំងនេះ ហើយដោះស្រាយដោយគ្រប់គ្រងការតានតឹងទាំងនោះ ប្រសិនជាអាចត្រូវគេចពីបញ្ហាឬដោះស្រាយឬកែប្រែបញ្ហាពីធំមកតូចឬទទួលយកបញ្ហាទាំងនោះ។ ការសំរាកកាយចិត្តសម្មាធិ ការហាត់ប្រាណ ឬស្តាប់ការពន្យល់ពីអ្នកសាសនាក៏អាចជួយឲ្យអ្នកមានអារម្មណ៍ថប់អារម្មណ៍ទាំងនោះមានភាពធូរស្រាលផងដែរ ធ្វើយ៉ាងណាកុំឲ្យការតានតឹងផ្លូវចិត្តទាំងនោះកាន់តែធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ