លោក សម រង្ស៊ី ប្រកាសថាវិលចូលប្រទេសកម្ពុជាវិញឆាប់ៗ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានប្រកាសថាលោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ។

ការប្រកាសរបស់លោក សម រង្ស៊ី បានធ្វើក្រោយពីលោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ បានសម្តែងបំណងចង់ឲ្យលោក សម រង្ស៊ី វិលមករួមសុខរួមទុក្ខជាមួយគ្នានៅប្រទេសកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅក្នុងស្នាក់បក្ស៥ខែមកនេះ។

នៅក្នុងវីដេអូមួយផ្សាយកាលពីម្សិលមិញ លោក សម រង្ស៊ី បានប្រកាសថា៖ «ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម។ ភ្លាមហ្នឹង គ្រាន់តែថាមានពេលរៀបចំខ្លួនទិញសំបុត្រកាប៉ាល់ហោះធ្វើដំណើរមួយថ្ងៃពីរថ្ងៃ។ តែសុំតែមួយ ខ្ញុំមក យកខ្ញុំទៅធ្វើអីក៏ធ្វើទៅ។ ចង់ចាប់ដាក់គុកក៏បាន ចង់សម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែង អ្នកស្នេហាជាតិ»។

លោក សម រង្ស៊ី ក៏បានទទួចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនគណបក្សសង្រ្គោះជាតិ មន្រ្តីសិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀតដែលលោកចាត់ទុកថាជាអ្នកទោសមនសិកានោះសិន ទើបលោកវិលចូលកម្ពុជាវិញភ្លាម។ លោកបន្ថែមថា៖ «ខ្ញុំ សម រង្ស៊ី អត់ខ្លាចអីទេ ខ្ញុំហ៊ានបូជាជីវិតសម្រាប់ប្រទេសជាតិ»។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ថាទាល់តែមានការដោះលែងមនុស្សជិត៣០នាក់ដែលកំពុងជាប់ឃុំនោះសិន ទើបលោកវិលចូលកម្ពុជាមកជាប់គុកជំនួសពួកគេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា សាររបស់លោក សម រង្ស៊ី ហាក់គ្មានទម្ងន់ដល់គណបក្សប្រជាជនកម្ពុជាក្នុងការពិចារណាដោះលែងអ្នកដែលកំពុងជាប់ឃុំទេ តែផ្ទុយទៅវិញ លោកថាសារនោះ នឹងធ្វើបក្សកំពុងគ្រប់គ្រងអំណាចកាត់តែប្រុងប្រយ័ត្នទៅវិញ ទេដោយលោកវិភាគថា គណបក្សប្រជាជនកំពុងរុញស្ថានការណ៍នេះទៅជារឿងអនុវត្តច្បាប់។

ប៉ុន្តែលោកថា បើមានការដោះដូរអ្នកជាប់ឃុំដូចការលើកឡើងរបស់លោក សម រង្ស៊ី លោកថាសហគមន៍អន្តរជាតិនឹងមើលឃើញកាន់តែច្បាប់ថា ការចាប់ខ្លួនអ្នកទាំងនោះពិតជារឿងនយោបាយមែន ដូចនេះលោកថាគណបក្សប្រជាជនកម្ពុជាទំនងមិនលេងស្នៀតនេះទេ។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា អ្វីដែលបក្សឆាំងចំណេញគឺនៅពេលដែលលោក សម រង្ស៊ី ហ៊ានវិលមកកម្ពុជាឲ្យអាជ្ញាធរចាប់ខ្លួន ខណៈការបោះឆ្នោតជិតមកដល់ដូចពេលនេះ។ លោកថា៖ «បើសិនជាគាត់មក គេចាប់ បានន័យថា មានការចាប់អារម្មណ៍ពីមតិអន្តរជាតិនិងប្រជាពលរដ្ឋកាន់តែកើនឡើង។ អញ្ចឹងក្នុងករណីហ្នឹងគាត់មក គេត្រូវតែចាប់ហើយ ការកើនឡើងយ៉ាងម៉េច [សម្ពាធអន្តរជាតិ] គេដោះស្រាយទៀត រឿងគណបក្សប្រជាជនគេមិនចង់ឲ្យមានអ្នកដើរឃោសនា អ្នកដើរបន្តុះបង្អាប់ទៅលើការដឹកនាំ របស់គណបក្សកាន់អំណាចទេ។ ដូច្នេះហើយការមករបស់គាត់ [សម រង្ស៊ី] ហ្នឹងវាអាចទាញប្រជាប្រិយភាពរបស់ពួកគាត់និងការគាំទ្រពីមតិអន្តរជាតិ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឹលោក សូ ចន្ថា លើកឡើងថាការផ្ញើសាររបស់លោក សម រង្ស៊ី នៅពេលនេះ លោកវិភាគថាជាសារនយោបាយមួយ ជំរុញឲ្យគណបក្សកំពុងគ្រប់គ្រងអំណាចពិចារណា ពិការតវ៉ាទ្រុងទ្រាយធំមួយអាចនឹងផ្ទុះឡើង បើមានការចាប់ខ្លួនមេបក្សប្រឆាំងអំឡុងពេលវិលត្រឡប់នោះ។

ប៉ុន្តែនៅពេលសួរថាស្ថានការណ៍នយោបាយនៅកម្ពុជានឹងមានការប្រប្រែលទេនៅពេលដែលសារនយោបាយ របស់លោក សម រង្ស៊ី ដដែលបញ្ជាក់ថា លោកនឹងមិនវិលចូលកម្ពុជាទេ បើមានការចាប់ខ្លួនលោកបន្ថែមនោះ ដោយលោក សម រង្ស៊ី សំអាងថាពេលនោះគ្មាននរណាជួយនរណាបាននោះ។

ការណីនេះលោក សូ ចន្ថា វិភាគបែបនេះថា៖ «ខ្ញុំគិតថាពលរដ្ឋខ្មែរទូទៅចង់ឃើញមេដឹកនាំខ្មែរក្លាហាន មេដឹកនាំដែលនិយាយហើយគាត់ហ៊ានធ្វើ អញ្ចឹងបើលោកលើកឡើងហើយ លោកត្រឡប់មកវិញតាមអ្វីដែលលោកសន្យានោះ ខ្ញុំគិតថាអាហ្នឹងជាចំនុចមួយដែលបង្ហាញទៅអ្នកគាំទ្រ ពិសេសម្ចាស់ឆ្នោតហ្នឹងថាលោកក្លាហានប្រឈមទៅនឹងបញ្ហាក្នុងគោលដៅតែមួយ គឺធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គមរសនៅបានថ្លៃថ្នូរ ហើយពិសេសដើម្បីឲ្យមានការផ្លាស់ប្តូរដោយអវិជ្ជមាន»។

បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលសកម្មជនបក្សប្រឆាំងទាំងនោះថាជាវិធានការចាប់ច្បាប់ក៏ដោយ ប៉ុន្តែសហគមន៍ជាតិនិងអន្តរជាតិបានមើលឃើញថាចំណាត់ការនោះ ជារឿងនយោបាយ។

ពួកគេអំពាវនាវឲ្យដោះលែងនិងទម្លាក់បទចោទ ដោយថាដើម្បីលុបបំបាត់កុំឲ្យមានរូបភាពគំរាមកំហែងផ្នែកនយោបាយដល់មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកលើកស្ទួយសិទ្ធិមនុស្សនិងសិទ្ធិធ្វើនយោយ របស់បក្សប្រឆាំង ធានាដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ៕

រាយការណ៍ បន្ថែម ដោយ ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ