មន្ទីរពេទ្យព្រះកុសុមៈនឹងផ្តល់ការព្យាបាលជំងឺថ្លើមប្រភេទCដោយឥតគិតថ្លៃ

ក្រសួងសុខាភិបាល បានសហការគ្នាជាមួយអង្គការគ្រូពេទ្យគ្មានព្រំដែនផ្តល់ការព្យាបាលជំងឺថ្លើមប្រភេទ សេ ( C) ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយមិនគិតថ្លៃ។

ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនេះបានធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសុមៈ ឬហៅពេទ្យលោកសង្ឃ។ គម្រោងនៃការព្យាបាលជំងឺថ្លើមប្រភេទសេ (C) មានរយៈពេល ៣ឆ្នាំ គឺចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ដល់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយមានការឧបត្ថមពីអង្គការគ្រូពេទ្យគ្មានព្រំដែន និងក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់កញ្ញា ហង្ស ស៊ីណា គ្រូពេទ្យស្ម័គ្រចិត្តទទួលបន្ទុកផ្នែកពិគ្រោះជំងឺបានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះ។

កញ្ញាបានបន្ថែមថា បើគិតចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៦មកក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាលឱ្យពលរដ្ឋដែលមានជំងឺថ្លើមប្រភេទសេ បានជាង ១០០នាក់ហើយរហូតមកដល់ពេលនេះ។ កញ្ញាថា បើតាមការគ្រោងទុករបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន នឹងគ្រោងពិគ្រោះយោបល់ និងបូមឈាមពីអ្នកជំងឺឱ្យបាន ៧០នាក់ក្នុងមួយថ្ងៃ។

គ្រូពេទ្យដដែលនេះបានបញ្ជាក់ថា ការព្យាបាលជំងឺថ្លើមប្រភេទ សេ គឺមានរយៈពេលពី ៣ខែ ទៅ ៦ខែទើបអាចជាសះស្បើយ។ បច្ចុប្បន្ននេះក្រុមគ្រូពេទ្យព្យាបាលជំងឺថ្លើមប្រភេទសេ មានចំនួន ២៥ នាក់ចាំជួយពិគ្រោះយោបល់ និងព្យាបាលជំងឺនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ