សារជំរុញ​ពលរដ្ឋ​ឲ្យទៅបោះ​ឆ្នោតរបស់​លោក សម រង្ស៊ី វែងជាង​សារលោក ​ហ៊ុន សែន​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំគណបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ខណៈកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានផុសលើហ្វេសបុកស្ទើររាល់ថ្ងៃដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត។

ទោះយ៉ាងណានៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនសូវមានសារច្រើនទេ គ្រាន់តែបញ្ចាក់ថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់។ នេះជាសារលោកហ៊ុន សែន កាលពីម្សិលមិញ៖ «សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។»

ចំណែកថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន សរសេរសារមួយទៀតជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតជាសារខ្លីដែរ តែសរសេរជាភាសារអង់គ្លេស។

ចំណែកលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស សរសេរសារជាបន្តបន្ទាប់តាំងពីដើមខែវិច្ឆិកាមក គឺមានទាំងសារសរសេរជាអក្សរ និង ជាវិឌីក្លីប។ លោក បានរៀបរាប់ពីផលប្រយោជន៍ការចុះឈ្មោះ និង ការបោះឆ្នោតដូចជា ការ ធ្វើឲ្យជីវភាពធូរធា មានការងារធ្វើ ការពារបូរណភាពទឹកដី បំបាត់អំពើពុរលួយ និង ពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមជាដើម៖ «សេចក្តីអំពាវនាវ ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត។ សូមជួយចែករំលែក (Share) រូបថតនេះ ឲ្យបានទូលំទូលាយគ្រប់ទិសទី។ តាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គិតមកដល់ថ្ងៃនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនត្រឹមតែ ៧,៣ លាននាក់ នៅសល់ប្រមាណជិត ២,៤ លាននាក់ទៀត ដែលមិនទាន់បានចុះឈ្មោះ។ សូមអ្នកដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរំលឹក និងជួយណែនាំអ្នកនៅជុំវិញខ្លួន ដែលមិនទាន់បានចុះឈ្មោះនៅឡើយ ឲ្យទៅចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា»

កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតមានរយៈពេល៩០ថ្ងៃគឺចាប់ពីថ្ងៃទី១ខែកញ្ញ រហូតដល់ថ្ងៃទី២៩ខែវិច្ឆិកា។ រហូតដល់ថ្ងៃទី២០ខែវិច្ឆិការនេះ នៅសល់ប្រជាពលរដ្ឋជាង២លាននាក់ទៀត ដែលគ្រប់អាយុតែមិនបានទៅចុះឈ្មោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ