ខេត្តពោធិ៍សាត់ៈ នៅអាណត្តិទី២នេះ ក្រុងពោធិ៍សាត់ មានក្រុមប្រឹក្សា១៥រូប។ ១៤រូបមកពីគណបក្សប្រជាជនកម្ពុជា និងមួយរូបមកពីគណបក្សសង្គ្រោះជាតិ។ យោងតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មិនបានកំណត់ពីកម្រិតវប្បធម៌ សម្រាប់បេក្ខភាពឈរឈ្មោះជាក្រុមប្រឹក្សាទេ។ មាត្រា២១ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានសញ្ជាតិខ្មែរតាំងពីកំណើត មានអាយុយ៉ាងតិត២៥ឆ្នាំគិតមកដល់ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត។
ក្រុមប្រឹក្សាមួយចំនួន ដែលបានផ្តល់បទសម្ពាសន៍ និយាយថា ពួកគាត់មិនត្រូវបានអនុញ្ញាត្តិឲ្យពិនិត្យលំអិតលើការចាយវាយថវិកា លើគម្រោងអភិវឌ្ឍ ក្រុង ឬគម្រោងចាយវាយផ្សេងៗទេ។ ចំណែកខ្លះទៀតថា ពួកគាត់ថា គ្មានជំនាញ អាចពិនិត្យរកការពិត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលគណៈអភិបាល ដាក់ជូនក្នុងកិច្ចប្រជុំនោះទៀតផង។
សមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ប្រមានជា២០ភាគរយ មិនអាចចុះមូលដ្ឋានបាន ដោយសារពួកគាត់ មានអាយុលើស៧០ឆ្នាំ និងមានជម្ងឺប្រចាំកាយជាដើម។
មាត្រា ៣៤, ៣៥, ៣៦ និង៤៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចែងថា៖ «ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណា ដែលខ្លួនយល់ថា មានសារសំខាន់ដល់ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផល នៃការធ្វើអង្កេតនោះរួចហើយ ត្រូវផ្តល់គោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាល។ ក្នុងផ្នែកមួយទៀតនៃច្បាប់ដដែលនេះ ចែងដែរថា ក្រុមប្រឹក្សាត្រូវធ្វើយុទ្ធសាស្ត្រ អនុវត្តផែនការអភិវឌ្ឍដើម្បីធានាឲ្យមានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុឲ្យមានតម្លាភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ»។
បើតាមសាវតារបស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដែលមានបញ្ជាក់តាមរយៈប្រវត្តិរូបបង្ហាញថា មានសមាជិកក្រុមប្រឹក្សាក្រុងតែម្នាក់ប៉ុណ្ណោះ ដែលមានអាយុក្រោម៦០ឆ្នាំ។ សមាជិកក្រុមប្រឹក្សាក្រុង ១៤នាក់ផ្សេងទៀត មានអាយុចន្លោះពី៦០ឆ្នាំទៅ៧០ឆ្នាំ។ ដោយផ្អែកលើប្រវត្តិរូបសង្ខេប សមាជិកក្រុមប្រឹក្សាក្រុងពោធិសាត់រហូតដល់៥៣ភាគរយ ដែលមានចំណេះដឹងត្រឹមកម្រិតមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប។ ៣៣ភាគរយផ្សេងទៀត គឺបានបញ្ចប់ការសិក្សា ឬបានសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិ ឬថ្នាក់អនុវិទ្យាល័យតែប៉ុណ្ណោះ។
តួរលេខនេះ ក៏បង្ហាញដែរថា មានសមាជិកក្រុមប្រឹក្សាតែ ២នាក់ប៉ុណ្ណោះ ដែលស្នើនឹង១៣ភាគរយ ដែលមានចំណេះដឹងខ្ពស់ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់។ យោងកំណត់ហេតុនៃកិច្ចប្រជុំចំនួន៦ខែ ដើមឆ្នាំ២០១៧ សមាជិកទាំង១៤រូប នៃសមាជិកក្រុមប្រឹក្សាចំនួន១៥រូប ដែលបានចូលរួមប្រជុំក្រុមប្រឹក្សាប្រចាំខែនោះ គឺមានសាមាជិក តែ២ទៅ៣នាក់ ប៉ុណ្ណោះ បានឡើងមានយោបល់ នៅក្នុងកិច្ចប្រជុំម្តងៗ។
បើតាមកំណត់ហេតុ លោក ងិន មាន ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិ បានឡើងមានយោបល់ញឹកញាប់ជាងគេ។ លោក ស៊ឹម សុវណ្ណ និងលោកស្រី ចក់ នារី ដែលទាំងពីរនាក់ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គឺជាអ្នកដែលត្រូវបានកត់ត្រាថា ឡើងមានយោបល់ញឹកញាប់ផងដែរ។ ប៉ុន្តែ ពេលអនុម័តលើសេចក្តីស្នើសុំអ្វីមួយ កំណត់ហេតុបញ្ជាក់ថា សមាជិក បានលើកដៃអនុម័ត ដោយមានសំឡេង១៤លើ១៤ និងពេលខ្លះ ១៤លើ១៥។
លោក ចាប សោភ័ណ គឺជាសមាជិកក្រុមប្រឹក្សាមួយរូប។ ឈ្មោះរបស់គាត់ មិនមានកត់ត្រានៅក្នុងកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ថាបានឡើងមានយោបល់នៅពេលប្រជុំនោះទេ។ គាត់មានប្រសាសន៍ក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានVOD ថា កម្រិតយល់ដឹង របស់ក្រុមប្រឹក្សាត្រូវធ្វើកំណែទម្រង់ ទើបដល់គោលដៅដែលចង់បាន។ បើតាមលោក ចាប សោភ័ណ សមាជិកក្រុមប្រក្សាយ៉ាងតិច ២ឬ៣នាក់ មិនអាចមកធ្វើការបាន ដោយសារវ័យចំណាស់ និងមានជម្ងឺប្រចាំកាយ។
លោក ចាប សោភ័ណ៖ «បើសិនជាយើងពិនិត្យ មើលពីសមត្ថភាពធនធានមនុស្សរបស់យើង ធៀបទៅនិងការអនុវត្តច្បាប់ដែលមានចែងវិញ វាអត់ទាន់ទៅដល់ហ្នឹងទេ វាមិនទាន់សមស្របមួយរយភាគរយទេ បើនិយាយពីសមត្ថភាព វាទាមទារឲ្យមានវគ្គបណ្តុះបណ្តាលបន្តទៀត» ។
សមាជិកក្រុមប្រឹក្សាមួយរូបទៀត លោក តេង ឈុនអេង និយាយថា ពាក្យពេចន៍បច្ចេកទេស នៅក្នុងរបាយការណ៍ ធ្វើឲ្យគាត់មិនយល់ និងថា វាធ្វើឲ្យលោកពិបាកឡើងមានយោបល់នៅក្នុងពេលប្រជុំ។ លោក តេង ឈុនអេង និយាយទៀតថា គាត់មិនធ្លាប់បានសួរដេញដោលចំពោះរបាយការណ៍នានា របស់ក្រុងក្នុងកិច្ចប្រជុំនោះទេ។
សម្រាប់លោក តេង ឈុនអេង ទទួលស្គាល់ដែរថា ការខ្វះខាតនេះ គឺជាចំណុចខ្វះចន្លោះ ក្នុងការបំពេញតួនាទី ធានាគណនេយ្យភាពជូនប្រជាពលរដ្ឋ។
លោក តេង ឈុនអេង៖ «កត្តា ដែលជាបញ្ហាគឺទី១ ខ្ញុំយល់ថា តិចច្រើនយើងអត់មានជំនាញខាង [ហិរញ្ញវត្ថុ] ហ្នឹង។ គ្រាន់តែគេដាក់លេខទូកុងគេមក [លើរបាយការណ៍] យើងអត់យល់ផង ដល់អញ្ចឹងយើងទៅ សួរគេយ៉ាងម៉េច! យើងពិបាក ។ គេដាក់ឲ្យយើងមើល ដល់យើងអត់យល់ អញ្ចឹងអត់យល់ យើងហៅគេមកពន្យល់វិញ! ទាក់ទងនឹងសមត្ថភាព ព្រោះក្រុមប្រឹក្សាអត់មាននរណានៅផ្នែកហិរញ្ញវត្ថុទេ»។
លោក រ៉ែម សាមឿន គឺជាសមាជិកក្រុមប្រឹក្សាក្រុងតែម្នាក់គត់ មកពីគណបក្សសង្គ្រោះជាតិ។ គាត់ប្រាប់ថា គាត់មិនដែលបានសួរដេញដោលគណៈអភិបាលពីរបាយការហិរញ្ញវត្ថុរបស់ក្រុងទេ ហើយពេលខ្លះ លោកមិនលើកដៃអនុម័តទៅលើគម្រោងផែនការចំណាយរបស់ក្រុងដែរ ដោយលោកបញ្ជាក់ថា លោកមិនសូវយល់។
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API កាលពីឆ្នាំ២០១៥ បានបង្ហាញ របាយការណ៍ស្រាវជ្រាវ ផ្តោតលើ៤ខេត្ត រួមទាំងខេត្តពោធិ៍សាត់ផង បានវាយតម្លៃថា ក្រុមប្រឹក្សាតិចតួច បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ របាយការណ៍នេះ បង្ហាញថាក្នុងចំណោមក្រុមប្រឹក្សា១៣៥នាក់ មាន៣២.១ភាគរយ បានបញ្ចប់វិទ្យាល័យ។ ៣០.៥ ភាគរយ បានបញ្ចប់បរិញ្ញាបត្រ។ ២៤.៤ ភាគរយ បានបញ្ចប់ថ្នាក់អនុវិទ្យាល័យ និង បាក់ឌុប។ ៨.៤ ភាគរយ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង ០.៨ភាគរយ បញ្ចប់ថ្នាក់បណ្ឌិត ។
លោក សំរិទ្ធិ អេង គឺប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់។ ក្នុងកំណត់ហេតុប្រជុំប្រចាំខែ លោក សំរិទ្ធិ អេង បានរំឭកសមាជិកក្រុមប្រឹក្សាក្រុងឲ្យពង្រឹងប្រសិទ្ធិភាពការងារ តាមរយៈការចូលរួមវេទិការនៅតាមសង្កាត់ ជាមួយអង្គការជាដៃគូ ដោយថា ដើម្បីប្រមូលបញ្ហារបស់ពលរដ្ឋយកមកដោះស្រាយ។
ចំពោះ អ្នកសម្របសម្រួលគម្រោង របស់អង្គការអនាគតកុមារ ដែលអង្គការនេះ ធ្វើការផ្តោតលើអភិបាលកិច្ចល្អ លោក ឡុញ សុខខឿន និយាយថា តាមការចុះធ្វើវេទិការសាធារណ បាន៤៩ឃុំ ក្នុងខេត្តនេះ រួចមក លោកថា ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានចូលរួមសកម្មជាងស្រុកក្រគរ និងស្រុកភ្នំក្រវាញ។ ប៉ុន្តែលោកថា សមត្ថភាពរបស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ត្រូវការបង្កើនវគ្គបណ្តុះបណ្តាលបន្ថែម។
លោក ឡុញ សុខខឿន ថា៖ «សមាសភាពរបស់ក្រុមប្រឹក្សា គាត់មកពីអង្គភាព [គណបក្ស] ផ្សេងៗគ្នា ហើយគាត់អត់យល់ច្បាប់ថា អ្វីទៅតួនាទី របស់ក្រុមប្រឹក្សា ស្អីទៅការអភិវឌ្ឍបែបប្រជាធិបតេយ្យ! ហើយការអនុវត្តសិទ្ធិ និងតួនាទី របស់គាត់ គេអនុវត្តបែបម៉េច ! គាត់អត់យល់! ការកៀងគរ ប្រជាពលរដ្ឋ ដើម្បីឲ្យចូលរួមក្នុងសកម្មភាពការងារ របស់គាត់។ គាត់គួធ្វើបែបម៉េច? គួមានវិធីសាស្ត្រអ្វីខ្លះ? និយាយរួមទៅ គាត់ចង់បង្កើនសមត្ថិភាព ចំណេះដឹង របស់គាត់ហ្នឹង ក្នុងការអនុវត្តមុខងារ និងតួនាទីរបស់គាត់ហ្នឹង ប្រកបដោយប្រសិទ្ធភាព»។
របាយការណ៍របស់អង្គការអនាគតកុមារ វគ្គបណ្តុះបណ្តាលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៣ កត់ត្រាថា ក្រុមប្រឹក្សា១២នាក់ ស្មើនឹង៨០ភាគរយ បានចូលរួម ហើយ វគ្គបណ្តុះបណ្តាល នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥ ក្រុមប្រឹក្សា៧នាក់ ស្មើ៤៦ភាគរយ បានចូលរួម។
សមាជិកក្រុមប្រឹក្សាក្រុងច្រើនជាង១០នាក់ បានចូលរួមក្នុងវេទិការសាធារណៈ ពីរលើកដាច់ដោយឡែកពីគ្នា នៅក្នុងឆ្នាំ២០១៧នេះ។ សមាជិកក្រុមប្រឹក្សា១១រូប បានចូលរួមវេទិការសាធារណៈ ដែលរៀបចំដោយអង្គការអនាគតកុមារ កាលពីថ្ងៃទី២៨ ខែមិថុនានៅក្នុងក្រុងពោធិ៍សាត់។ សមាជិកក្រុមប្រឹក្សាចំនួន១០រូប បានចូលរួមក្នុងវេទិការដាច់ដោយឡែកមួយទៀតដែលរៀបចំឡើងដោយអង្គការនេះដដែលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
សមាជិកក្រុមប្រឹក្សា លោក ចាប សោភ័ណ និយាយថា ក្រុមប្រឹក្សា បានអនុវត្តផែនការ បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាតាំងពី អាណត្តិទី១ រហូតអាណត្តិទី២នេះ។ លោកថា ផែ្អកតាមការបង្កើនសមត្ថភាពនោះ មានទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថាជាមួយសង្គការជាដៃគូ មានវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអនាគតកុមារជាដើម។
របាយការណ៍សរសេរដោយដៃដែលសមាជិកក្រុមប្រឹក្សាប្រគល់ឲ្យ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាបានចូលរួមវគ្គណ្តុះបបណ្តាល បានចំនួន៦វគ្គ និងនៅថ្នាក់ជាតិ១វគ្គ នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧។
របាយការណ៍របស់ API ដដែលបង្ហាញថា ក្រុមប្រឹក្សា៧៩នាក់ ដែលបានឆ្លើយទៅនឹងសំនួរដែលសួរថា តើអ្នកធ្លាប់ចូលរួមវគ្កគបណ្តុះបណ្តាលស្តីពីសិទ្ធិទទួលបានព័ត៌មានឬក៏អត់ ?
របាយការណ៍បញ្ជាក់ថា ក្រុមប្រឹក្សាស្រុក៧៩នាក់ដែលបានឆ្លើយ មាន៥៨.៥ភាគរយ ថា បានចូលរួមវគ្គបណ្ដុះបណ្ដាល ខណៈ ៤១.៥ភាគរយ ឆ្លើយថា មិនបានចូលរួម។
មន្រ្តីកម្មវិធីអង្គការ API លោក ម៉ាន់ វ៉ាន់ផាន់និត ឲ្យដឹងថា តាមការចុះស្រាវជ្រាវ និងជួបសម្ភាសន៍ផ្ទាល់ លោកថា ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ មានការប្តេជ្ញាខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។ ប៉ុន្តែលោក ផាន់និត មានប្រសាសន៍ថា អ្វីដែលជាកត្តារារាំង មិនអាចឲ្យពួកគេបំពេញតួនាទីបានពេញលេញដូចមានចែងនៅក្នុងច្បាប់។ លោកថា ចំណេះដឹង ជាផ្នែកមួយរារាំងដល់ការធានាគណនេយ្យភាព។
លោក ផាន់និត៖ «ក្រុមប្រឹក្សា បានលើកដោយផ្ទាល់ នៅពេលដែលយើងធ្វើការវាយតម្លៃទៅលើសមត្ថភាពរបស់ពួកគាត់។ គាត់ បានលើកពីរចំនុចសំខាន់ៗ ទី១ ទោះជាអាជ្ញាធរ ឬក៏ក្រសួង បានបង្រៀន ឬក៏ផ្តល់ការជួយបណ្តុះបណ្តាលច្រើនទៅលើតួនាទី ប៉ុន្តែនៅតែមានបញ្ហាដដែល ទៅលើក្រុមប្រឹក្សាមួយចំនួន ដែលអត់យល់ពីតួនាទី និងសិទ្ធិអំណាចខ្លួនឯង។ កន្លែងនេះ ដែលយើងឃើញថា នៅតែអត់យល់ច្បាស់ទេ! ទី២ ជាចំនុចសំខាន់មួយទៀត គឺគាត់ចង់ឲ្យអង្គការសង្គមស៊ីវិល ក៏ដូចជារដ្ឋាភិបាល ជួយបណ្តុះបណ្តាលគាត់បន្ថែមទៀតថា តើគាត់ត្រូវត្រួតពិនិត្យថវិកាចាយវាយ របស់ក្រុងយ៉ាងម៉េច ដែលធានាថា វាមានប្រសិទ្ធិភាព វាជាក់លាក់ថា គ្មានអំពើពុករលួយ»។
របាយការណ៍សិស្សាពីសមត្ថភាពរបស់ក្រុមប្រឹក្សា បានបង្ហាញថា ក្រុមប្រឹក្សា៧៦នាក់ មាន៨៦,៦ភាគរយ ឆ្លើយថា ពួកគេអាចយល់ច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អាចដឹងពីអនុក្រឹត្យស្ដីពីវិមជ្ឈការអំណាច។
របាយការណ៍ដដែល ក៏បានរកឃើញដែរថា បញ្ហាប្រឈមរបស់ក្រុមប្រឹក្សា មាន៨០ភាគរយ ខ្វះចំណេះដឹងពីព័ត៌មាន។ ៨២.២ ភាគរយ ខ្វះឆន្ទៈ ក្នុងការចែកចាយព័ត៌មានដល់ពលរដ្ឋ។ ៦៥.៥ ភាគរយ គ្មានព័ត៌មានពីការគ្រប់គ្រង។ ២៦.៩ ភាគរយ ថាមានការគំរាមកំហែងផ្នែកនយោបាយ និង ៤៣.២ ភាគរយ ខ្វះព័ត៌មាន។
API បានវាយតម្លៃទៀតថា ក្រុមប្រឹក្សាពិតជាត្រូវការវគ្គវបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព របស់ពួកគេ ទើបអាច បំពេញតួនាទីនេះ ប្រកបដោយប្រសិទ្ធិភាពបាន។ របាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញប្រហាក់ប្រហែល និង API ដែរ ពីបញ្ហានៃកម្រិតយល់ដឹងរបស់ក្រុមប្រឹក្សា រារាំងដល់ការជំរុញគណនេយ្យភាពនេះ។
តាមរបាយការណ៍កិច្ចប្រជុំស្តីពីការពិនិត្យស្ថានភាពនៃការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាថ្ងៃ១ ខែសីហា ឆ្នាំ២០១៧ ដែលមានតំណាងមន្ត្រីថ្នាក់ក្រោមជាតិ មកពី២៥រាជធានី ខេត្តចូលរួមផងនោះ បានលើកឡើងថា សមត្ថភាពនិងការគ្មានជំនាញរបស់ក្រុមប្រឹក្សា ជាផ្នែកមួយរារាំង ដល់ការអនុវត្តយន្តប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
លទ្ធផលនៃកិច្ចប្រជុំ សរសេរថា «បញ្ហាប្រឈម គឺខ្វះសមត្ថភាពជំនាញ មិនទាន់មានយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាព របស់មន្ត្រីក្នុងការបំពេញការងារ មិនទាន់មានផែនការអភិវឌ្ឍធនធានមនុស្សតាមជំនាញជាក់លាក់» និងថា «ការយល់ដឹង របស់ក្រុមប្រឹក្សាលើការគ្រប់គ្រងថវិកា នៅមានកម្រិត ដែលពិបាកក្នុងការធានាថាការអនុម័តនោះ ត្រឹមត្រូវ ឬក៏អត់»។
របាយការណ៍ ក៏បានលើកយកពីទស្សនទាន របស់អនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប លោក ង៉ាន ចំរើន សម្រាប់ធ្វើកំណែទម្រង់ អនុវត្តការងារពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ថា ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវផ្ទេរភ្ជាប់ ទៅជាមួយនូវការផ្ទេរធនធានមនុស្សផងដែរ។
នាយកប្រតិបត្តិគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មិនអាចធានាពីតម្លាភាពនិងគណនេយ្យភាពសង្គមបានទេ បើក្រុមប្រឹក្សា ជាអ្នកជំរុញ និងឃ្លាំមើល មានកម្រិតយល់ដឹងទាប ជាងមន្ត្រីអនុវត្តសកម្មភាពនោះ។
លោក សន ជ័យ និយាយទៀតថាករណីនេះ គ.ជ.ប.អ គួរមានគោលនយោបាយជាក់លាក់ ជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាជាមន្ត្រីដែលមានជំនាញខ្លះ ឬស្នើសុំធ្វើវិសោធនកម្មច្បាប់ កំណត់កម្រិតវប្បធម៌ ទើបអាចជំរុញការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបាន។
ប្រធាន គ.ជ.អ.ប លោក សក់ សេដ្ឋា និយាយថា ជាការពិបាកធ្វើឲ្យក្រុមប្រឹក្សា ជាមន្ត្រីនយោបាយនៅថ្នាក់ក្រោមជាតិ មានសមត្ថភាពជំនាញ ដូចមន្ត្រីនៅតាមមន្ទីរ ក្រសួងនានានោះ។ ប៉ុន្តែលោកថា គ.ជ.អ.ប មានកម្មវិធីតម្រង់ទិសដល់ក្រុមប្រឹក្សា។
លោកថា៖ «យើងមានជាការតម្រង់ទិស។ តម្រង់ទិសធម្មតាទៅតាមកាលៈទេសៈ ជួនកាលមួយឆ្នាំម្តងពីរដងឬក៏៣ដងទៅតាមគម្រោងផ្សេងៗ ប៉ុន្តែយើងកុំភ្លេចថាយកអ្នកនយោបាយមកបណ្តុះបណ្តាលជាអ្នកជំនាញវាពិបាកពីព្រោះគាត់មកពីប្រភពផ្សេងៗ»។
សមាជិកក្រុមប្រឹក្សា និយាយថា ការបណ្តុះបណ្តាលសមត្ថភាព គឺជាអ្វី ដែលពួកគាត់ចង់បាន។
ចំពោះ លោក ចាប សោភ័ណ ចង់ឃើញក្រុមប្រឹក្សាជាមនុស្សមានសុខភាពល្អ មានសមត្ថភាព មានក្រមសីលធម៌មិនឆ្មើងឆ្មៃ បង្កើតសកម្មភាពចុះតាមសហគមន៍ និងមានការចូលរួមពីកម្លាំងយុវជន។
លោក តេង ឈុនអេង ចង់ឲ្យបង្កើតកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សា។
លោកស្រី ចក់ នារី ចង់ឲ្យអង្គការជាដៃគូបង្កើនវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សា។ លោកស្រី ក៏ស្នើឲ្យមានបេក្ខភាពក្រុមប្រឹក្សាជាស្ត្រី និងយុវជនឲ្យបានច្រើនជាងនេះ។
សមាជិកក្រុមប្រឹក្សាចំនួន៥រូប ក្នុងចំណោម១៥រូប ដែលបានជួបសម្ភាសន៍ សុទ្ធតែបាននិយាយថា ពួកគាត់ត្រូវការវគ្គបណ្តុះបណ្តាលដើម្បីបង្កើតសមត្ថភាពបន្ថែម។
សមាជិកក្រុមប្រឹក្សាជាស្ត្រីលោកស្រី ចក់ នារី ចង់ឲ្យអង្គការជាដៃគូបង្កើនចំនួនវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាបន្ថែមទៀត ។
លោកស្រី ចក់ នារី៖ «យើងទទួលបានការបណ្តុះបណ្តាលការរៀនសូត្រច្រើន ប៉ុន្តែដូចថា យើងនៅចំាតិច ភ្លេចច្រើន រីឯការអនុវត្តវាមិនមានសន្ទុះខ្លាំងទេ មានជំហ៊ានតិចៗ តែយើង ខំប្រឹងតស៊ូ ជំនាញណា ដែលយើងទទួលខុសត្រូវ យើងខំប្រឹង»។
សមាជិកក្រុមប្រឹក្សា លោក ចាប សោភ័ណ បានទទូចឲ្យគ្រប់គណបក្សនយោបាយពិនិត្យសមត្ថភាព គិតដល់ស្រ្តីនិងយុវជនផងដែរនៅពេលដែលមានការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សានៅអាណត្តិក្រោយ។
លោក ចាប សោភ័ណ៖ «ការជ្រើសរើសក្រុមប្រឹក្សានៅពេលក្រោយ ដែលគណបក្សនយោបាយត្រូវការជ្រើសរើស ក៏ត្រូវតែគិតត្រង់ចំនុចទី១ សមត្ថភាព ទី២ សុខភាព និងទី៣ ត្រូវគិតដល់ស្ត្រី និងយុវជន បើគេដាក់ពាក្យសុំចូលត្រូវ តែសម្រួលឲ្យពួកគេបានចូល»។
VOD មិនអាចសុំការពន្យល់អំពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ លើបញ្ហាសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សា សុក្រ ខណ្ឌ ខេត្ត ក្រុង រាជធានីនេះ បានទេ រហូតដល់ព័ត៌មាននេះ ត្រូវបានបញ្ចប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា គណបក្សមិនអាចលូកដៃជ្រៅ ទៅចង្អុលឲ្យដាក់ នរណាម្នាក់ធ្វើ ជាក្រុមប្រឹក្សាស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុងនោះទេ។ លោកថា បេក្ខភាពក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខេត្តក្រុង លោកថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាប់ឆ្នោតជាអ្នកជ្រើសរើស។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ ថា គណកបក្ស នឹងពិចារណាលើសំណូមពរនេះ តាមគោលការណ៍បក្ស ដោយផ្តល់អាទិភាពដល់ អ្នកចាស់មុន លេខរៀងបន្ទាប់ គឺអ្នកថ្មី។
លោកថា៖ «ការកសាងធនធានមនុស្ស គឺថា យើងមិនបោះបង់អ្នកចាស់ ដែលមានស្នាដៃការងារ កន្លងទៅទេ។ ប៉ុន្តែយើងត្រូវតែមាននិរន្តរភាព ចាស់បូកសរុបនិងអ្នកថ្មី។ យើង មិនអាចបោះបង់អ្នកចាស់ទាំងស្រុង ហើយយកអ្នកថ្មីទាំងស្រុងទេ។ ការដែលយើងយកចិត្តទុកដាក់ ឲ្យអាទិភាពទៅលើនារី មិនមែនយកតាមទ្រឹស្តីហើយ យកទាំងស្រុងនោះទេ ព្រោះនារីនៅក្នុងសង្គមកម្ពុជាយើងគាត់នៅមានកម្រិត ពីព្រោះកម្រិតវប្បធម៌នៅមានការលំបាក ហើយការបោះឆ្នោតជាប់ជាបេក្ខជននេះ មិនមែនយកទៅគ្រាន់តែមានមុខទេគឺទៅដើម្បីធ្វើការ។ ដល់ទៅធ្វើការ វាត្រូវមានលក្ខណសម្បត្តិដើម្បីធ្វើការងារហ្នឹង ទី១ ត្រូវមានសមត្ថភាព ទី២ ត្រូវមានគុណភាពសីលធម៌ ទី៣ ត្រូវមានគោលជំហរសុខភាពអីច្បាស់លាស់ដែរ ហើយបើសិនជាមានសញ្ញាបត្រជ្រៅជ្រះ ប៉ុន្តែបើសុខភាពមិនធានា ដេកនឹងកន្ទេល អាហ្នឹងមិនអាចបំពេញការងារកើតទេ អញ្ចឹងវាគួបផ្សំគ្នា»។
បើតាមលោក សុខ ឥសាន គណបក្សកាន់អំណាច នឹងមិនពិចារណា ឲ្យធ្វើវិសោធនកម្មច្បាប់នេះទេ ដោយថា បើក្រសួងមហាផ្ទៃ មិនបង្ហាញ របាយការណ៍ជាផ្លូវការមករដ្ឋាភិបាលថា កម្រិតយល់ដឹង របស់ក្រុមប្រឹក្សាបច្ចុប្បន្ន ជាកត្តាចំបង រារាំងដល់ការជំរុញការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនោះ៕