​បទសម្ភាសន៍​៖ ​បណ្តាញ​អ្នកការពារ​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួកគេ​នៅ​ពេល​ចុះ​ល្បាត​​

លោក សុក សឿត ផ្តល់បទ​សម្ភាសន៍​ដល់​អ្ន​កសារព័ត៌មាន​សហគមន៍​របស់​វីអូឌី កាលពីពេលកន្លងមក

​ព្រៃឈើ​រតនៈ​រុក្ខា និង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន មាន​ទំហំ​ដី​ប្រមាណ​ជាង​២០០០០​ហិកតា ស្ថិតនៅ​ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ តែ​បណ្តាញា​ការពារ​ព្រៃ​ឈើថា បច្ចុប្បន្ន​នេះ​ព្រៃឈើ​ទាំងអស់​នោះ​នៅសល់​ប្រមាណ​៦០​ភាគរយ​ប៉ុណ្ណោះ ដោយ​អះអាង​ថា មាន​ជនខិលខូច​លួច​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា លោក សុខ សឿត មានប្រសាសន៍ថា អ្នក​ការពារ​ព្រៃឈើ​ភាគច្រើន សម្រេចចិត្ត​ឈប់​ចុះ​ល្បាត​ទៀតហើយដោយ​អះអាង ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គ្មាន​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ បែប​នេះ​ក្តី​អ្នក​ដែល​ស្ម័គ្រចិត្ត​នៅ​ចុះ​ល្បាត​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួក​នៅ​ពេល​ចុះ​ល្បាត ដើម្បី​ជា​ប្រយោជន៍​រួម​។​

VOD៖ តើ​ព្រៃឈើ​ក្នុងភូមិ មាន​ការកាប់​ទន្ទ្រាន​ច្រើន​ទេ បើ​ប្រៀបធៀប​ពីមុន​មក​ឥឡូវ​?

​សុក សឿត​៖ កាលពីមុន តាំងពី​ឆ្នាំ២០០៨ និង​ឆ្នាំ២០០៩ យើង​ឃើញថា ការ​រ​ទន្ទ្រាន​មាន​មួយចំនួន​ដែរ តែ​យើង​បាន​ទប់ស្កាត់​ក្រោយ​ការចុះ​កិច្ចព្រមព្រៀង តែ​ឥឡូវ​វា​ស្កាត់​ចូល​ដល់​ឆ្នាំ២០១៥ ឃើញ​ថា​ចាប់ផ្តើម​ទន្ទ្រាន​ម្តងទៀត​។ បច្ចុប្បន្ននេះ យើង​កំពុងតែ​សុំ​កម្លាំង​ជំនួយ​មក​បង្ក្រាប​ដែល​កំពុង​ទន្ទ្រាន​ពី​សំណាក់​អ្នកមានអំណាច​ខ្លះ​ប្រជាពលរដ្ឋ​ខ្លះ​។​

VOD៖ តើ​រដ្ឋបាល​ព្រៃឈើ​មាន​ដែល​ផ្តល់​ជំនួយ​តាម​ការស្នើសុំ​ទេ​?

សុក សឿត​៖ ការពិត​រដ្ឋបាល​ព្រៃឈើ យើង​បាន​សុំ​គាត់​ជាច្រើន ប៉ុន្តែ​គាត់​ថា​កម្លាំង​គាត់​តិច គាត់​អត់​អាច​ជួយ​យើង​បាន​គ្រប់ពេល​គ្រប់​វេលា​ទេ​។ បើ​គិត​ទៅ​ក្នុង​មួយខែៗ​យើង​សុំ​ច្រើនណាស់​រាប់​មិន​អស់​ទេ កាល​នោះ​យើង​បាន​ចុះ​កិច្ចព្រមព្រៀង គឺ​គេ​បាន​ប្រគល់​ដីព្រៃ​មកឲ្យ​សហគមន៍​គ្រប់គ្រង យើង​មាន​ស៊ីញ៉េ​ចុះ​កិច្ចព្រមព្រៀង​ជុំគ្នា ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ កាល​នោះ​យើង​មាន​កម្លាំង​ពេញលេញ យើង​បង្ក្រាបបាន តែ​ប​ច្ចុប្បន្ន​នេះ វា​ខ្សោយ​អស់​បាត់​កម្លាំង​ច្រើន។ ការបាត់បង់​កម្លាំង​ដោយសារ​ទីមួយ ទាក់ទង​ជីវភាព ទី​២ អត់​មាន​​ផលប្រយោជន៍​ដល់​បុគ្គល​ជា​អនុគណៈកម្មការ ឬ​គណៈកម្មការ ដូច្នេះ​វា​ចេះ​តែ​អន់​ថយកម្លាំង​ទៅ​។​

VOD៖ ចំពោះ​សុវត្ថិភាព តើ​យ៉ាងម៉េច​ដែរ​?
សុក សឿត​៖ ការពិត​បច្ចុប្បន្ន​នេះ​ យើង​មើលទៅ​ហាក់បីដូចជា​កំពុងតែ​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ចំនួន ​ដែល​យើង​អាច​អត់​មើលឃើញ ប៉ុន្តែ​ការ​យើង​សង្កេត​ក្តាប់​ព័ត៌មាន​បាន គឺ​គណៈកម្មការ​មួយចំនួន​កំពុង​តែ​នៅ​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន ពី​ការប៉ុនប៉ង​របស់​ជន​ល្មើស។ ទី​មួយ​អ្នក​ទន្ទ្រាន​ដើម្បី​យក​ដី ក៏​មាន​បញ្ហា​ដែរ ទី​ពីរ​អ្នក​ដែល​ធ្វើ​ជំនួញ​ឈើ​ធ្វើ ឥឡូវ​ឈើ​គ្រប់​ប្រភេទ គឺ​កំពុងតែ​ត្រូវការ​។​

VOD៖ ពូ​មាន​ដឹងថា ​តើ​អ្នកណា​គេ​នៅ​ពីក្រោយ​ដែល​ជំរុញ​ឲ្យមាន​ការកាប់​ឈើ​ទេ​?

សុក សឿត​៖ ការពិត​យើង​មិន​អាច​និយាយថា យើង​ដឹង​ទេ សូម្បី​តែ​ដឹង​យើង​អត់​មាន​វត្ថិ​តាង​ច្បាស់ យើង​ឃើញ ធ្លាប់​ជួបប្រទះ​ចាប់​បាន​ឈើ​មួយចំនួន​សុទ្ធតែ​ទាក់ទិន​ជាមួយ​សមត្ថកិច្ច​ជា​ប៉ូលិស ឬក៏​ប្រធាន​មួយចំនួន​ដែរ។ ដូច​យើង​បង្ក្រាប​នៅ​នោះដែរ ទាក់ទិន​ជាមួយ​ទាហាន ៤២ យើង​ចាប់បាន​ទាំង​ម៉ូតូ​ទាំង​ម៉ាស៊ីន តែ​គេ​មក​ធ្វើ​អន្តាគ​មន៍​ប្លន់​យក​ទៅ​វិញ​ពាក់កណ្តាល​ផ្លូវ​គេ​ប្លន់​យក​ប្រធាន ៤២ គេ​ហៅថា ៤២១​។ ទាំងនោះ​សុទ្ធតែ​ទាក់ទិន​ទាហាន​ទាំងអស់ យើង​ធ្លាប់​ចាប់​បាន​មួយ​ចំនួន​ដូច​ឈើ​ធ្នង់​។​

VOD៖ ដូច​អ្វី​ដែល​លោកពូ​បាន​មានប្រសាសន៍ថា ខំ​ការពារ​ព្រៃឈើ តែ​អត់​មាន​បាន​ផល​ប្រយោជន៍ បានជា​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​គាត់​បាក់​ទឹកចិត្ត ដូចនេះ​តើ​មាន​អ្វី​ស្នើ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ឬ​រដ្ឋាភិបាល​ឲ្យមាន​ការ​លើកទឹកចិត្ត​ពួកគាត់​ដើម្បី​ការពារ​ព្រៃឈើ​? ហើយ​អស់​ព្រៃឈើ​តើ​មាន​ផលប៉ះពាល់​អ្វី​ដល់​ជីវភាព​គ្រួសារ ហើយ​គ្រួសារ​អ្នក​ទាំងនោះរ​កម្រៃ​អ្វី​ពី​ខាង​ព្រៃឈើ​?

សុក សឿត​៖ ការពិត​យើង​សុំ​ដែរ ហើយ​យើង​មិន​ដែល​សុំ​ទៅដល់​រដ្ឋបាល​ព្រៃឈើ​នោះទេ យើង​ច្រើន​តែ​សុំ​តាម​អង្គការ ប៉ុន្តែ​តែ​អង្គការគ្រាន់តែ​ផ្តល់​មួយ​ផ្នែក​មួយ​ចំនួន​តូច​ដូច​ជា​លុយ​ល្បាត ជួនកាល​ខែ​ណា​ក៏​បាន៥០$​ យើង​យក​មក​ផ្គត់ផ្គង់​នឹង​ជីវភាព​អត់​បាន ត្រឹម​តែ​ថ្លៃ​សាំង ក៏​វា​អត​រួច​ដើម​។ គិត​ទៅ​កាល​យើង​ចុះ​ល្បាត​វា​អត់​បាន​ស៊ីចង្វាក់​គ្នា​លុយ៥០$​នោះ អត់​ស៊ីចង្វាក់​នឹង​ការងារ​។ ដូចនេះ រាជរដ្ឋាភិបាល ដូច​យើង​បាន​ទៅ​ប្រជុំ​នៅ​ក្រុង យើង​បាន​លើ​ហេតុផល​របស់​ពួកយើង​ម្នាក់ៗ​ថា យើង​ធ្វើ​សហគមន៍​នេះ ដើម្បី​ប្រយោជន៍​រួម មិនមែន​ដើម្បី​ប្រយោជន៍​បុគ្គល​ណាមួយ​ទេ ប៉ុន្តែ​ខាង​រាជរដ្ឋាភិបាល​អត់​មាន​ការយកចិត្តទុកដាក់​ជួយ ហើយ​ខ្ញុំ​តែងតែ​សុំ​ឈប់​ចំពោះមុខ​ក្រុង​ដែរ ថា​នឹង​ឈប់​ហើយ​ប្រគល់​តួនាទី​នេះ​ដ៏​ទៃ​គេ​ធ្វើ​ម្តង តែ​គាត់​អត់អោយ​ឈប់​ទេ​។ អត់ឲ្យឈប់ តែ​ខ្ញុំ​បាន​លើក​ពី​ហេតុផល​រឿង​ជីវភាព និយាយ​ពី​ជិវភាព​គាត់​ថា អោយ​ស៊ូទ្រាំ​ទៅ ព្រោះ​យើង​ធ្វើ​តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ​ហេតុផល​ថា​ផ្តល់ជំនួយ​ឬក៏​ការ​ឧបត្ថម្ភ​ណាមួយ គេ​អត់​ដែរ​និយាយ​ចំ​រឿង​ឧបត្ថម្ភ​។ យើង​បាន​តែ​ប្រជុំ​ដល់​ពេល​មកដល់​ថ្នាក់ក្រោម​យើង​បាន​ផ្សព្វផ្សាយ​ប្រាប់ តែ​គេ​សុំ​ឲ្យ​យើង​អោយ​ប្រាប់​អ្នក​ដឹកនាំ​មួយៗ ដូចនេះ​យើង​ក៏​អត់​អាច​បង្ខំ​គេ​បានដែរ​។ អនុគណៈកម្មកា​រថា​ពួកយើង​អត់​អាច​បង្ខំ​គេ​បានទេ បើ​យើង​រក​ផលប្រយោជន៍​អោយ​គេ​បាន​ផង គេ​នឹង​ជួយ​យើង។

VOD៖ ពីមុន​គណៈកម្មការ និង​ឬ​ប្រជា​ហ​សគម​ន៍​ការពារ​ព្រៃឈើ​មាន​ប៉ុន្មាន​នាក់​?

សុក សឿត​៖ យើង​គិត​ទៅ អនុគណៈកម្មការ​តាម​ភូមិ​មាន៧​រូប ហើយ​ទាំងអស់​១៩​ភូមិ សរុប​ទៅ​ជាង១០០​នាក់ ប៉ុន្តែ​នាក់​ខ្ទម​តា​ម៉ាន​សមាជិក​គេ​មក​ធ្វើកា​រដែរ​ពី​ដើម ឥឡូវ​អត់​ទៀង ជួនកាល​ប្រមូលផ្សុំ​គ្នា​បាន៤ ទៅ១០នាក់​ដែរ ប៉ុន្តែ​មាន​ពីរបីនាក់ នៅ​តែ​មក​ដាច់​គ្នា មិន​ជាប់លាប់ យ៉ាង​ច្រើន​មាន​តែ​ពីរ បីនាក់ ឬ៥​នាក់​។ យើង​គិតថា​ខ្លាំង​បំផុត​ហើយ ប្រមូលបាន១០​នាក់ ​ជា​ពិសេស​អនុគណៈកម្មការ​ចេះតែ​បាត់បង់​ទាំង​ស្រុង​នៅ​តាម​ភូមិ​ខ្លះ ដោយសារ​អស់​ជំនឿ​នៃ​ការការពារ​ព្រៃឈើ​។​

VOD៖ ព្រៃ​សហគមន៍​ទាំងអស់​មាន​ប៉ុន្មាន​ហិកតា​ដែរ​?

សុក សឿត​៖ ព្រៃ​រតនៈ​រុក្ខា​មាន ១២៨៧២​ហិកតា ចំណែក​ព្រៃ​រុក្ខ​វ័ន្តមាន​ជាង ១៦០០០ហិកតា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ