បទ​សម្ភាសន៍​៖ ​អ្នកជំនាញ​ពន្យល់​ពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​​

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​កំពុង​សម្លាប់​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥​ទៅ​៧​នាក់​ជា​រឿង​រាល់ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​តែងតែ​កើន​ឡើង​សម្រាប់​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​ជាដើម​។ តទៅ​នេះ​សូម​ស្តាប់​ការសាកសួរ​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​VOD និង លោក អ៊ា ចរិយា ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ស្តីពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​

VOD៖ តាម​ការសិក្សា​របស់​លោក តើ​កត្តា​អ្វីខ្លះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ចរាច​រណ៍នៅ​សព្វថ្ងៃ​ហ្នឹង​?

​លោក អ៊ា ចរិយា​៖ យើង​បែងចែក​ជា​កត្តា​បី​សំខាន់​គឺ​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ផ្លូវ​។ ប៉ុន្តែ​កត្តា​មនុស្ស​បង្ក​គ្រោះថ្នាក់​ច្រើនជាងគេ​គឺ​មាន​រហូតដល់​ជាង​៩០%​នៃ​ចំនួន​គ្រោះថ្នាក់ ហើយ​កត្តា​ផ្លូវ​មាន​២% និង កត្តា​យានយន្ត​មាន​ប្រមាណ​៣%​។ យើង​ផ្តោត​លើ​កត្តា​មនុស្ស​ដោយសារ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ គឺ​ការបើក​លើស​ល្បឿន​កំណត់ និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ កត្តា​មួយទៀត​គឺ​កត្តា​យានយន្ត​ដោយសារ​យានយន្ត​នៅ​ស្រុក​យើង​ភាគច្រើន​ជា​យានយន្ត​ជជុះ តែ​ត្រូវ​មាន​ការត្រួតពិនិត្យ​ឲ្យបាន​តឹងរ៉ឹង​។ បើ​យានយន្ត​យើង​ចាស់ ហើយ​អត់​បាន​ត្រួតពិនិត្យ​លើ​គុណភាព​សុវត្ថិភាព ហ្នឹង​វា​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​ដែរ​ដូចជា​សំបក​ចាស់ ហ្វ្រាំង​មិន​ស៊ី ឬ​អ្នក​ជិះ​មិន​បាន​ទៅ​ឆៀក ឬ​ពិនិត្យ​ឲ្យបាន​ទៀងទាត់​ផង ពេល​ជិះ​អាច​មាន​គ្រោះថ្នាក់​។ កត្តា​ទី​៣​គឺ​កត្តា​ផ្លូវ ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ផ្លូវ​មួយចំនួន​មិនទាន់​បំពាក់​សម្ភារ​សុវត្ថិភាព​ដូចជា គំនូស ផ្លាកសញ្ញា របាំង ឬ​ភ្លើង​សញ្ញា​អី​ឲ្យបាន​គ្រប់គ្រាន់​នៅឡើយ​។​

VOD៖​ពេលណា ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​?

​លោក អ៊ា ចរិយា​៖ គ្រោះថ្នាក់​ភាគច្រើន​កើតមាន​នៅពេល​មាន​បុណ្យ​ធំៗ​ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យចូលឆ្នាំ​ចិន​ក៏​មាន​អ្នកធ្វើ​ដំណើរ​ច្រើន​ដែរ​គឺ​ចេញពី​ទីក្រុង និង​ត្រឡប់​មក​ទីក្រុង​វិញ​។​

VOD៖ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​យើង​ដូច​ប្រទេស​គេ​ដែរ ឬ​មាន​ចំនួន​ច្រើន​ដែល​ត្រូវ​ចាត់វិធានការ​?

​លោក អ៊ា ចរិយា​៖ ចំនួន​អ្នក​ស្លាប់ ឬ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​យើង​មាន​ច្រើន​ជាង ប្រទេស​ឡាវ  និង​វៀតណាម ប៉ុន្តែ​នៅ​ប្រទេស​ថៃ​មាន​អត្រា​ច្រើន​ជាង​យើង ហើយ​កំណើន​នៃ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​ច្រើន​ដែល​គួរឲ្យ​ព្រួបារម្ភ​ខ្លាំង ដោយសារ​ចំនួន​អ្នកស្លាប់​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជា​រៀងរាល់ឆ្នាំ​។​

VOD៖ បើ​លោក​មាន​ឱកាស​ប្រាប់​ទៅ​ភ្នាក់ងារ​ប្រតិបត្តិ​ផ្ទាល់ តើ​លោក​ប្រាប់ថា គួរ​ចាត់វិធានការ​លើ​ចំណុច​ណា​មុន​?

​លោក អ៊ា ចរិយា​៖ វិធានការ​បន្ទាន់​ត្រូវ​អនុវត្ត​ច្បាប់​លើ​ការបើកបរ​លើស​ល្បឿន​កំណត់ ជា​មូលហេតុ​ទី​១​ដែល​ធ្វើឲ្យ​មាន​អ្នកស្លាប់ ហើយ​ការអនុវត្តន៍​លើ​ការបើកបរ​ដែលមាន​ជាតិ​ស្រវឹង​ជា​មូលហេតុ​ទី​២ ដែល​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់ ហើយ​វិធានការ​ផ្សេង​ទៀត​ដែល​ទាមទារ​ឲ្យមាន​វិធានការ​យូរអង្វែង​គឺ​ការអប់រំ​ផ្នែក​ចរាចរណ៍​ត្រូវតែ​មាន​ចាប់ពី​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទម្លាប់​បើកបរ​ប្រកបដោយ​សុវត្ថិភាព​។​

VOD៖ បើ​ពិនិត្យ​លើ​ខ្លឹមសារ​ច្បាប់​គ្រប់គ្រាន់​ហើយ​ឬ​នៅ​បាទ​?

​លោក អ៊ា ចរិយា​៖ ខ្លឹមសារ​ច្បាប់​គ្រប់គ្រាន់​ហើយ តែ​គ្រាន់​ថា​បញ្ហា​ប្រឈម​នោះ​គឺ​ការអនុវត្ត​ច្បាប់​នោះ​បាន​ត្រឹមត្រូវ​កម្រិត​ជាក់ស្តែង​យ៉ាងដូចម្តេច​។​

VOD៖ សម្រាប់​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ តើ​ពួកគាត់​គួរ​ធ្វើ​យ៉ាងម៉េច ដើម្បី​បង្ការ​កុំឲ្យ​គ្រោះថ្នាក់​ចរាច​រណ៍នឹង​កើតមាន​?

​លោក អ៊ា ចរិយា​៖ ទី​១​ចៀសវាង​បើកបរ​លើស​ល្បឿន​កំណត់ ទី​២​ចៀសវាង​បើកបរ​ក្រោម​ជាតិ​ស្រវឹង ត្រូវមាន​ផែនការ​ជាមុន​បើ​សិន​ជា​គាត់​ចូលរួម​កម្មវិធី​ដែល​មាន​ពិសា​រគ្រឿង​ស្រវឹង ហើយ​ទី​៣​គាត់​ត្រូវ​សិក្សា​ស្វែងយល់​ពី​ច្បាប់ និង​មាន​ប័ណ្ណបើកបរ​ត្រូវ​ទៅ​រៀន​និង​ប្រឡង​យក​ប័ណ្ណបើកបរ​តាម​ប្រភេទ​យាន​ហ្នឹង ទី​៤​ចៀសវាង​ការធ្វើដំណើរ​ផ្ទុក​ចំណុះ​ដូចជា ការ​ជិះ​លើ​ដំបូល ព្រោះ​ពេល​ដែល​មាន​គ្រោះ​អាច​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​ពួកគាត់​។​

VOD៖ ចុះបើ​ផ្លូវ​ខ្លះ​អត់​មាន​ការ​ដាក់​សញ្ញា​កំណត់​ចម្ងាយ ត្រូវ​បើក​ប៉ុន្មាន​គីឡូ​ក្នុង​មួយ​ម៉ោង តើ​ពួកគាត់​ត្រូវ​ធ្វើ​យ៉ាងម៉េច​?

​លោក អ៊ា ចរិយា​៖ នៅក្នុង​ច្បាប់​ចែងថា នៅ​ក្នុង​ផ្លូវ​ដូចជា ផ្លូវជាតិ​ដែល​អត់​មាន​ផ្លាកសញ្ញា ឡាន​គាត់​អាច​បើក​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ម៉ូតូ​តូច​គាត់​អាច​បើក​ក្នុង​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នៅ​ទីប្រជុំជន ទី​រូ​ម​ស្រុក រួម​ខេត្ត ឬ​ទីក្រុង​អី​ហ្នឹង ម៉ូតូ​អាច​បើក​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​រថយន្ត​គ្រប់​ប្រភេទ​អាច​បើក​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

VOD៖ សូម​អរគុណ លោក​ចរិយា ដែល​ចំណាយ​ពេល​ផ្តល់​បទសម្ភាសន៍​!

​លោក អ៊ា ចរិយា៖ ​បាទ​អរគុណ​!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ