តុលាការ​សម្រេចបញ្ជូន​អ្នកចូលរួម​​តវ៉ា២នាក់​​ប្រឆាំង​នឹង​ក្រុមហ៊ុន​កាពីតូលទៅពន្ធនាគារ​​

អតី​តបុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ាកាលពីកន្លងទៅ​

បុរស​២នាក់ដែលចេញមុខ​តវ៉ា​ប្រឆាំងនឹងក្រុមហ៊ុនកាពីតូលនិង​ត្រូវបានចាប់ខ្លួន​កាលពីចុង​សប្តាហ៍មុន​ ​ត្រូវបានតុលាការ​សម្រេច​​ចោទប្រកាន់និង​បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ​។​

បុរស​ទាំងពីរ​នោះមាន​ឈ្មោះ​ណន វណ្ណា ជា​អតីតអ្នកបើករថយន្តកាពីតូល​ដែលត្រូវបានបញ្ឈប់ពីការងារ​និង​ម្នាក់ទៀត​ឈ្មោះ រស់ ស៊ីផៃ ជា​សមាជិកសហភាពការងារកម្ពុជាដែល​បានចូលរួមតវ៉ា​ប្រឆាំងនឹងក្រុមហ៊ុនកាពីតូល​។​ អ្នកទាំងពីរត្រូវបានចាប់ខ្លួន​កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន​ ក្រោយពី​មានការប៉ះទង្គិច​គ្នា​រហូត​​ដល់ធ្វើ​ឲ្យមនុស្សមួយចំនួន​រងរបួស។​

ប្រធានសហភាព​ការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា​ក្រោយពី​សាកសួរ​ពេញមួយថ្ងៃ​ចន្ទនេះ ព្រះរាជអាជ្ញានៃ​សាលា​ដំបូងរាជធានីភ្នំពេញ​បានសម្រេច​ចោទប្រកាន់​មនុស្សទាំងពីរ​ចំនួន​៣​បទចោទ ទី១ គឺ​ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស ទី២ ស្ថានទម្ងន់ទោស​ប្រឆាំង​អ្នក​រាជការសាធារណៈ​និង​ទី៣​ការ​រារាំង​ជាឧបសគ្គដល់​ចរាចរណ៍សាធារណៈ។ តុលា​ការសម្រេចបញ្ជូន​ពួកគេឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃ។

បើតាមលោក អាត់ ធន់ រូបលោក​និង​សមាជិក​៣នាក់ទៀត ត្រូវ​បានព្រះរាជ​អាជ្ញាស្នើ​ឲ្យ​ចាប់ខ្លួន តែ​រហូតមក​ដល់ពេលនេះ ចៅក្រមស៊ើបសួរមិនទាន់ឆ្លើយ​តប​យ៉ាងណានោះទេ។​

ក្នុងពេលសាកសួរនោះ ក្រុមអតីតអ្នកបើករថយន្តក្រុងក្រុមហ៊ុនកាពីតូល តំណាងសហជីពនិងអ្នកឃ្លាំមើល​សិទ្ធិមនុស្សប្រមាណ​២០០នាក់ បានជួបជុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ ដោយ​ទាមទារ​ឲ្យដោះលែងអ្នកតវ៉ាដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។​

ក្រោយ​ពីហិង្សាកើតឡើងកាលពីសប្តាហ៍មុន​ អង្គការសង្គមស៊ីវិលចំនួន៣៤បានថ្កោលទោសចំពោះអំពើហិង្សានេះដែលបង្ករបួស​ធ្ងន់​និងស្រាលប្រមាណជាង២០នាក់ ហើយអង្គការទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតឲ្យមានតម្លាភាព​ដើម្បីផ្តល់ដល់យុត្តិធម៌ដល់​ជន​រងគ្រោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាជនបង្កដែលប្រើញញួរ​និងបំពង់ទីពវាយទៅលើអតីតអ្នកបើករថយន្តក្រុងនោះសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេហើយបែរទៅចាប់ខ្លួនភាគីរងគ្រោះទៅវិញ។

អតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូលនេះបានតវ៉ារាប់ខែមកហើយដើម្បីឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។​

​គួរ​រំ​ឮ​កថា កាលពី​អំឡុង​ខែ​កក្ក​​ដា ឆ្នាំ​២០១៥​នេះ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល​បាន​បាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​អ្នកបើកបរ​រថយន្ត​៥​នាក់​ឲ្យចូល​ធ្វើការ​វិញ ដោយ​អះអាង​ថា អ្នក​ទាំង​៥​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយសារ​ចង់​បង្កើត​ជា​សហជីព​។ ទោះយ៉ាងណា ភាគី​ក្រុមហ៊ុន​បាន​អះអាង​ថាក្រុមហ៊ុន​បញ្ឈប់​អ្នកបើក​រថយន្ត​ទាំង​៥​នាក់​ដោយសារ​ពួកគាត់​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមហ៊ុន​ដូចជា ដាក់​ភ្ញៀវ​តាមផ្លូវ ឈ្លោះប្រកែក​ជា​មួយ​អ្នក​លក់​សំបុត្រ​តាម​សាខា និង​មិន​ឈប់​ដាក់​ភ្ញៀវ​តាម​សាខា​ជាដើម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ