កម្មកររោងចក្រនៅកំពង់ស្ពឺរកអន្តរាគមន៍ពីក្រសួងការងារ ករណីមន្ត្រីសហជីព២នាក់ត្រូវចាប់ខ្លួន​

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់សេរី(ខេមបូឌា) នាំគ្នាតវ៉ាមុខក្រសួងការងារទាមទារឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសហ​ជីព២នាក់ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីសប្ដាហ៍មុន និងកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី២ ខែកុម្ភៈ កញ្ញា យ៉ុង លាភ បុគ្គលិកសហជីព និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់សេរី (ខេមបូឌា) ត្រូវបាននគរបាលចាប់ខ្លួននៅក្បែរបរិវេណរោចក្រ បន្ទាប់ពីអ្នកទាំងពីរបានចូលរួមបាតុ​កម្ម​ទាមទារឲ្យរោងចក្រទទួលយកថ្នាក់ដឹកនាំ៣នាក់របស់សហជីពឲ្យចូលធ្វើការវិញ។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់​ស្ពឺបាន​សម្រេចឃុំខ្លួនអ្នក​ទាំង​២​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសនិងហិង្សាដោយចេត​នាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមករា។

អគ្គលេខាធិការរងសហជីពសេរីកម្មករកម្ពុជានៅរោងចក្រសេរី លោក ខឹម ចំណាន បានឲ្យវីអូឌីដឹងថា នៅព្រឹកថ្ងៃអង្គារ៍នេះ កម្មករប្រមាណ៦០នាក់បាននាំគ្នាទៅតវ៉ាមុខក្រសួងការងារដើម្បីដាក់ញត្តិសុំឲ្យក្រសួងជួយអន្តរាគមន៍ដោះលែងមន្ត្រីទាំង២នាក់របស់សហជីពឲ្យមានសេរីភាពវិញ។ លោកបន្តថា ក្នុងការតវ៉ានោះ កម្មករក៏ទាមទារឲ្យក្រសួងអន្តរាគមន៍ទៅភាគីរោងចក្រព្រមទទួលយកថ្នាក់ដឹកនាំ៣នាក់របស់សហជីពឲ្យចូលធ្វើការវិញផងដែរ។ លោកថា កន្លងមក ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឲ្យថ្នាក់ដឹកនាំទាំង៣នាក់ចូលធ្វើការវិញ ប៉ុន្តែខាងរោងចក្រមិនព្រមគោរពតាម។

លោក ខឹម ចំណាន ឲ្យដឹងដែរថា ក្នុងការតវ៉ានៅថ្ងៃនេះ ក្រសួងបានអនុញ្ញាតឲ្យតំណាងកម្មករ៥នាក់ចូលជួបពិភាក្សា ដោយក្រសួងបានសន្យាថានឹងជួយរកដំណោះស្រាយឲ្យពួកលោក។ ទោះយ៉ាងណា លោកថា ខាងក្រសួងបានស្នើឲ្យកម្មករបញ្ឈប់ការតវ៉ាទាមទារឲ្យរោងចក្រទទួលយកមន្ត្រីសហជីព៣នាក់ឲ្យចូលធ្វើការវិញ ដើម្បីឲ្យអ្នកដែលជាប់ឃុំទាំង២នាក់អាចមានសេរីភាពវិញ ដែលករណីនេះលោកចាត់ថាជាការរួមដៃគ្នារបស់តុលាការ ក្រសួង និងរោងចក្រ ដើម្បីដាកគំនាបដល់សហជីព និងដល់អ្នកដែលរោងចក្របញ្ឈប់ពីការងារ ឲ្យបញ្ឈប់ការតវ៉ា។

លោកមានប្រសាសន៍ថា៖ “ហើយមួយទៀតគាត់និយាយម្តងហើយម្តងទៀតថាអញ្ចេះថា បើចង់ឲ្យអ្នកដែលនៅក្នុងពន្ធធនាគារហ្នឹងចេញ ឲ្យពួកគាត់លាលែងចេញទៅ លាលែងចេញពីរោងចក្រហ្នឹងទៅ គេព្រលែងអ្នកនៅក្នុងគុកហ្នឹងហើយ។ ចឹងខ្ញុំឃើញគាត់និយាយពាក្យហ្នឹងមកគិតថាគាត់ហ្នឹងមានន័យថាចាប់កម្មករ ដើម្បីគំរាមឲ្យកម្មករចេញពីរោងចក្រអ៊ីចឹងអត់?”

វីអូឌីមិនទាន់អាចសុំការបំភឺ្លពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បាននៅឡើយទេ ដោយទូរស័ព្ទចូលតែគ្នានអ្នកទទួល។

បើតាមលោក ខឹម ចំណាន កម្មករបានធ្វើកូដកម្មអស់រយៈពេលជាង១ខែ និងបានដាក់ញត្តិទៅក្រសួងការងារ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ទៅរោងចក្រឲ្យព្រមទទួលយកថ្នាក់ដឹកនាំសហជីព៣នាក់ឲ្យចូលធ្វើការវិញ តែពុំទទួលបានលទ្ធផល។

ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីសហជីពទាំង២នាក់ សហជីពសេរីកម្មករបានដាក់លិខិតពីរដាច់ដោយឡែកពីគ្នាទៅក្រសួងមហាផ្ទៃនិងអភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្នើឲ្យមានការដោះលែងអ្នកទាំងពីរនោះផងដែរ តែរហូតមកដល់ពេលនេះនៅពុំទាន់មានការឆ្លើយតបនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ