ក្រសួងឲ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សក្នុង​ទិវានៃក្តីស្រលាញ់​

ក្រសួង​អប់រំអំពាវនាវឲ្យគ្រឹះស្ថានអប់រំទប់ស្កាត់កុំឲ្យសិស្សា​នុសិស្ស​បោះបង់ការសិក្សានៅថ្ងៃបុណ្យនៃក្តីស្រលាញ់ដោយក្រសួងកត់សំគាល់ថានៅថ្ងៃទី១៤កុម្ភៈកន្លងមកសិស្សខ្លះបានណាត់ជូប​គូស្នេហ៍ធ្វើឲ្យ​ប៉ះពាល់​ដល់វប្បធម៌​ប្រពៃណីជាតិខ្មែរ។

តាមសេចក្តីណែនាំ​របស់ក្រសួង​អប់រំ យុវជន និង​កីឡាចុះផ្សាយ​កាលពីថ្ងៃទី៩ខែកុម្ភៈឲ្យ​ដឹងថាប៉ុន្មានឆ្នាំចុងក្រោយ​នេះ សិស្សានុសិស្សមួយចំនួននៅតែយល់ច្រឡំថាថ្ងៃទី១៤ខែកុម្ភៈជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជូបគ្នារវាង​គូស្នេហ៍។ សេចក្តី​ណែនាំ​​បន្តថាទិវានេះធ្វើឲ្យ​យុវវ័យ​ភ្លើត​ភ្លើន ភ្លេចការ​សិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និង​ក្រុមគ្រួសារ រួមទំាង​ប្រាសចាកវប្បធម៌ និង​ប្រពៃណីយជាតិខ្មែរផង​ដែរ។

សេចក្តីណែនាំ​ដដែលក៏បាន​អំពាវនាវឲ្យគ្រឹះស្ថានសិក្សាសាធារណៈនិង​ឯកជនជួយទប់ស្កាត់សកម្មភាពមិនប្រក្រតីដល់សិស្សា​នុសិស្សក្នុង​ទិវាបុណ្យនៃក្តីស្រលាញ់​នេះដោយផ្សព្វផ្សាយ​ព័ត៌មានដល់ពួកគេនៅពេល​ប្រជុំ ពេលគោរពទង់ជាតិ ពង្រឹង​ការ​អនុវត្តបទបញ្ជាផ្ទៃក្នុង​របស់សាលា អនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”​ និង​ធ្វើការ​ទំនាក់ទំនង​ជិតស្និតទៅមាតាបិតា អ្នកអាណាព្យាបាលសិស្សជាប្រចំា ដើម្បីផ្តល់ព័ត៌មានមិនប្រក្រតីនានាដែលប្រព្រឹត្តដោយសិស្សដើម្បី​កែលម្អ​។

ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គមលោក ប៉ូ សំណាង យល់ថាជំរើសល្អក្រសួងអប់រំ​​ត្រូវ​ផលិត​កម្មវិធីទាក់ទង​នឹង​វប្បធម៌ខ្មែរផ្សាយតាម​​ប្រព័ន្ធផ្សព្វផ្សាយអប់រំឲ្យសិស្សានុសិស្សឲ្យយល់ដឹង​ពីគុណរបស់ឪពុកម្តាយរបស់ពួកគេទើបទទួលបានផលវិជ្ជមានច្រើនជាងការចេញសេចក្តី​ណែ​នាំនេះ។ លោកបន្ថែមថា៖ “យុវជននិងកីឡាគួរតែមានវិធីល្អៗដូចជា​ការ​ប្រគុំតន្ត្រី​អប់រំផ្សព្វផ្សាយ​អំពីបញ្ហា​អ្វីទាក់ទងសុជីវធម៌ សេចក្តីគោរព​រវាងឪពុកម្តាយ ស្រលាញ់កូន ក្មេងៗឆាប់បញ្ជូលសឹងអី ប៉ុន្តែណាស់តែយើងមិនធ្វើយើងថាទិវានៃសេចក្តីស្រលាញ់​យើងអត់ធ្វើយើងនៅស្ងៀមគេ​យក​អស់ហើយធម្មតាហាងគុយទាវក៏អញ្ចឹង​ដែរ​តែគុយទាវណាឆ្ងាញ់គេចូលហាង​ហ្នឹង​ហើយ​”។

អ្នកស្រាវជ្រាវពីបញ្ហាសង្គមលោក តុង សុប្រាជ្ញ ឲ្យដឹង​ថាក្រោយ​ពីលោកសិក្សាស្រាវជ្រាវ៥ឆ្នំាកន្លងទៅនេះចំនួនយុវវ័យ​ដែល​​ចាប់អារម្មណ៍នឹងថ្ងៃ​បុណ្យសង្សារមានការ​ថយចុះពីមួយឆ្នំាទៅមួយឆ្នាំដោយ​សារការ​យល់ដឹង​របស់យុវវ័យ។ ដោយឡែក​​លោកថាការរួមភេទនៅថ្ងៃបុណ្យ​នេះ​មានការថយចុះតិច​តួច​។ លោកបន្តថា៖ “តួនាទីរបស់រដ្ឋាភិបាលត្រូវ​មានការ​ផ្តល់​ឱវាទតាមរយៈគិតគូបញ្ហា​ផ្លូ​វភេទ ការយល់ដឹងពីបញ្ហាសុខភាព ការ​យល់ដឹងពីបញ្ហា​សុខភាពបន្តពូជ យល់ដឹងពីជំងឺអេដស៍ ជំងឺឆ្លងផ្សេងៗ កន្លែង​ហ្នឹង​ដែលគាត់ផ្ញើសារហើយត្រូវ​ឱកាស​ដែលគាត់អាចធ្វើបាន​”។

លោក តុង សុប្រាជ្ញ ឲ្យ​ដឹង​ទៀត​ថាចាប់ពីឆ្នាំ២០០៩ដល់២០១៤​ចំនួនយុវវ័យដែល​ចាប់អារម្មណ៍​ថ្ងៃបុណ្យ​សង្សារមានចំនួន​៦១%ថយ​​មកត្រឹម​៤៦% អ្នកដែលទិញផ្កាមានចំនួន៥៦%ថយមកត្រឹម៣៤% រីឯអ្នក​រួមភេទមានចំនួន១២%ថយមកត្រឹម១១%។ នេះជា​របាយការណ៍សិក្សា​ក្នុង​ចំណោម៧១៥នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ