លោក ថោង ខុន៖ សៀមរាបនឹងបង្កើតរោងចក្រដុតសំរាម​

មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថាប្រទេសកូរ៉េនឹងសាងសង់រោងចក្រដុត​សំរាម​យក​អគ្គិ​ស​នីនៅ​​ខេត្ដសៀមរាបដោយអះអាងថាដើម្បីឲ្យ​ទីក្រុង​បុរាណនេះទទួលបានជ័យលាភីនៃក្រុង​ទេស​​​ចរ​ណ៍​​អាស៊ាន​ឆ្នាំ​២០​១​៨​​​ខាងមុខ​​។

ថ្លៃងនៅក្នុងពិធីសន្និបាតបូកសរុបការអនុវត្ដការងារទេសចរណ៍ឆ្នាំ២០១៥​ និងទិសដៅឆ្នាំ២០១៦នៅ​ខេត្ដ​សៀមរាបរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា​ទីក្រុងសៀមរាប​ជាទីក្រុងទេសចរណ៍មាន​សារៈសំខា​ន់ដែលនៅជិតប្រទេសថៃដែលលោកថាអាជ្ញាធរ​មូលដ្ឋាន​ត្រូវយក​ចិត្ដ​ទុកដាក់ថែរក្សានូវ​បរិស្ថាន​ឲ្យ​​បានល្អដើម្បីឲ្យក្លាយជាទីក្រុងបៃតង​និងទទួលបានជ័យលាភីនៃទីក្រុង​ទេសចរណ៍​អាស៊ាននៅចុង​ឆ្នាំ២០១៨ខាង​មុខ​​​នេះ​។ លោកបន្ដថាសម្រស់បា្រសាទអង្គរមួយមិនគ្រប់​គ្រាន់​សម្រាប់​ការប្រគួតប្រជែងនោះទេ គឺត្រូវគួប​ផ្សំ​​ឲ្យមាន​ទីក្រុងមួយដែលមានព័ណបៃតងផង​ដែរ។​ លោកបន្ថែមទៀតថា៖ “ទីក្រុងភ្នំពេញសព្វថ្ងៃក្នុងចំណោមទីក្រុង​ដែល​ល្អស្អាតចំនួន៥០នៅលើពិភពលោកទីក្រុងភ្នំពេញក៏មានក្នុងហ្នឹងមួយដែរចឹងភ្នំពេញចាប់ផ្ដើមបង្ហាញ​ខ្លួនទៅហើយ​ ហើយយើងកំពុងប្រឹងប្រែងនៅតំបន់សមុទ្រ clean city និង blue sea ​ចឹងបានន័យថាទីក្រុងខៀវ​ស្រង៉ា​ត់ឯទីក្រុងនៅជាប់ទីក្រុងគគ្រិចទេ ទីក្រុងជាប់សមុទ្រក៏ត្រូវល្អសមុទ្រត្រូវស្អាតពិសេស​គឺដី​ខ្សាច់​​ត្រូវ​តែ​ល្អ​ស្អាត​ដើម្បីទេស​ចរណ៍ទៅ​កំសាន្ដនូវ​សម្រស់ខ្មែរបាទនេះគឺជាចំណុចសំខាន់”។

លោក ថោង ខុន បន្ថែមថាបើសិនការបង្កើតរោងចក្រដុតសំរាមចេញជាអគ្គិសនី​នេះទទួលបាន​ជោគ​ជ័យលោកថានឹងគ្មាន​សំរាមនៅទីក្រុងទេសចរណ៍ទៀតទេហើយសំរាមក៏បានក្លាយជាថាម​ពលប្រើ​ប្រាស់​ផង​​ដែរ​។

ប្រជាពលរដ្ឋមួយចំនួននៅក្រុងសៀមរាបសាទរនឹងគម្រោងបង្កើតរោងចក្រដុតសំរាម​ចេញជា​អគ្គិសនីនោះ ប៉ុន្ដែពួកគេលើកឡើងដើម្បី​ទីក្រុងស្អាតនិងមានសោភ័ណ្ឌភាព​អាជ្ញាធរត្រូវចាត់​វិធាន​ការចំពោះក្រុមហ៊ុន​សំ​​អាត​ក្រុងឲ្យគោរពកិច្ចសន្យានៃការ​ដឹកជញ្ជូនកាកសំណល់ចេញពីក្រុងឲ្យទាន់ពេលទើប​អាច​ប្រគួតប្រជែងជាមួយទីក្រុងទេសចរណ៍អាស៊ានបាន។ ពលរដ្ឋកត់សំគាល់ថាក្រុម​ហ៊ុនដឹកជញ្ជូនសំ​រាម​បង្កភាពកខ្វក់តាមដងផ្លូវ។ ពួកគេបន្ដថា៖ “យើងគួរមានវិ​ធានការនៅ​ក​ន្លែង​នោះ​សូមឲ្យអាជ្ញាធរជួយចាត់​ចែង​វិធានការឲ្យបានក្ដៅបន្ដិចទៅយើងចង់ឲ្យយកពី​ទីក្រុងសៀមរាប​យ​កទៅចាក់នៅ​កន្លែងរោងចក្រ​តែម្ដង។ មកយករាល់ថ្ងៃទៅ​នៅ​តាម​ក្នុង​ក្រុង​យ​ក​​​ឲ្យ​អស់ហើយ​កុំឲ្យកំពប់​កក្លេ​​កក​ក្លាក់កុំឲ្យសំរាមស្អុយតាមភូមិចប់បាត់ហើយប៉ុណ្ណឹងវាទីក្រុងស្អាត​អាចយក​​ទៅប្រគួតប្រ​ជែងបាន​ហើយ”។

​អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាលោក សុខ សង្វា មានប្រសាសន៍ថានៅឆ្នាំ២០១៥កន្លងមកភ្ញៀវទេសចរណ៍អន្ដរជាតិ មកទស្សនានៅតំបន់ទេសចរណ៍សៀមរាបមានចំនួនជាង២លាន១សែននាក់មានការកើនឡើងប្រមាណ២%បើប្រៀបធៀបនឹងឆ្នាំ២០១៤។ អគ្គនាយករងនិងត្រូវជាកូន​លោក សុខ អាន បានអះអាងថាការកើនឡើងចំនួនភ្ញៀវទេសចរណ៍នេះដោយ​សារ​​ប្រាសាទអង្គរវត្ត​មានភាពល្បី​ល្បាញនៅ​លើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ