សង្គមស៊ីវិល​ស្នើ​ឲ្យ​មាន​ការពិភាក្សា​ពី​បញ្ហា​លទ្ធិប្រ​ជា​ធិបតេយ្យ​នៅកម្ពុជា​ក្នុង​កិច្ច​ប្រ​ជុំកំពូល​អាស៊ាន អាមេរិក​

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ កាលពីពេលកន្លងមក (រូបថតផ្តល់ឲ្យ​)

អង្គការ​​ជាង​១០​​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក និង​ប្រ​ទេស​ក្នុង​សហគមអាស៊ាន​ដែល​ប្រ​កាន់​លទ្ធិប្រ​ជា​ធិបតេយ្យ​លើក​យក​បញ្ហា​នៅ​កម្ពុជាទៅ​ពិភាក្សានៅ​ក្នុង​កិច្ចប្រជុំ​កំពូល ដោយ​អះអាង​ថា​ដើម្បី​ធានា​ឲ្យ​បាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និយុត្តិ​ធម៌ និង​បង្កបរិយាកាសល្អ​សម្រាប់​លទ្ធិប្រ​ជាធិបតេយ្យ​នៅ​កម្ពុជា។

នៅថ្ងៃទី១៥ និង​១៦ ខែកុម្ភៈនេះ​ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ានក្នុងនោះមានលោក ហ៊ុន សែន ផងដែរ ដោយ​​កិច្ច​ប្រជុំ​នោះ​នឹង​ធ្វើ​ឡើង​នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយចេញ​កាល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ផ្ញើ​ទៅ​កាន់ប្រ​ទេសដែល​នឹង​ចូល​រួម​ក្នុងកិច្ច​ប្រ​ជុំ​កំពូលអាស៊ានអាមរិកនោះ​​ អង្គការ​ចំនួន១២បានបង្ហាញ​កង្វល់​របស់​ខ្លួនពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ក្រុម​អង្គការ​ទាំង​នោះ​បាន​លើកឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រើ​អំណាចដោយ​បំពាន​ដើម្បី​បំបាក់​គណបក្ស​ប្រ​ឆាំង និង​សកម្មជន​។

ក្នុង​​សេចក្តី​ថ្លែងការណ៍​រួមនោះ អង្គការ​ទាំង១២​បាន​លើក​ពី​ករណី​តុលាការ​ចេញ​ដីកាឲ្យ​ចាប់​ និង​ឃុំ​​ខ្លួន​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី ដោយមិនបាន​ដក​អភ័យឯកសិទ្ធិ និង​ការ​ដក​ដំណែង​លោក​ កឹម សុខ ពី​អនុប្រ​ធាន​ទី​១នៃ​រដ្ឋ​សភា។ ក្រុម​អង្គ​ការ​ក៏​បាន​លើក​ឡើងពី​ករណីចាប់​ខ្លួន​អតីត​សមាជិ​ព្រឹទ្ធមក​ពី​​គណបក្ស​ សម រង្ស៊ី គឺ​លោក ហុង សុខហួរ ពាក់ព័ន្ធនឹង​ការ​បង្ហោះ​សន្ធិសញ្ញា​ព្រំ​ដែនកម្ពុជា-វៀតណាម នៅ​លើ​ទំព័រហ្វេសប៊ុកទាំង​នៅ​មាន​អភ័យ​ឯក​សិទ្ធិ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ដដែល​នេះ ក្រុមអង្គការក៏​​បានលើក​​ពី​ករណី​ក្រុម​បាតុករមួយ​ចំនួនដែល​ក្រុម​អង្គការ​​អះអាងថាជាអ្នក​គាំទ្រគណបក្ស​ប្រ​ជា​ជនកម្ពុជា និង​ជាកម្លាំងសមត្ថកិច្ច​ផង​នោះ ថា​បាន​វាយ​ដំអ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ និង​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ លុះ​ត្រាតែមាន​បទបញ្ជាពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទោះ​មាន​​ភស្តុតាជាវីឌីអូ និង​រូប​ថត។​ លើស​ពី​នេះ អង្គការ​ទាំងនោះ​ឲ្យ​ដឹងទៀតថា ​បុគ្គលម្នាក់ជា​អ្នក​រៀប​ចំបាតុកម្មប្រ​ឆាំង​លោក កឹម សុខ និង​នាំ​ឲ្យ​មាន​ករណី​វាយ​ដំអ្នក​តំណាង​រាស្រ្ត​ត្រូវ​បាន​ដំឡើង​ឋានៈក្នុងជួររដ្ឋា​ភិបាលបន្ថែម​ទៀត។​

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ ក្រុម​អង្គការបាន​​ចាត់​ទុក​ថា អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គណបក្ស​ប្រ​ឆាំង និង​សកម្មជន​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់ដំណើរការ​លទ្ធិប្រ​ជា​ធិបតេយ្យនៅ​កម្ពុជា និង​ដំណើរកា​របោះ​ឆ្នោតនៅ​ឆ្នាំ២០១៧ និង​២០១៨​ខាង​មុខ។​ អង្គការទាំងនេះជំរុញ​ឲ្យ​សហរដ្ឋ​អាមរិក និង​ប្រ​ទេសប្រ​កាន់​របបលទ្ធិប្រ​ជា​ធិបតេយ្យ​ក្នុង​សមាគមអាស៊ានលើ​ក​បញ្ហាទាំងនោះ​ទៅ​​ជជែក​ជាមួយ​ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជាលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹម​នឹង​នេះ ក្រុម​អង្គការ​នេះក៏​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជាបញ្ឈប់​ការប្រើឥទ្ធិពល​នយោបាយ​លើ​ប្រ​ព័ន្ធ​យុត្តិធម៌ និងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ករណី​មេបក្ស​ប្រឆាំងលោក សម រង្ស៊ី។​

អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​មាន​ដូច​ជា​សមាគមការពាសិទ្ធិមនុស្ស​អាដហុក អង្គការ​ខុមហ្វ្រែល និង​មជ្ឈមណ្ឌលប្រ​ជា​ពល​រដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center) លោក យ៉ង់ គឹម​អេង មាន​ប្រ​សាសន៍​ថា សេចក្តី​ថ្លែងការណ៍​រួម​នេះ ជា​គោល​​ជំហររួម​របស់​អង្គការទាំង​១២​ចំពោះ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។ លោកសង្ឈឹម​ថា ក្នុងកិច្ច​ប្រ​ជុំ​កំពូល​អាស៊ានអាមេរិក ប្រ​ទេសប្រកាន់​លទ្ធិប្រ​ជា​ធិបតេយ្យ​នឹង​លើក​យក​សំណើរបស់​សង្គម​ស៊ីវិល​កម្ពុជា​ទៅ​ពិភាក្សា ដោយ​លោក​ថា ក្នុង​ន័យ​លើក​កម្ពស់​​សន្តិភាព​ក្នុង​ប្រ​ទេសកម្ពុជាក៏​ដូ​ចជា​តំបន់។​

លោក​បន្ថែម​ថា៖ “ហើយ​បើ​ម្យ៉ាង​វិញ​ទៀតក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ជាមួយ​អាមេរិកហ្នឹង​…មិន​បាន​ពិចារណាទៅ​លើ​អ្វីដែល​ជា​សំណើយោ​បល់​របស់​សង្គម​ស៊ីវិល ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​ដែរ កិច្ច​ប្រ​ជុំ​កំពូល​អាស៊ា​ន​ហ្នឹង​ហាក់មិន​បានផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ចំពោះប្រ​ជា​ពល​រដ្ឋ​តំបន់​អាស៊ាន​ហ្នឹងទេបាទ”។

​ ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្សប្រ​ជា​ជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​ថា សំណើ​របស់​សង្គម​ស៊ីវិល​នេះផ្ទុយ​ពីភាព​ជាក់​ស្តែងនៅ​កម្ពុជា។ លោកលើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ប្រើ​អំណាច​លើ​ប្រ​ព័ន្ធតុលាការ​ដើម្បី​ប្រ​ឆាំងនឹងគណបក្ស​ប្រ​ឆាំង ឬ​សកម្មជន​របស់​បក្ស​ប្រ​ឆាំងនោះ​ទេ ផ្ទុយទៅ​វិញ​លោក​ថា​ បរិយាកាសនយោបាយ​នៅ​កម្ពុជាគឺមាន​លក្ខណៈ​ល្អពេញ​លេញ ដែល​លោក​ថា សូម្បី​តែ​ប្រ​មុខ​ការទូត​អាមេរិក លោក ចន ឃើរី ក៏​បាន​សរសេរ​ពី​ស្ថាន​ភា​ពល្អផ្នែក​នៅយោបាយ​នៅ​កម្ពុជា​ដែរ។

លោកបន្ថែម​ថា៖ “ខ្ញុំ​ក៏​សូម​បដិសេធទាំង​ស្រុង​គណ​បក្សប្រឆាំងមិន​ត្រូវបាន​ទទួល​បានការ​គំរាម​កំហែង​ ឬ​ប្រើឧបាយកល​ណាមួយ​ដើម្បី​ប្រើ​ច្បាប់ ប្រើ​ប្រព័ន្ធ​តុលាការដើម្បី​គាប​សង្កត់គាត់ទេ។ រាល់បញ្ហា​ដែល​កើតឡើង​កន្លង​មកជា​ផល​វិបាកនៃ​ទង្វើជាក់​ស្តែ​ងផ្ទាល់​របស់​ខ្លួនគាត់ គ្មាន​អ្នក​ណា​ធ្វើទុក្ខបុកម្នេញ​ខ្លួន​គាត់នោះ​ទេ គឺតែខ្លួនគាត់ធ្វើ​ទុក្ខបុកម្នេញដោយ​ខ្លួន​ឯង”។

គួរបញ្ជាក់​ថា  ​ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុង​ខែ​មករា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) បានថ្លែងថា លោក​បាន​លើកឡើង​ពី​បញ្ហាសិទ្ធិមនុស្ស និង​អភិបាល​កិច្ច​ល្អ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ហើយលោកក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលកម្ពុជាធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សេរីភាពនយោបាយ​កាន់តែ​ប្រសើរ៕

សូម​សរសេរ​មក​កាន់ លោក ទូច សុខា តារយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ