កម្មករ៤នាក់ពាក់ព័ន្ធនឹងករណីហិង្សានៅស្វាយរៀងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន​

កម្មករ​ដែលបានធ្វើការតវ៉ានៅ​បាវិត​កាលពីចុងឆ្នាំ​២០១៥

កម្មករ៤នាក់ដែលត្រូវបានចោទប្រកាន់ជុំវិញករណីហិង្សាកើតឡើងពេលកម្មករតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០១៥កន្លងទៅ ត្រូវបានតុលាការខេត្តដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

កាលពីថ្ងៃទី៥ ខែកុម្ភៈ សាលាឧទ្ធរណ៍បានបើកសវនាការ និងសម្រេចឲ្យកម្មករ៤នាក់នៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរៀងរាល់ខែ រាយការណ៍ទៅតុលាការពេលផ្លាស់ប្ដូរទីលំនៅនិងលក្ខខណ្ឌមួយចំនួនទៀត។

មេធាវីការពារក្តីរបស់កម្មករទាំង៤នាក់ លោកស្រី សេរី បុត្រចរិយា បានឲ្យវីអូឌីនៅថ្ងៃពុធនេះថា កូនក្តីរបស់លោកស្រីត្រូវបានតុលាការខេត្តស្វាយរៀងសម្រេចដោះលែងឲ្យមានសេរីភាព កាលពីល្ងាចម្សិលមិញ ហើយនៅពេលនេះពួកគាត់បានត្រឡប់ទៅផ្ទះរៀងខ្លួន។

ក្រោយពីផ្ទុះការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតាយសេងក្នុងក្រុងបាវិត ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មនុស្ស១១នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ក្នុងនោះកម្មករ៤នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃដំបូងនៃហិង្សា ហើយសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៧នាក់ទៀតជាបន្តបន្ទាប់ ក្នុងនោះមានអ្នកបើករថយន្តឲ្យកម្មករចំនួន៦នាក់។

លោកស្រី សេរី បុត្រចរិយា ឲ្យដឹងថា កម្មករដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាកម្មករ៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងថ្ងៃដំបូងនៃហិង្សា ចំណែកមនុស្ស៧នាក់ទៀតកំពុងស្ថិតនៅពន្ធនាគារនៅឡើយ។ លោកស្រីបន្តទៀតថា កាលពីខែមករា លោកស្រីបានដាក់ពាក្យបណ្តឹងសុំឲ្យអ្នកទាំង៧នាក់នោះនៅក្រៅឃុំផងដែរតែត្រូវបានតុលាការបដិសេធ។ លោកស្រីបន្តថា លោកស្រីនឹងដាក់ពាក្យបណ្តឹងសុំនៅក្រៅឃុំសាជាថ្មីទៅលើករណីអ្នកទាំង៧នាក់នេះ។

លោកស្រីថា “អ្នកទាំង៧នាក់ហ្នឹងគាត់នៅក្នុងឃុំនៅឡើយ យើងកំពុងពិចារណា យើងនឹងឆែកជាមួយចៅក្រមស៊ើប ព្រោះបងពិចារណាចង់ដាក់ពាក្យសុំឲ្យនៅក្រៅឃុំម្តងទៀត … បើសិនជាគេបិទការស៊ើបសួរអាហ្នឹងយើងអត់អាចធ្វើនីតិវិធីនៅចៅក្រមស៊ើបទៀតទេ”

គួររំឭកថា កាលពីខែធ្នូ ឆ្នាំ២០១៥ កម្មកររាប់ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងបានតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល រហូតបណ្តាលឲ្យមានហិង្សាធ្វើឲ្យខូចខាតរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងការគប់ដុំថ្មលើរោងចក្រ។ ហិង្សានេះឈានដល់ការចាប់ខ្លួនមនុស្សចំនួន១១នាក់ជាបន្តបន្ទាប់ ហើយពួកគេត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ