អ្នកកាសែតម្នាក់ត្រូវមន្ត្រី​អាវុធហត្ថខេត្តមណ្ឌលគិរីនាំខ្លួនទៅសាកសួររួចដោះលែងវិញ​

អ្នកសារព័ត៌មានម្នាក់ប្រចាំនៅខេត្តមណ្ឌលគិរីត្រូវមន្ត្រីកងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេលប្រមាណ១ម៉ោង។

អ្នកយកព័ត៌មានឲ្យទូរទស្សន៍ប៉ុស្តិ៍៩លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តមានគ្នា២រថយន្តចាប់នាំខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៅម៉ោងប្រមាណ៨ព្រឹក។ លោកថា មន្ត្រីអាវុធហត្ថបានសាកសួរពីបញ្ហាដែលស្ថានីយរបស់លោកបានផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះគឺលោក សាក់ សារ៉ាង ជាឈ្មួញជួញដូព្រៃឈើខុសច្បាប់។ លោកមានប្រសាសន៍ថា៖ “បាទគាត់ចាប់នាំខ្លួនទៅហ្មងម៉ោង៨ព្រឹកមិញហ្នឹង… ចាប់ខ្ញុំចូលក្នុងឡានហើយបញ្ជូនខ្ញុំទៅខេត្ត ដើម្បីសួរនាំពីបញ្ហាដែលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ផ្សាយថាលោក សាក់ សារ៉ាង ហ្នឹងរកស៊ីបទល្មើសព្រៃឈើអីចឹងណាបង”

ទោះយ៉ាងណាលោកថា លោកត្រូវបានដោះលែងមកវិញ បន្ទាប់ពីការសាកសួរអស់រយៈពេលប្រមាណជា១ម៉ោង ដោយលោកថា លោកបានបញ្ជាក់ប្រាប់មន្ត្រីអាវុធហត្ថទាំងនោះថា លោកពុំបានសរសេរអត្ថបទនោះទេ គឺមេលោកនៅភ្នំពេញជាអ្នកផ្សាយព័ត៌មាននោះ។

លោក សាក់ សារ៉ាង ទទួលស្គាល់ថា លោកបាននាំខ្លួនលោក វ៉ាន់ ទិត្យ ទៅសាកសួរពិតមែនដោយលោកអះអាងថា បន្ទាប់ពីបានរាយការណ៍ និងទទួលបានការអនុញ្ញាតដោយផ្ទាល់មាត់ពីព្រះរាជអាជ្ញា។ លោកមានប្រសាសន៍ថា៖ “គេគ្រាន់តែហៅមកសួរពាក់ព័ន្ធនឹងគាត់ផ្សាយខុសហ្នឹងណា! ចឹងចង់[ដឹង]គាត់យកប្រភពពីណាមក គាត់បានអីមកអំណះអំណាង (តែ)គាត់ថា គាត់ថាអត់បានសរសេរចឹងផង តែខាងលើគាត់អ្នកសរសេរផ្សាយខ្លួនគាត់ម៉េចដឹង គាត់អត់ដឹង”

អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ សមត្ថកិច្ចត្រូវមានដីកាពីតុលាការដើម្បីបង្គាប់ឬអញ្ជើញអ្នកណាម្នាក់ចូលខ្លួនបំភ្លឺពីរឿងអ្វីមួយ។ មួយវិញទៀត លោកថា ដើមបណ្ដឹងព្រហ្មទណ្ឌមិនគួរដើរតួជានគរបាលយុត្តិធម៌ក្នុងការកោះអញ្ជើញទៅសាកសួរនោះទេ។ លោកមានប្រសាសន៍ថា៖“ចឹងករណីហ្នឹងវាអ៊ីចឹង ក្នុងនាមគាត់ដើមបណ្ដឹងព្រហ្មទណ្ឌផង ជាមន្ត្រីនគរបាលយុត្តិធម៌ផង ហើយគាត់អញ្ជើញដោយខ្លួនឯងទៀត សុំគោលការណ៍ពីព្រះរាជអាជ្ញាដោយខ្លួនឯងដើម្បីអញ្ជើញអ្នកសារព័ត៌មានទៅបំភ្លឺ អាហ្នឹងគឺវាប្រាសចាកពីផ្លូវច្បាប់ហើយ”

យ៉ាងណាក៏ដោយ លោក សុក រដ្ឋា មានប្រសាសន៍ថា លោកមិនជំទាស់នឹងការសាកសួរនោះ ទេ ដោយលោកថា លោកក៏ចង់ឲ្យមានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីបញ្ជាក់ការពិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ