​ពលរដ្ឋ​រាប់សិប​នាក់​នៅ​ស្រុកោះ​ធំ​ខេត្ត​កណ្តាល​តវ៉ា​ករណី​រដ្ឋាករទឹក​ទារ​លុយ​លើស​​

ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​តវ៉ា​ប្រឆាំងមន្ត្រីរដ្ឋាករទឹក​ នៅស្រុកកោះធំ

ប្រជាពលរដ្ឋ​រាប់សិប​នាក់​នៅ​ស្រុកកោះធំ​ ខេត្ត​កណ្តាល​ បាន​តវ៉ាប្រឆាំង​មន្ត្រី​រដ្ឋាករទឹក ដោយ​ពួកគេ​ចោទថា បាន​ទារលុយ​លើស​ពី​តម្លៃ​ធម្មតា​នៅ​ខែ​កុម្ភៈ​នេះ ដោយ​មិន​បាន​ប្រាប់ មូលហេតុ​ឲ្យបាន​ច្បាស់លាស់​។​

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក មាស ចាប  បានឲ្យដឹងថា អ្នកភូមិ​ប្រមាណ​៦០​ទៅ​១០០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ស្នាក់ការ​ រដ្ឋាករ ទឹក​នៅ​ក្នុង​ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ  ដើម្បី​ទាមទារ​ឲ្យមាន​ការបញ្ជាក់​ពី​មូល ហេតុ​នៃ​ការ​យក​លុយ​១០០០​រៀល​លើស​តម្លៃ​ទឹក​ប្រើ​អស់​ជាក់ស្តែង​នេះ​។ លោក​បញ្ជាក់ថា​៖ ”​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​យល់ថា ខុសច្បាប់ ព្រោះ​គួរ​ណាស់​តែ​ប្រាប់​គាត់ ហើយ គេ​ប្រាប់ថា លុយ​ហ្នឹង​យក​ទៅ​ជួលជុល​ពេល​ប្រព័ន្ធ​ទឹក​ខូច តែ​កន្លងមក​ពេល​ទឹក​ហ្នឹង​វា ដាច់​ទុយ​យោ ដាច់​អីហ្នឹង​ហៅ​ខាង​ទឹក​មក​ត​គេ​យក​១០​ដុល្លារ បើ​ចឹង​ប្រជាពលរដ្ឋ​គាត់អ​ត់ សុខចិត្ត​ទេ​”​។​

មន្ត្រី​រដ្ឋាករ​នៅ​ឃុំ​សំពៅ​ពូន​លោក ចាន់ ធឿន ថ្លែងថា មូលហេតុ​ដែល​ក្រុមការងារ លោក​យក​លុយ​លើស​តម្លៃ​ទឹក​ជាក់ស្តែង​ពី​ពលរដ្ឋ​នោះ គឺ​ដើម្បី​ត្រៀម​ទុក​ជួសជុល​នាឡិការ​ទឹក​របស់​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ពេល​វា​ខូច​៖ “​ពេល​ចឹង​ពិបាក​ដែរ ពេល​នាឡិការ​គាត់​ខូច​ចឹង ខាង​ក្រុមហ៊ុន អត់​ទទួលខុសត្រូវ​ទេ គឺ​គាត់​ត្រូវ​បង់លុយ​ធម្មតា បើ​គាត់​អត់​បង់លុយ ១០០០​រៀល​ហ្នឹង ហើយ​និយាយ​ទៅ ថ្ងៃមិញ​និយាយ​ត្រូវ​គ្នា​ហើយ​”​។​

​ជុំវិញ​បញ្ហា​នេះ មេឃុំ​សំពៅ​ពូន លោក អ៊ុក ស្រ៊ន មានប្រសាសន៍ថា បញ្ហា នេះ​កើតឡើង​ដោយសារ​មន្ត្រី​រដ្ឋាករទឹក​មិន​បាន​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ច្បាស់​ពី​បញ្ហា​លុយ​១០០០​រៀល​នេះ​។ លោក​បញ្ជាក់ថា លោក​បាន​ចាត់ចែង​មន្ត្រី​ត្រៀមចាំ​ជួយ​សម្របសម្រួល​បន្ថែម​ដើម្បី​បញ្ចប់​បញ្ហា​នេះ​។

តាម​ក្រុមអ្នកតវ៉ា​បានឲ្យដឹង ប្រជាពលរដ្ឋ​ដែល​រដ្ឋាករទឹក​យកលុយ​លើស​ថ្លៃ​ទឹក​ប្រើប្រាស់​ធម្មតា​១០០០​រៀល​នេះ​គឺ​មាន​នៅក្នុង​ភូមិ​ចំនួន​១៧ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០០​គ្រួសារ​។ ចំណែក​ការ​យក​លុយ​លើស​១០០០​រៀល​នេះ ទើប​ចាប់ផ្តើម​យក​នៅក្នុង ខែ​កុម្ភៈ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ