​រដ្ឋាភិបាល​ការពារ​ភាពត្រឹមត្រូវ​លើ​យន្តការ​ជ្រើសរើស​នគរ​បាល​ជាតិ​ជាង​៤​ពាន់​នាក់​បន្ថែម​​

​រដ្ឋាភិបាល​អះអាងថា ការប្រកាសឲ្យ​ជ្រើសរើសកងក​ម្លាំង​នគរបាលជាតិ ជាង​៤​ពាន់​នាក់នាពេលនេះ គឺ​សម្រាប់​បង្គ្រប់​លើ​ចំនួន កងកម្លាំង​ដែល​រដ្ឋាភិបាល​ថា បាន​បាត់បង់​រយៈពេល​២​ឆ្នាំ កន្លងទៅនេះ។​

​ការបំភ្លឺរបស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទា​បន់​ពី​មានសា​ព័ត៌មានចុះផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​ឲ្យ​ជ្រើសរើ​សកងកម្លាំង​នគរបាលជាតិ ៤៥០០​នាក់​បន្ថែម។​

​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ​បកស្រាយ​ថា ការជ្រើសរើស​កងកម្លាំង​នគរបាលជាតិទាំងនោះ​បន្ថែម ក្រសួង​នោះ​ថា ដើម្បី​បង្គ្រប់​ចំនួន​មន្ត្រី​នគរបាល​ដែល​បាន​បាត់បង់​រយៈ​ពេល២​ឆ្នាំ​កន្លង​ទៅ​។​

​ក្រសួង​មហាផ្ទៃ​អះអាង​ទៀតថា ចាប់ពី​ដើម​ឆ្នាំ​២០១៤ ដល់​ចុង ឆ្នាំ​២០១៥ បរិមាណ​ក្របខ័ណ្ឌ​នគរបាលជាតិ មាន​ការថយចុះ​ជាង​៤​ពាន់​នាក់(៤៥៣៦នាក់​) ដូចជា​អ្នក​ពលី​ជីវិត ពេល​បំពេញការងារ​១០​នាក់ ចូលនិវត្តន៍​ជិត​៣០០​នាក់​(២៨៨០) ទទួលមរណភាព​ដោយ​ជម្ងឺ ជាង​៧០០​នាក់​(៧១៩​នាក់​) បណ្តេញចេញជាង​៧០០​នាក់​(៧០២) លាឈប់​ពី​ការងារ​ជាង​១​00​នាក់​(១២៦) ផ្ទេរ​ទៅ​បម្រើ​នៅ​ក្រសួង និង​ស្ថាប័ន​ផ្សេង​២៣​នាក់ អ្នកប្រព្រឹត្ត​បទល្មើស​បញ្ជូនទៅ​តុលាការ​៥៣​នាក់ និង​បាត់បង់​សមត្ថភាព​ពលកម្ម និង​ពិការ​២៣​នាក់​។​

​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា ដើម្បី​បំពេញ​កម្លាំង​ទាំងនោះ ឡើង​វិញ​ទើប​រដ្ឋាភិបាល​សម្រេច​ឲ្យ​ជ្រើសរើស​កម្លាំង​ថ្មី​មក​បង្គ្រប់​វិញ​។​

​យ៉ាងណាក៏ដោយ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ឆ្នាំ​២០១៣ កន្លងទៅ រដ្ឋាភិបាល​បាន​ចល័ត​លង​ទ័ព​ចេញពី​បន្ទាយ មក​សហការណ៍​ជាមួយ នគរបាលជាតិ ទប់ស្កាត់​ចលនា​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួលរបស់​កម្មករ និង​ទប់ស្កាត់ ការតវ៉ា​របស់​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​

​ដែល​ពេលនោះ​មានការ​បង្ហូរឈាម​មួយ​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ​យ៉ាងតិច​៥​នាក់​ស្លាប់​នៅនឹងកន្លែង និង​ជាង​៤០​នាក់ ត្រូវ​គេ​បាញ់​ឲ្យ​រងរបួស និង​ជាង​២០​ត្រូវ​ចាប់ខ្លួន​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ