ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន​

កិច្ចប្រជុំកំពូលអាមេរិកអាស៊ាន​ដែលធ្វើឡើងនៅថ្ងៃទី​១៦ខែកុម្ភៈ នៅរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក(រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​)

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​

នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។

លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​

លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​

លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​

កិច្ចប្រជុំកំពូលអាមេរិកអាស៊ាន​ដែលធ្វើឡើងនៅថ្ងៃទី​១៦ខែកុម្ភៈ នៅរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក(រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​)
កិច្ចប្រជុំកំពូលអាមេរិកអាស៊ាន​ដែលធ្វើឡើងនៅថ្ងៃទី​១៦ខែកុម្ភៈ នៅរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក(រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​)

មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​

លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។

ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​

គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ