អ្នកសារព័ត៌មានរបស់ទូរទស្សន៍ក្នុងស្រុកមួយប្រចាំខេត្តមណ្ឌលគិរី តាមរយៈមេធាវីរបស់ខ្លួនបានដាក់ពាក្យប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ដោយចោទពីបទបង្ខាំងមនុស្សដោយខុសច្បាប់និងគំរាមកំហែង។
កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តមណ្ឌលគិរីត្រូវមន្ត្រីកងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេលប្រមាណ១ម៉ោង។
បន្ទាប់ពីមានករណីនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ តាមរយៈមេធាវីរបស់ខ្លួន លោក វ៉ាន់ ទិត្យ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីរកយុត្តិធម៌។ លោកចាត់ទុកការឃាត់ខ្លួនរបស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈ ថាជាការរំលោភសិទ្ធិរបស់លោកនិងបំពានច្បាប់។
លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំអត់មានទាមទារអីទេទាមទាររកយុត្តិធម៌…គាត់បំពានច្បាប់យកទៅសួរនាំអីអ៊ីចឹងវាអត់ត្រូវច្បាប់…ខ្ញុំយល់ថាគាត់ធ្វើហ្នឹងវាខុសហ្នឹងច្បាប់ បើនិយាយច្បាប់ថាអ្នកសារព័ត៌មានផ្សាយខុសផ្សាយអីអ៊ីចឹងនគរបាលយុត្តិធម៌មានសិទ្ធិហៅទៅសួរនាំអីអ៊ីចឹង”។
មេធាវីរបស់លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់វីអូឌី(VOD)នៅរសៀលនេះថាក្នុងពាក្យបណ្តឹងនោះកូនក្តីរបស់លោកប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់សេរីភាពបុគ្គល បង្ខាំងមនុស្សដោយខុសច្បាប់និងគំរាមកំហែង”។ លោកថាបើតាមអង្គហេតុដែលកូនក្តីរបស់លោកបានរៀបរាប់ប្រាប់លោកឲ្យដឹងថាការឃាត់ខ្លួនកូនក្តីលោកនេះមិនមានដីកាពីតុលាការ ដែលលោកចាត់ទុកការចាប់ខ្លួននេះធ្វើឡើងដោយខុសនីតិវិធី។
លោកបន្ថែមថា៖ “ហើយមួយទៀតវាអត់មានដីកាពីតុលាការ(ឥឡូវ)ខ្ញុំចាប់ខ្លួនអ្នកឯងតុលាការចោទអ្នកឯងពីបទអញ្ចេះ អ្នកឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើងត្រូវប្រាប់ពីសិទ្ធិរបស់គេ ពីបទល្មើសដែលត្រូវចោទប្រកាន់និងចាប់ខ្លួនគេ តែនេះអត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូចអង្គហេតុដែលបានរៀបរាប់អ៊ីចឹង”។
អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់រវាងអ្នកផ្សព្វផ្សាយព័ត៌មាននិងអ្នកចាប់ខ្លួនគេទៅសួរនាំ ដែលលោកថាដើម្បីរកឃើញថាភាគីណាមួយមានកំហុស។
វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីលោក សាក់ សារ៉ាង បាននៅឡើយនៅរសៀលនេះពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ឲ្យដឹងថារហូតមកនដល់ពេលនេះលោកមិនទាន់បានទទួលពាក្យបណ្តឹងរបស់លោក វ៉ាន់ ទិត្យ នៅឡើយទេ។ ទោះយ៉ាងណា លោកឲ្យដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានដឹងពីករណីនេះរួចហើយ។ លោកឲ្យដឹងទៀថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានការិយាល័យមួយសម្រាប់ស្រាវជ្រាវពីកំហុសរបស់មន្ត្រីកងរាជអាវុធហត្ថ ហើយលោកថាមន្ត្រីណាដែលធ្វើខុសវិន័យរបស់កងទ័ពនឹងត្រូវទទួលពិន័យផ្នែករដ្ឋបាល៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ [email protected]