វិភាគ៖ មូលហេតុជុំវិញការរំសាយ​ធ្វើបាតុកម្មទាមទារឲ្យរម្លាយគណបក្សសង្គ្រោះជាតិ

ដំណឹងនៃការធ្វើបាតុកម្មរបស់ក្រុមអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជាក្នុងបំណងទាមទារឲ្យរំលាយគណបក្សសង្គ្រោះជាតិបាន​ធ្វើឲ្យមានការចាប់អារម្មណ៍ពី​សារព័ត៌មានជាតិនិង​អន្តរជាតិជាច្រើន​​ចុះផ្សាយ។ ចំណែកគណបក្សសង្គ្រោះជាតិក៏បង្ហាញពីការព្រួយបារម្ភរបស់ខ្លួនដោយបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធាន​ការ​ក្នុងការ​ការពារសន្តិសុខ​នៅ​ជុំ​វិញ​ផ្ទះ​លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងការពារ​ដល់​មន្ត្រី​គណបក្សសង្គ្រោះជាតិ​ផ្សេងៗ​ទៀត។

ការចាប់អារម្មណ៍​ចុះផ្សាយ​របស់បណ្តាញផ្សាយព័ត៌មាននិងការបង្ហាញ​ការព្រួយបារម្ភរបស់​គណបក្សសង្គ្រោះ​ជាតិ​នេះមិនមែន​ចេះធ្វើឡើងដោយ​មិនមានមូលហេតុនោះទេព្រោះ​បាតុកម្ម​របស់អ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជាប្រឆាំង​ថ្នាក់ដឹកនាំ​គ​ណបក្សសង្គ្រោះ​ជាតិ​កាលពីចុងឆ្នាំ​២០១៥បានធ្វើឲ្យ​សាធារណៈជន​ជាតិនិង​អន្តរជាតិ​មានការភ្ញាក់​ផ្អើល​និង​តក់ស្លុតម្តងរួចមកហើយ។​

កាលពីថ្ងៃទី២៦ខែតុលា​ឆ្នាំ​២០១៥អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់​ពាន់​នាក់​បានធ្វើបាតុកម្ម​ទាមទារ​ឲ្យដក​លោក​ កឹម​សុខា ចេញ​ពីតំណែង​អនុប្រធាន​ទី១​នៃរដ្ឋសភាដោយ​ចោទថាលោក កឹម សុខា​ ជាមនុស្ស​ក្រឡិចក្រឡុច​ញុះ​ញង់​ឲ្យមានចលាចល​ក្នុងសង្គម។​ នៅក្នុងថ្ងៃនោះអ្នកចូលរួមធ្វើបាតុកម្ម​បាន​​វាយតំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ពី​ររូបឲ្យរងរបួសធ្ងន់​នៅ​ជិត​រដ្ឋ​សភា។​ ហិង្សានោះ​រងការថ្កោល​ទោស​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិនិងអន្តរ​ជាតិនិងពី​បណ្តា​ប្រទេស​មួយ​ចំនួនទៀត​​ផង​។​ ​ ​

ខណៈ​គណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការព្រួយបារម្ភ​ពី​ហិង្សា​អាច​កើតមាន​ឡើង​ទៀត​នៅពេល​មានបាតុកម្ម​ទាមទារ​ឲ្យរំលាយ​គណបក្សសង្គ្រោះ​ជាតិ​នោះ ​នៅថ្ងៃទី​១៦ខែកុម្ភៈ​លោក សាំង សុង តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ដែលជាអ្នក​ព្រមា​នធ្វើ​បាតុកម្ម​នោះបាន​ប្រកាស​រំសាយ​ចោល​គម្រោង​នេះ​វិញ។​

លោក​ សាំង សុង បកស្រាយ​ថាមូលហេតុ​នៃការរំសាយ​នេះដោយ​សារអ្នកធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅអាមេរិក​មានចំនួន​តិច​ពេក​គឺមានប្រមាណ​តែ១៥០នាក់​   ហើយ​ភាគ​ច្រើន​ជាក្រុម​មនុស្ស​ដែល​មានបញ្ញា​ស្មារតី​មិនល្អ​។ លោកបន្តថា៖ “សហរដ្ឋអាមេរិកមានលក្ខខណ្ឌអនុគ្រោះយល់យោគមួយត្រង់ថាអ្នកមានបញ្ហានោះគាត់ឲ្យប្រាក់ខែគឺគាត់ស៊ីប្រាក់ខែឆ្កួតបាទគាត់លេបថ្នាំឆ្កួតគាត់ស៊ីប្រាក់ខែឆ្កួតចឹងហើយ។ នេះជាទម្ងន់ដ៏ស្រាលបំផុតដែលសម្ព័ន្ធយុវជនយើង មិនអាចធ្វើបាតុកម្មតបវិញទេគឺខ្ចិលតបខ្ចិលរវល់មិនរវល់មិនអំពុលទុក្ខតែម្តង ហើយម្យ៉ាងទៀតយើងជាអ្នកស្រលាញ់សុខសន្តិភាពស្ថិរភាព”។​

ទោះយ៉ាងណាលោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្មប្រាប់វីអូឌី​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកុម្ភៈមានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗ​គ្នា​នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារៈសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅ​ក្នុង​បដាដែល​បាតុករ​ខ្មែរ​នៅ​អាមេរិក​លើកឡើង​ហើយត្រូវ​គេថត​ជា​វីឌីអូ​ចែក​រំលែក​តាមហ្វេស​ប៊ុក​ក្នុង​ខ្លឹសារ​ដូច​ជា ហ៊ុន សែន ជាឃាតករ  ការដឹកនាំរបស់​លោក​ ហ៊ុន សែន មានការរំលោភ​សិទ្ធិ​មនុស្ស ឬ ហ៊ុន សែន​​ ជាអាយ៉ង​យួន​ជាដើម​។​

ក្រៅពីហេតុផលបាតុករនៅអាមេរិកមានចំនួនតិចជាក្រុមមនុស្សមានបញ្ហាស្មារតីមិនល្អនោះតើមានហេតុផលអ្វីផ្សេងទៀតទេ ដែលជំរុញឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារំលាយបាតុកម្មនោះ​?

អ្នកវិភាគខ្លះ​លើកឡើង​ថាដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ចន ឃើរី មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា​និងលិខិត​របស់សមាជិក​ព្រឹទ្ធសភាអាមេរិក​ផ្ញើ​ឲ្យលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​លើកឡើង​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​និងការ​គំរាម​កំហែង​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​នោះជាទម្ងន់​មួយ​ដែល​សង្កត់មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​ធ្វើ​បាតុ​កម្ម​​។​​​

អ្នកខ្លះ​ទៀត​លើកឡើង​ថាការ​បំពេញ​បេសកកម្ម​របស់​គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IP​U​​ នៅ​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៨​ខែកុម្ភៈ​ដើម្បី​ស៊ើប​អង្កេត​ពី​ស្ថាន​ភាព​សិទ្ធិ​នយោបាយ។​​ ​គណៈ​ប្រតិភូ​នេះជួប​មន្ត្រីជាន់​ខ្ពស់​របស់​គណបក្សប្រជាជនកម្ពុជានិងគណបក្ស​សង្គ្រោះ​ជាតិ​​ដែល​នេះ​ក៏​អាច​ជាចំណុច​មួយ​ធ្វើឲ្យ​ក្រុម​អ្នក​គាំទ្រគណបក្ស​​ប្រជាជន​កម្ពុជា​ពិបាក​ក្នុងការ​ធ្វើ​បាតុកម្ម​ដែរ។​

បើទោះ​ជាហេតុ​ផល​​នៃការ​ររំ​សាយ​ការធ្វើ​បាតុកម្ម​នេះមាន​ការបកស្រាយ​​ផ្សេង​គ្នា​ក៏ដោយ​ក៏​លោក ​ណៃ វ៉ង់ដា​ អនុប្រធាន​ផ្នែកស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​អាដហុកយល់​ថាជា​ឥរិយាបថ​ល្អ​មួយគួរ​យក​គំរូ​តាម​​ដែល​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជនកម្ពុជា​សម្រេច​មិនធ្វើ​បាតុកម្ម​ចំណែក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​​សែន មិន​មានប្រតិកម្ម​តបទៅ​នឹង​អ្នក​ធ្វើ្​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​អាមេរិក ហើយ​បែរ​ជាទៅ​ជួប​ជាមួយ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​រាប់​រយនាក់​នៅក្នុង​សណ្ឋាគារ​ទៅ​វិញ​​​​។​

សាស្ត្រាចារ្យនិង​ជា​អ្នក​ស្រាវ​ជ្រាវ​កិច្ច​ការ​នយោបាយ​លោក ឯម សុវណ្ណរ៉ា​ យល់​ថាយុវជន​ដែល​ចេញមុខបក​ស្រាយ​ថា រំសាយ​​ការធ្វើ​បាតុកម្ម​នោះគឺអាច​ធ្វើ​តាមគំនិត​​មន្ត្រីរបស់​គណបក្ស​ប្រជាជនកម្ពុជា​ឬជា​ឆន្ទៈរបស់​អ្នក​នយោបាយ​នៅថ្នាក់​លើ​។​ លោកយល់ថាការដែល​គណបក្សសង្គ្រោះ​ជាតិ​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​ការពារ​សុវត្ថិភាព​មន្ត្រី​របស់ខ្លួនហើយ​ក្រសួង​នេះ​យល់ព្រម​គឺ​អាច​ជាហេតុ​ផល​មួយ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រំសាយ​ការ​ធ្វើ​បាតុកម្ម​ព្រោះមិន​ចង់​ឲ្យ​ក្រុម​គ្នាឯង​ ប៉ះ​​និង​គ្នាឯង។ លោកបន្ថែមថា៖​ទី១គណបក្សប្រឆាំងគាត់បានស្នើទៅក្រសួងមហាផ្ទៃឲ្យជួយការពារសមាជិក ហើយបើក្រសួងមហាផ្ទៃការពារមិនបានធ្វើម៉េច? បើគ្រាន់តែទៅស្រែកហ្នឹងក្រុមគាត់អត់ចេះស្រែកទេគឺក្រុមគាត់ទៅវាយគេផូងផាំងហ្នឹង! គាត់មិនមែនទៅធ្វើបាតុកម្មដោយសន្តិវិធីដូច​ក្រុម​និស្សិត​ក្រុមអ្នកតវ៉ា​ឯណាគឺគាត់ទៅអាងអីអាងកម្លាំងបាយហ្នឹងនេះមិនមែនជាអ្នកនៅក្នុងសង្គមប្រជា​ធិបតេយ្យ​ទេបើយើងនិយាយមែនទែន។​

ហេតុការណ៍ដែរលបាតុករ​គាំទ្រ​គណបក្សប្រជាជន​ចោល​ដុំថ្មលើ​ផ្ទះ​លោក​ កឹម សុខា និងការ​ទាញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ទម្លាក់​ពី​រថយន្ត​វាយ​ដំនិងជាន់​ទន្ទ្រាំ​ផ្ទប់​នៅ​នឹង​ដី​នៅជាប់​របង​រដ្ឋ​សភា​ទាំង​កណ្តាល​ថ្ងៃត្រង់​នោះអ្នកវិភាគ​មួយ​ចំនួន​លើកឡើង​ថាវា​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជនកម្ពុជា​ទទួ​ល​បាន​ការគាំ​ទ្រ​កើនឡើង​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅវិញ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាចនិងខូចឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ​ទៅវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ