គណបក្ស​ទាំងពីរគ្រោង​​ជជែកពី​បញ្ហា​សកម្មជនបក្ស​ប្រឆាំង​ជាប់ឃុំខ្លួននៅកិច្ចប្រជុំលើកក្រោយ

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំ​ចរចា​នយោបាយ​កាល​ពី​ឆ្នាំ២០១៦។

អនុប្រ​ធាន​គណបក្ស​ប្រ​​ជាជនកម្ពុជានិង​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ នៅ​ល្ងាច​ថ្ងៃសុក្រនេះ​បាន​ជួបគ្នា​នៅ​វិមាន​រដ្ឋសភា ដោយ​មន្រ្តីអះអាង​ថា​ដើម្បី​បន្ត​ពង្រឹងវប្បធម៌​សន្ទនា​រវាងបក្ស​ទាំងពីរហើយ​​ការ​ចាប់ខ្លួន​​​សកម្ម​ជន​គណបក្សសង្គ្រោះ​ជាតិអាចនៅត្រូវ​ជជែក​នៅជំនួប​ពេល​ក្រោយ​។​

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា លោក​ ស ខេង ថ្លែងពេល​ស្វាគមន៍​គ្នា​ក្នុងជំនួបនេះថា​លោក កឹម សុខា និងរូប​លោក​ផ្ទាល់បា​ន​ទាក់ទងគ្នា​តាម​រយៈសារអេឡិច​ត្រូនិច​ដើម្បីជួបគ្នា​តាំងពីសប្តាហ៍មុន ប៉ុន្តែ​លោកថាដោយ​សារភាគីគណបក្សប្រ​ជាជន​មាន​ធុរៈ​ក៏​ពន្យា​ដល់​​សប្តាហ៍នេះ។​

ប្រធាន​ស្តីទីគណបក្ស​ង្រោះជាតិ លោក កឹម សុខា ថ្លែងក្រោយជំនួបទៅ​កាន់​អ្នក​សារព័ត៌មាន​ថាក្នុងជំនួបនេះភាគី​ទាំងពីរបានពិភាក្សាគ្នា​ពី​អ្វី​ដែ​ល​គណបក្សទាំងពី​របានជជែក​គ្នា​ហើយ​នៅ​សេស​សល់​នាពេល​កន្លងមក។ ទោះ​យ៉ាងណា​ លោក​មិនបាន​បញ្ជាក់ទេថា​ជា​បញ្ហា​អ្វី​នោះ ដោយ​លោក​ប្រគល់ភារកិច្ចនេះ​ទៅ​កាន់លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​របស់គណបក្សនេះ​វិញ។

ដូចគ្នា​នេះ​ដែរ​ លោក ស ខេង អនុប្រធាន​គណបក្សប្រជាជនកម្ពុជា ក៏មិនបាន​និយាយអ្វី​ដែរ ដោយ​លោក​ប្រ​គល់​​ភារកិច្ចនេះ​ទៅ​លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា​ខាងគណបក្សប្រ​ជាជន​កម្ពុជាវិញដែរ។

បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ ភាគី​ទាំងពីរនឹងខិត​ខំបន្តវប្បធម៌សន្ទនារវាងបក្ស​ទាំងពីរបន្តទៀត ដែល​លោក​ថាដើម្បី​ជាផល​ប្រ​យោជន៍​ជូន​ប្រ​ទេស​ជាតិ។​ លោក​ឲ្យ​ដឹងទៀតថា​ជំនួបនេះ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​បង្កើត​គណៈកម្មការចំពោះ​កិច្ច​ដើម្បី​ឲ្យមានការ​រៀប​ចំពិភាក្សា​សេចក្តីព្រាង​ច្បាប់​សហជីពបន្ត​ទៀត និងបើក​ឱកាស​ឲ្យភាគី​ពាក់ព័ន្ធបាន​ចូល​រួមផ្តល់យោបល់។ លោក​បន្ត​ថាភាគី​ទាំងពីរក៏បាន​យល់ព្រម​បង្កើត​ក្រុមការ​ងារដើម្បីពិភាក្សា​លើកកំពស់វប្បធម៌សន្ទនា ក៏​ដូច​ជាព្យាយាម​រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​នៅសេសសល់។ ត្រង់​​ចំណុចនេះ​ លោក ឲ្យ​ដឹងដែរថា​ភាគីទាំងពី​រអាចនឹងជជែកពី​ការ​ចាប់​ខ្លួនសកម្មជនរបស់​គណបក្សសង្គ្រោះ​ជាតិ​ផងដែរ។

ត្រង់​ចំណុចនេះដែរ លោក ឈាង វុន អះអាងថា​បញ្ហា​អ្ន​កជាប់​ឃុំ​របស់គណបក្ស​សង្រ្គោះជាតិមិនបាន​ស្ថិត​ក្នុង​របៀបវារៈនៅ​រសៀលនេះ​ទេ ដោយលោកថាបញ្ហាទាំងនេះទុកឲ្យថ្នាក់​ដឹកនាំ​កំពូល​របស់គណបក្ស​ទាំងពីរ​ជាអ្នក​ដោះស្រាយ​នៅពេលក្រោយ។

លោកបន្ថែមថា៖ “ឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ លោក​បានបញ្ជាក់​ច្បាស់ហើយ ការជជែកគ្នា​របស់​យើងនៅ​ល្ងាចនេះមិនមាន​និយាយពី​បុគ្គលណាៗណាទេ ហើយវាមិនមែនជារបៀបវារៈដែល​យើងត្រូវ​ជជែកគ្នាផង អ៊ីចឹងខ្ញុំគិតថារឿងដែល​នៅ​សេសសល់​ដែល​ឯកឧត្តម​យ៉ែម បុញ្ញឫទ្ធិ បាន​លើក​មិញ​នេះ អាចយក​មក​ជជែកគ្នានៅ​ពេលក្រោយ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំបាន​គិតពិចារណា”។​

លោក ឈាង វុន ឲ្យ​ដឹងដែរថាភាគី​ទាំងពី​រក៏​បាន​សម្រេច​ផ្តល់នូវមធ្យោបាយ​ដល់​ប្រ​ធានក្រុម​តំណាងរាស្រ្ត​ភាគតិចនិងភាគច្រើននូវទីប្រឹក្សា​ចំនួន​៩នាក់ ដែល​មាន​ឋានៈស្មើរដ្ឋលេខាធិការឬប្រ​ធានអគ្គនាយក​ដ្ឋានជាដើម ដែលលោក​ថាដើម្បី​ជួយ​សម្រួល​ដល់ការ​ងារ​របស់ប្រ​ធាន​ទាំងពីរ។ លើស​ពីនេះ​លោក​ថាប្រ​ធាន​ទាំងពីរ​ក៏​នឹងទទួលបាន​រថយន្ត​ម្នាក់មួយគ្រឿង​ផងដែរ។ ទន្ទឹមនឹងនេះ លោកថា ក្រុម​តំណាងរាស្រ្ត​ទាំងពីរភាគី​ក៏នឹងទទួលបាន​កញ្ចប់ថវិកាមួយចំនួនទៅ​តាម​សមាមាត្រនៃ​អាសនៈនៅ​ក្នុងសភាពីរដ្ឋសភា​ផងដែរ ដែល​លោក​ថា ដើម្បី​បំពេញ​ការ​ងារទៅ​តាម​គម្រោង​ដែលក្រុម​ណាមួយ​ស្នើឡើង។

បើ​តាម​អ្នក​នាំពាក្យ​ទាំងពីរ ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរគ្រោងនឹង​ជួបគ្នា​បន្តទៀត ប៉ុន្តែពួកលោកថាមិនទាន់កំណត់ថ្ងៃនៅឡើយ។ ទោះយ៉ាងណា ពួកគាត់​អះអាងថា​យ៉ាងតិចក៏​ភាគីទាំងពីរជួបគ្នា​ក្នុង១ខែម្តងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ