ខេមរៈ សិរីមន្ត ទទួលស្គាល់ថា ប្អូនស្រីមានបញ្ហាសុខភាព តែមិនមែនបញ្ហាស្បែក

លោក ខេមរៈ សិរីមន្ត ថ្លែង​ក្នុង​ឃ្លីប​វីដេអូ បកស្រាយ​បញ្ហា​សុខភាពរបស់​កញ្ញា ខេមរៈ ស្រីពៅ

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត បានចេញមុខទទួលស្គាល់ថា ប្អូនស្រីលោកគឺកញ្ញា ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាសុខភាពមែន តែលោកអះអាងថានាងមានបញ្ហាបំពង់ក និងពោះវៀនក្រពះ មិនមែនបញ្ហាស្បែកដូចពាក្យចចាមអារ៉ាមនោះទេ។

ការចេញមុខបកស្រាយរបស់តារាល្បីឈ្មោះរូបនេះធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមបែកខ្ទរខ្ទារថា តារាចម្រៀងផលិតកម្មសាន់ដេកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោកមានបញ្ហាស្បែកធ្ងន់ធ្ងរដោយសារតែនាងប្រើឡេខុស និងកំពុងសម្ងំព្យាបាលនៅក្រៅប្រទេស។

ក្នុងវីដេអូឃ្លីបរយៈពេលជិត៩នាទីបង្ហោះលើទំព័រហ្វេសប៊ុករបស់នៅល្ងាចថ្ងៃចន្ទនេះ លោក ខេមរៈ សិរីមន្ត បានថ្លែងថា កញ្ញា ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំសារភាពថាប្អូនស្រីរបស់ខ្ញុំមានបញ្ហាសុខភាពមែន ប៉ុន្តែមិនមែនបញ្ហាសុខភាពស្បែកទេ គឺបញ្ហាសុខភាពបំពង់សំឡេង ដែលធ្វើឲ្យនាងមិនអាចបកស្រាយចម្រៀងបាន និងបញ្ហាសុខភាពពោះវៀនក្រពះឯណេះទៅវិញទេ”

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក៏បានអះអាងដែរថា ការដែលបងប្រុសលោកគឺលោក ខេមរៈ ភារុណ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុន ថា កញ្ញា ខេមរៈ ស្រីពៅ មិនមានបញ្ហាសុខភាពនោះ គឺលោកថា ដោយសារមិនចង់ឲ្យអ្នកគាំទ្រនាងមានការបារម្ភ។

លោក មានប្រសាសន៍ថា៖ “ខ្ញុំក៏បានសួរទៅបងខ្ញុំដែរថាបង ហេតុអីបងឯងមិនប្រាប់ពីបញ្ហាសុខភាពបំពង់កគាត់ (ខេមរៈ ស្រីពៅ) ក៏ដូចជាពោះវៀនក្រពះគាត់ទៅ? បងប្រុសខ្ញុំគាត់ថា គាត់មិនចង់ឲ្យរំខានអារម្មណ៍ មិនចង់ឲ្យប៉ះពាល់ មិនចង់ឲ្យបងប្អូនអ្នកដែលគាំទ្រ ក៏ដូចជាអ៊ុំពូមីងដែលមានការខ្វល់ខ្វាយគាត់មានការខ្វល់ខ្វាយ”

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន
កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

លោក ខេមរៈ សិរីមន្ត បានចាត់ទុកអ្នកដែលបង្កើតពាក្យចចាមអារ៉ាមថាប្អូនស្រីលោកមានបញ្ហាស្បែកនោះថាជាអ្នក “ឈ្នានីស” និងថាការនិយាយបែបនោះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសប្អូនស្រីរបស់លោក។ លោកអះអាងដែរថា ប្រសិនបើប្អូនស្រីលោកមានបញ្ហាដោយសារស្បែកដោយសារឡេពិតមែន នោះក្រុមគ្រួសារលោកនឹងបង្ហាញឈ្មោះផលិត ឬគ្លីនិកនោះ ដោយលោកថាមិនបណ្ដោយឲ្យផលិតផល ឬគ្លីនិកនោះបន្តធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផ្សេងទៀតឡើយ។

ពាក់ព័ន្ធនឹងមូលហេតុដែលបណ្ដាលឲ្យកញ្ញា ខេមរៈ ស្រីពៅ មានបញ្ហាបំពង់ក និងពោះវៀនក្រពះវិញ លោក ខេមរៈ សិរីមន្ត អះអាងថា លោកនឹងធ្វើការបកស្រាយឲ្យបានលម្អិតនៅពេលក្រោយ ពេលប្អូនស្រីលោកបានធូរស្រាល និងជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ