អ្នកប្រណិប័តន៍ពុទ្ធសាសនាជំរុញឲ្យពលរដ្ឋខ្មែរស្វែងយល់ពីបុណ្យមាឃបូជា

ការ​ប្រារព្ធពិធី​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)

នៅថ្ងៃទី២២ ខែកុម្ភៈ នៅគ្រប់វត្តអារាមប្រារព្ធពិធីបុណ្យមាឃបូជានេះ ដូចជានៅវត្តបុទុមតីមានការរៀបចំហែរក្បួនជុំវិញវត្ត ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិតជាង១០០០នាក់ និងព្រះសង្ឃជាង៤០០អង្គ។

ព្រះតេជគុណ វ៉េត សុគន្ធា គង់នៅវត្តបុទុមតីមានសង្ឃដីកាថា ការដើរហែរក្បួនប្រារព្ធពិធីបុណ្យមាឃបូជានេះគឺដើម្បីរំឭកដល់កាលដែលព្រះពុទ្ធព្រះអង្គដាក់អាយុសង្ខារ និងការផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹងពីព្រះពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីការបន្ថែមថា ក្រៅកម្មវិធីហែរក្បួននេះក៏មានកម្មវីធីមួយចំនួនទៀតដូចជាការសម្មាទានសីល ទេសនា និងសូត្រមាឃបូជារហូតដល់ម៉ោង១២ទៀបភ្លឺផងដែរ។

ព្រះអង្គមានដីកាបន្ថែមថា៖ “ថ្ងៃនេះគឺជាថ្ងៃមាឃ ធ្វើពិធីមាឃបូជាគឺប្រារព្ធចំពោះព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានប្រកាសបាតិមោក្ខ និងប្រកាសសាសនារបស់ព្រះអង្គឲ្យកើតឡើងក្នុងលោក ទី២ធ្វើឡើងដើម្បីប្រារព្ធកាលដែលព្រះអង្គដាក់ព្រះជន្មាយុគឺវេលាដែលចូលព្រះបរិនិព្វាន ”

លោកយាយ ហេង សារ៉ែម ដែលបានចូលរួមហែរក្បួនជុំវិញវត្តបុទុមនោះបានឲ្យដឹងថា ប្រជាពលរដ្ឋធ្វើកម្មវិធីនេះឡើង ដើម្បីរំឭកដល់គុណរបស់ព្រះពុទ្ធ និងការដែលព្រះអង្គដាក់អាយុសង្ខារថា ព្រះអង្គនឹងចូលព្រះនិព្វាននៅ៣ខែខាងមុខ។ លោកយាយបន្ថែមថា សកម្មភាពគោរពប្រតិបត្តិសាសនាបែបនេះគឺធ្វើឡើងដើម្បីជាដំបូន្មានសម្រាប់ក្មេងជំនាន់ក្រោយ។

លោកយាយបន្ថែមថា៖ “កូនខ្មែរយើងគួរតែប្រតិបត្តិនូវធម៌ដែលជាគោលការណ៍របស់ព្រះពុទ្ធ គោលធម៌របស់ព្រះពុទ្ធនោះគឺដឹកនាំមនុស្សឲ្យធ្វើល្អត្រឹមត្រូវ មិនពាលាអាវាសែ គឺឲ្យដើរផ្លូវកណ្ដាល រកស៊ីដើរផ្លូវកណ្ដាលហ្នឹងដើម្បីឲ្យយើងបានស្ងប់ក្នុងអារម្មណ៍ និងកុំឲ្យមានការច្រណែននិន្ទាឈ្នានីសគ្នា មានប្រទូសរ៉ាយបង្កើតជារឿងជាហេតុ អីចឹងឲ្យស្ងប់ទាំងអស់គ្នា អីចឹងក្នុងគ្រួសារនីមួយៗមានសុភមង្គល ប្រទេសជាតិមានក្ដីសុខជានិរន្តតរៀងទៅដែរ”។

ពិធី​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)
ពិធី​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)

អ្នកនាំពាក្យក្រសួងធម្មការ លោក សេង សុមុនី ឲ្យដឹងថាការប្រារព្ធពិធីបុណ្យមាឃបូជានេះ ធ្វើឡើងនៅភ្នំឧដ្ដុង្គសម្រាប់ពិធីបុណ្យថ្នាក់ជាតិ ដោយមានការចូលរួមពីរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើននាក់។ លោកបន្ថែមថា៖ “យើងមានរៀបចំពិធីសូត្រមន្ត ទេសនា និងថ្ងៃនេះដង្ហែរមាឃ ប្រកាសមាឃ និង ថ្ងៃត្រង់រាប់បាត្រ”

លោកបន្ថែមថា សម្រាប់នៅតាមវត្តអារាមផ្សេងៗទៀតក៏មានការរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃ និង ដង្ហែរជាក្បួនធម្មយាត្រានៅពេលរសៀល និងបន្តកម្មវិធីសូត្រធម៌រហូតដល់ថ្ងៃស្អែកទៀត។

គួរបញ្ជាក់ថា ពិធីបុណ្យមាឃបូជានេះត្រូវបានធ្វើរៀងរាល់ថ្ងៃទី១៥កើត ខែមាឃ គឺជាថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារចូលទៅកាន់មហាបរិនិព្វាននៅ៣ខែខាងមុខ ពោលគឺជាផ្លូវទៅកាន់សុខស្ងប់ប្រាស់ចាកទុក្ខទាំងពួង៕

ពិធីដង្ហែ​​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)
ពិធីដង្ហែ​​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ