ជនជាតិកួយ៧គ្រួសារនៅព្រះវិហារផ្លាស់វេនចាំដីទប់ស្កាត់ការឈូសឆាយពីក្រុមហ៊ុនស្ករអំពៅ

ជនជាតិកួយចាំដីក្នុងតំបន់ដែលក្រុមហ៊ុនកំពុងឈូសឆាយ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជា៧គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លាស់វេនគ្នាចាំដីសហគមន៍ទប់ស្កាត់ក្រុមហ៊ុនស្ករអំពៅធំមួយដែលកំពុងឈូសឆាយដីដាំអំពៅដោយពួកគេអះអាងថាការឈូសឆាយនេះនឹងធ្វើឲ្យបាត់បង់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។

ជនជាតិកួយម្នាក់ដែលកំពុងចាំដីក្នុងតំបន់គោកក្រៀល ឃុំប្រមេរ លោកស្រី ហ៊ាម សាត មានប្រសាសន៍ថាក្រុមហ៊ុនស្ករអំពៅឈ្មោះឡានហ្វេង កំពុងឈូសឆាយដីរបស់ពួកគាត់ដើម្បីដាំអំពៅដោយអ្នកស្រីថាមានអាជ្ញាធរជាអ្នកកាងឲ្យក្រុមហ៊ុននិងគំរាមពួកគាត់ថានឹងប្តឹងទៅតុលាការប្រសិនជាពួកគាត់នៅបន្តទប់ស្កាត់។

លោកស្រី ហ៊ាម សាត បន្តថាបើទោះជាមានការគំរាមកំហែងក្តីតែពួកគាត់នៅតែមិនរាថយដោយអ្នកស្រីថាដីទាំងនេះជាអាយុជីវិត និងសម្រាប់ឲ្យកូនចៅពួកគាត់ជំនាន់ក្រោយរស់នៅអាស្រ័យផល។ លោកស្រីបន្តថា៖ “វាអត់ឈើធ្វើផ្ទះធ្វើអីអនាគតកូនចៅទៅមុខខ្ញុំថាស្តាយឈើខ្ញុំមិនឲ្យផ្តួល។ ប្រាប់តាំងពីមុនដំបូងថាកុំឲ្យផ្តួលខ្ញុំស្តាយណាស់ដើមឈើខ្ញុំទុកអាស្រ័យផលទៅមុខសម្រាប់កូនចៅតគ្នាទៅមុខទៀតកុំថាឃើញឈូសវាលហើយ ខ្ញុំថាមិនបានទេប្រាប់ឲ្យហើយជាមុននៅតែចចេសនៅតែធ្វើទាល់តែបាន“។

យុវតីជនជាតិដើមភាគតិចកួយកញ្ញា ខឿន ដានិច្ច ថ្លែងឲ្យដឹងថាកញ្ញាតែងមកផ្លាស់វេនចាំដីនេះរៀងរាល់ ២សប្តាហ៍ម្តងដោយកញ្ញាថាបើទោះជាត្រូវរងការលំបាកដោយការរស់នៅក្នុងព្រៃយ៉ាងណាក្តី។ កញ្ញាបន្ថែមថា៖ “ចង់ឲ្យគេជួយដោះស្រាយរឿងដីស្រែចម្ការបងប្អូនមិនថាខ្ញុំមិនថាគេទេសុទ្ធតែស្តាយដីស្រែទាំងអស់គ្នាអត់ពីដីស្រែទៅខ្ញុំបានអីហូបបើរាល់ថ្ងៃគេមានរកកម្មករក្បែរនេះឯណា ហើយម្យ៉ាងទៀតក៏ហាលក្តៅហាលផងអត់ទឹកអត់អីបើមិនធ្លាប់ហាលថ្ងៃវាល់ល្ងាចដូចគេឯណាបើស្ទូងស្រូវខ្លួនឯងថ្ងៃក្តៅពេកអាចរកម្លប់បាន“។

ក្រុមប្រជាសហគមន៍ទាំងនោះលើកឡើងថាពួកគេនឹងបន្តចាំដីដើម្បីទប់ស្កាត់ការឈូសឆាយរហូតមានដំណោះស្រាយណាមួយសមរម្យបើទោះជាត្រូវរស់នៅហាលខ្យល់ហាលភ្លៀងក៏ដោយ។

មន្រ្តីតស៊ូមតិរបស់អង្គការពន្លកខ្មែរលោក លូត សាំង មានប្រសាសន៍ថាជនជាតិដើមភាគតិចកួយរស់នៅដោយការអាស្រ័យផលព្រៃឈើនិងការធ្វើស្រែចម្ការតាមបែបប្រពៃណីផ្សេងៗ។ លោកបន្តថាប្រសិនជារដ្ឋាភិបាលមិនដោះស្រាយបញ្ហារបស់សហគមន៍ទេនោះពួកគេនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងពិសេសកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងមិនមានអ្វីសម្រាប់ចិញ្ចឹមជីវិតដើម្បីបន្តពូជពង្សទៀតឡើយ។ លោកបន្តថា៖ “រដ្ឋាភិបាលត្រូវតែពិនិត្យមើលច្បាប់មុននឹងផ្តល់ដីសម្បទានត្រូវតែពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាមួយសហគមន៍ជនជាតិដើមភាគតិចដែលមាននៅក្នុងទាំង១៥ខេត្តក្រុង ហើយចំណុចមួយទៀតត្រូវពិនិត្យមើលនៅថ្នាក់ក្រោមជាតិដែល​ពួកគាត់កំពុងតែយកតួនាទីភារកិច្ចទៅបម្រើការឲ្យក្រុមហ៊ុនមិនយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា​ដីធ្លីក៏ដូចជាចុះបញ្ជីដីជនជាតិដើមភាគតិចឲ្យបានលឿន“។

វីអូឌីមិនអាចទាក់ទងសុំការបំភ្លឺពីអភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា បានទេ ចំណែកអភិបាលរងខេត្តព្រះវិហារលោក ស៊ូ សេរី មានប្រសាសន៍ថាខេត្តបានបង្កើតគណៈកម្មការថ្មីសម្រាប់ដោះស្រាយបញ្ហានេះរួចហើយតែលោកមិនមានលេខសម្រាប់ទំនាក់ទំនងដោយលោកជាប់ប្រជុំ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១១រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ៩០១៥ហិកតាទៅឲ្យក្រុមហ៊ុនចិនឈ្មោះ ឡានហ្វេង វិនិយោគដាំអំពៅនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុននោះបានឈូសឆាយដីធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ក្រុមជនជាតិដើមភាគតិចកួយនៅឃុំប្រមេរបណ្ដាលឲ្យកើតមានការតវ៉ាជាច្រើនលើក។ ក្រុមពលរដ្ឋអះអាងថា ដោយសារការតវ៉ាមិនមានការដោះស្រាយសមរម្យណាមួយពីអាជ្ញាធរទើបប្រជាសហគមន៍ជនជាតិដើមភាគតិចកួយនៅតែបន្តការតវ៉ារហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ