មេដឹកនាំ គ.ជ.ប ប្រាប់មន្រ្តីរបស់ខ្លួនឲ្យប្រកាន់ជំហរអព្យាក្រឹត្យ

ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក (នៅពីមុខ) និងអនុប្រ​ធាន​ គ.ជ.ប លោក គួយ ប៊ុន​រឿន (នៅពីក្រោយ)

មេ​ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោតបាន​ណែនាំឲ្យមន្ត្រី​របស់​ខ្លួន​បម្រើការ​ងារ​ដោយ​ទទួល​ខុស​ត្រូវ ឯករាជ្យ និងអព្យាក្រឹត ដោយអះអាង​ថា​ដើម្បី​បង្ហាញ​ការទទួល​ខុស​ត្រូវ​ចំពោះ​ប្រ​ជាពល​រដ្ឋក៏​ដូចជាធានា​ឲ្យ​បាន​នូវ​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌​សម្រាប់ការបោះ​ឆ្នោត។​

អនុប្រ​ធាន​គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត(គ.ជ.ប)លោក គួយ ប៊ុន​រឿន ថ្លែងក្នុងកម្មវិធី​ប្រកាសតែង​តាំងអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីជាង៣០០នាក់ដែលចូល​កាន់​តំណែងនៅព្រឹកនេះថាដើម្បី​សម្រេចកិច្ច​ការ​រៀប​ចំការ​បោះ​ឆ្នោតបាន​មន្ត្រី​ គ.ជ.ប ត្រូវ​មាន​ក្រម​សីលធម៌និង​ប្រកាន់​ជំហរ​អព្យាក្រឹត។

លោក​បន្តថាមន្ត្រី​ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់​មាន​កាតព្វកិច្ច​និង​ការទទួល​ខុស​ត្រូវចំពោះប្រ​ជាពល​ក្នុង​ការ​រៀប​ចំ​ការ​​បោះ​ឆ្នោត​មួយ​ប្រ​កប​ដោយ​ភាព​ត្រឹម​ត្រូវនិង​យុត្តិធម៌។ លោកក៏​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទត្រូវចេះធ្វើ​ការ​រួមគ្នាមិន​ប្រកាន់បក្ស​ពួកនិង​ចេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មក។

លោក​បន្ថែមថា៖ “ដែល​ទាម​ទារឲ្យ​យើងទាំងអស់គ្នា​ប្តេជ្ញា​ចិត្តអនុវត្តការងារបោះឆ្នោតដោយ​ឈរលើ​ស្មារតីទទួល​​សុខត្រូវខ្ពស់ចំពោះ​មុខរដ្ឋសភា ប្រ​ជា​ពល​រដ្ឋ និង​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​កម្ពុជាយើង”។

ប្រ​ហាក់​ប្រ​ហែល​គ្នា​នេះ​ដែរប្រធាន ​គ.ជ.ប លោក ស៊ិក ប៊ុនហុក បាន​ណែ​នាំ​ឲ្យ​មន្ត្រី​ គ.ជ.ប គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ប្រ​កាន់​ជំហរ​ឯករាជ្យនិងអព្យាក្រឹតដែល​លោក​ថាបើ​បុគ្គលិក​ គ.ជ.ប ប្រ​កាន់​ជំហរនេះ​បាននឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌។

លោក​បន្ថែម​ថា៖ មាន​ជំហរ​ពីរធានាបាន​បីស្តាប់ទាន់​ទេ​ខ្ញុំ​និយាយ​ហ្នឹងជំហរគឺ​អនុវត្តសមត្ថកិច្ចដោយ​ឯករាជ្យ និងអព្យា​ក្រឹតគឺអាចធានាបាន​នូវការបោះ​ឆ្នោតមួយ​ដោយ សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ហើយបើ​ធ្វើបានការបោះ​ឆ្នោតដែលមានបីនេះគឺស្រប​តាម​គោល​ការណ៍​លទ្ធិប្រ​ជាធិបតេយ្យ សេរី ពហុបក្ស

បើ​តាម​មន្រ្តី គ.ជ.ប ដែល​បាន​ឡើងប្រ​កាសតែងតាំង​អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ឲ្យ​ដឹងនៅព្រឹកនេះ​ដែរថា គ.ជ.ប បាន​បញ្ចូល​មន្ត្រី​ជាប់​កិច្ចសន្យា​របស់​ខ្លួនចំនួន​៣៣២រូប​ឲ្យ​ក្លាយជាមន្ត្រី​រាជការពេញ​សិទ្ធិ ដែល​ក្នុងនោះ​រួមមាន​ក្រម​ខណ្ឌមន្ត្រី​ជាន់ខ្ពស់​គ.ជ.ប មាន​ចំនួន​១៩៦រូប មន្ត្រី​ក្របខណ្ឌមធ្យមមាន​ចំនួន​៤៥​រូប និង​មន្ត្រីក្របខណ្ឌបឋមមានចំនួន៩១​រូប។

ក្រោយពីត្រូវបាន​ប្រ​កាសតែងតាំងរួចអគ្គលេខាធិកា​ររង គ.ជ.ប  លោក នី​ ចរិយា ​មាន​ប្រសាសន៍​ទៅកាន់អ្នក​សារព័ត៌មាន​ថាលោកនឹង​ប្តេជ្ញាចិត្តបំពេញ​ការ​ងារនេះធ្វើ​ឲ្យ​ប្រ​ជាពល​រដ្ឋ​មានទំនុក​ចិត្ត​លើ​ គ.ជ.ប និងភាគី​គណបក្ស​នយោបាយទាំងអស់អាចទទួលយក​លទ្ធផល​បោះ​ឆ្នោតបាន។ លោកបន្ថែម​ថា៖ “អ៊ីចឹង​យើងខិតខំធ្វើ​យ៉ាងម៉េច​ឲ្យ​តែអនុវត្តបាន​ទៅតាម​អ្វីដែល​មាន​ចែងនៅ​ក្នុងច្បាប់ ដែលមាន​ចែងនៅក្នុងបទបញ្ជាទៅ ខ្ញុំ​គិតថា​នេះ​ជា​ដំណើរការ​មួយ​អាចធ្វើឲ្យ​ប្រ​ជាជន​មានជំនឿមកលើ​ គ.ជ.ប

អគ្គលេខាធិការរបស់ គ.ជ.ប​ ដែលត្រូវបានជ្រើសរើសឲ្យបន្តតំណែងនោះលោក​ ទេព នីថា បដិសេធមិន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មានទាក់ទងនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុងការ​រៀប​ចំការ​បោះឆ្នោត​នេះ។

នាយកប្រ​តិបត្តិ​អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និកហ្វិច លោក សំ គន្ធាមី បើ​តាម​លោក​សង្កេតសមាសភាពនៃ​ គ.ជ.ប ថ្មី​នេះអាច​ធ្វើ​ការ​បានល្អប្រ​សើរជាង​ គ.ជ.ប ចាស់។ ទោះយ៉ាងណាលោក​ថាប្រ​ជា​ពល​រដ្ឋ​ក៏ដូ​ចជា​ភាគី​ពាក់ព័ន្ធ​នៅ​រង់ចាំមើល​ការ​ងារ​របស់​ គ.ជ.ប បន្តទៀត​ថាតើ​ស្ថាប័នមួយ​នេះ​ធ្វើការ​ដោយ​ទំនុក​ចិត្ត​បាន​កម្រិតណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ