ស្ត្រីខ្មែរ៣នាក់នៅប្រទេសឡាវ និងចិន ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ និងប្រទេសចិនបានអន្តរាគមន៍ជួយស្ត្រី៣នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងសេក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុងសៀងហៃ និងខេត្តអានហួយ អន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រសួងឲ្យដឹងថា ស្រ្តីទាំង២នាក់នោះ ម្នាក់មានឈ្មោះ ស៊ុម បូណា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទៅប្រទេសចិន និងទៅរស់នៅជាមួយគ្រួសារខាងប្ដីនៅខេត្តអានហួយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ បន្ទាប់មកដោយសាររស់នៅមិនចុះសម្រុងជាមួយគ្រួសារខាងប្តី ក៏បានលែងលះប្តីដោយមានការសម្រេចរបស់តុលាការខេត្តនេះ និងស្ត្រីម្នាក់ទៀតឈ្មោះ លុន មី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានទៅប្រទេសចិន និងទៅរស់នៅជាមួយគ្រួសារខាងប្ដី នៅខេត្តជឺចាំងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ ហើយត្រូវប្ដីធ្វើបាប។

ក្រសួងឲ្យដឹងដែរថា ស្រ្តីខ្មែរទាំង២នាក់នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២៦ ខែកុម្ភៈ វេលាម៉ោង ០៩:៥០ នាទីព្រឹក តាមជើងយន្តហោះ K៦ ១០០។

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវបានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះម្នាក់ឈ្មោះ ចៀន ចាន់ធឿន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកវិហារសួគ៌ ខេត្តកណ្ដាល ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងថា ពលការិនីរូបនោះបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកឆ្លងទៅប្រទេសឡាវ។

ក្រសួងការបរទេសឲ្យដឹងទៀតថា ពលការិនី ចៀន ចាន់ធឿន បានមកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ តាមច្រកព្រំដែនត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដោយស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបានទិញសំបុត្ររថយន្តក្រុងពីទីក្រុងវៀងច័ន្ទ-ប៉ាក់សេ-ភ្នំពេញដល់ពលការិនីរូបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ