មន្ទីរអប់រំខេត្តឧត្ដរមានជ័យបំភ្លឺថាមិនមានករណីគ្រូវាយសិស្សឲ្យ “ត្រដរខ្យល់”

សិស្ស​ដែល​ត្រូវ​គ្រូវាយ ហើយ​សន្លប់ ដោយ​ត្រូវ​គេ​អះអាងថា ដោយ​សារ​ត្រូវ​គ្រូ​វាយ​ពេល​ចុកពោះ (រូប​ពី​ហ្វេសប៊ុក)

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យបំភ្លឺទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំថា ពុំមានករណីគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងសង្កាត់អូរស្មាច់ វាយសិស្សរហូតដល់ “ត្រដរខ្យល់ ក្អួតឈាម” ដូចការផ្សាយតាមបណ្ដាញសង្គមនោះទេ។

នៅថ្មីៗនេះ មានព័ត៌មានមួយចំនួនផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ក្នុងខេត្តឧត្ដរមានជ័យ បានវាយសិស្សស្រីម្នាក់រហូតដល់សន្លប់ ឬត្រដរខ្យល់។

ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ចុះថ្ងៃទី២៥ ខែកុម្ភៈ ប្រធានមន្ទីរអប់រំខេត្តឧត្ដរមានជ័យ ប្រធានមន្ទីរអប់រំខេត្តឧត្ដរមានជ័យ លោកស្រី ប៉ិច រតនា លើកឡើងថា កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ វេលាម៉ោងប្រមាណ៥ល្ងាច នៅអនុវិទ្យាល័យ ហ៊ុន សែន រួចចំប៉ី មានករណីគ្រូវាយសិស្ស “ដោយអចេតនា” ក្នុងពេលបង្រៀន រួចសិស្សបានសន្លប់ ដោយ​លិខិត​នោះ​អះអាងថា ដោយសារចំពេលដែលសិស្សនោះចុកពោះ។ លិខិតបន្តថា ក្រោយពេលកើតហេតុ ម្ដាយសិស្សបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យឈ្មោះកាប់ជើង ក្នុងប្រទេសថៃ រួចនាំកូនទៅផ្ទះវិញបន្ទាប់ពីដឹងខ្លួន។

student-in-oddar-meanchey-26-02-16-2
ការ​សម្រប​សម្រួល​រវាងអាណាព្យាបាលសិស្ស ជាមួយ​គ្រូ​ដែល​បាន​វាយ​សិស្ស​ (រូបពី​ហ្វេសប៊ុក)

លិខិតបន្ថែម​ថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្រុមការងារមន្ទីរបានចុះសាកសួរ និងប្រជុំដោះស្រាយដោយលោកគ្រូឈ្មោះ សុខ សារ៉ូត បានទទួលកំហុសថាបានវាយសិស្សស្រីម្នាក់​ឈ្មោះ ឆាយ ខៃឈីង “ដោយអចេតនាក្នុងលក្ខណៈលេងសើច ចំពេលដែលសិស្សកំពុងចុកពោះ”។ លិខិតអះអាងថា សិស្ស និងម្ដាយសិស្សបានយល់ព្រមទទួលការសុំទោសរបស់គ្រូ និងឈប់រករឿងតទៅទៀត ហើយសិស្សរូបនោះក៏បានទៅរៀនធម្មតានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ដោយមានសុខភាពល្អដូចធម្មតា។

លិខិតដដែលបន្តថា ក្រោយហេតុការណ៍គ្រូវាយសិស្សនោះមក មានព័ត៌មានតាមបណ្ដាញសង្គមបំប៉ោងហួសពីការពិតថា សិស្សដែលត្រូវគ្រូវាយនោះ “ត្រដរខ្លល់ ក្អួតឈាម” ហើយនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ លោកគ្រូអ្នកគ្រូ៩នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី បានផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមថាចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ តទៅ ពួកគាត់នឹងផ្អាកការបង្រៀនជាបណ្ដោះអាសន្ន ប្រសិនបើពុំមានដំណោះស្រាយ។ លិខិតបន្តថា នៅថ្ងៃទី២៥ ខែកុម្ភៈ ក្រុមការងារមន្ទីរអប់រំបានទៅប្រជុំសម្របសម្រួល ហើយក្រុមគ្រូបង្រៀនក៏បានយល់ព្រមថានឹងមិនផ្អាកការបង្រៀនសិស្សនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ