មន្រ្តីជំនាញឲ្យដឹងថាលទ្ធផលនៃការពិនិត្យឈាមរកមេរោគអេដស៍នៅភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បង្ហាញថាអ្នកផ្ទុកមេរោគមានចំនួន១៦នាក់ តែថានេះមិនមែនជាការផ្ទុះមេរោគអេដស៍ដូចការចុះផ្សាយលើបណ្តាញសារព័ត៌មាននោះទេ។
អនុប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បា្រប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះថារហូតមកដល់ថ្ងៃនេះ ក្រសួងបានរកឃើញមានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៨នាក់ ដែលក្នុងនោះលោកថាមាន២នាក់ជាអ្នកផ្ទុកចាស់និង១៦នាក់ជាទើបរកឃើញថ្មី។ លោកចាត់ទុកថាចំនួនមនុស្ស១៦នាក់នេះ មិនមែនជាការផ្ទុះនៃការឆ្លងជំងឺនេះទេ ដោយលោកថាមានការឆ្លងយូរហើយតែពួកគាត់ទើបតែចេញរោគសញ្ញាព្រមៗគ្នាទើបធ្វើឲ្យមានការផ្អើលនេះឡើង។
លោកមានប្រសាសន៍ថា៖ “មូលហេតុជំងឺអេដស៍ឆ្លងតាមការរួមភេទ ឆ្លងតាមការចាក់ថ្នាំផ្សេងៗឬក៏តាមអីផ្សេងៗ មូលហេតុតែប៉ុនហ្នឹងមិនមែនអញ្ចឹងទើបថាវាឆ្លងយូរមកហើយមិនមែនទើបតែឥឡូវទេវាមានឆ្លងតាមការរួមភេទប្តីប្រពន្ធ។ មានគូខ្លះមកហ្នឹងប្តីប្រពន្ធដែលយើងរកឃើញថ្ងៃ២២ហ្នឹង ក្នុង៤នាក់ហ្នឹងមានប្តីប្រពន្ធមួយគូ”។ លោកបន្ថែមថា៖ “ខ្ញុំបញ្ជាក់ទៅប្អូនម្តងទៀតខ្ញុំបានបញ្ជាក់ជាមួយសារព័ត៌មានភាគច្រើនហើយចេះតែសម្តៅទៅរឿងគេប្រើថ្នាំ ចាក់ថ្នាំអីទៅណាស់ យើងមើលក្នុងចំណោមមនុស្ស២៧៩នាក់មានក្មេង១១២នាក់ អត់មានឆ្លងមួយទេក្មេងហ្នឹងក្រោមក្រោម៥ឆ្នាំក៏មាន ក្រោម១៥ឆ្នាំ បើថាក្មេងឈឺច្រើនហើយត្រូវរកពេទ្យច្រើនហើយចាក់ថ្នាំចាក់អីនៅពេទ្យ គឺបើឆ្លងៗក្មេងហើយបាទអត់មាន!“។
បើតាមលោកវេជ្ជបណ្ឌិត សម្រាប់ប្រជាពលរដ្ឋណាដែលចង់ទៅពិនិត្យឈាមគឺអាចទៅពិនិត្យនៅមន្ទីរសុខាភិបាលខេត្តឬមណ្ឌលសុខភាពបាន។
កាលពីខែមករា ឆ្នាំ២០១៥ អង្គការដែលធ្វើការលើផ្នែកសុខភាព ឈ្មោះខេមរា បានចុះទៅធ្វើតេស្តឈាមប្រជាពលរដ្ឋនៅឃុំសំបួរមាស ដោយរកឃើញថាមនុស្សមួយចំនួនមានផ្ទុកមេរោគអេដស៍ រហូតដល់មានការសង្ស័យថាជាករណីផ្ទុះមេរោគអេដស៍។ មន្រ្តីក្រសួងសុខាភិបាលឲ្យដឹងថាការធ្វើតេស្តឈាមនេះមិនបានសុំការអនុញ្ញាតពីមន្ទីរសុខាភិបាលខេត្តកណ្តាលនោះទេ។
វីអូឌីមិនទាន់អាចទាក់ទងអង្គការខេមរា ដើម្បីសុំការបញ្ជាក់បាននៅឡើយទេ។
លោក លី ពេញស៊ុន បានបញ្ជាក់ថាអង្គការខេមរារកឃើញថាមានមនុស្ស៥នាក់ដែលបានផ្ទុកមេរោគអេដស៍។
គួរបញ្ជាក់ថាក្រោយពីមានការព្រួយបារម្ភពីប្រជាពលរដ្ឋពីការផ្ទុះការឆ្លងមេរោគអេដស៍នៅក្នុងភូមិពាម ក្រសួងសុខាភិបាលបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅពិនិត្យនិងធ្វើតេស្តឈាមដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចំនួន២៧៩នាក់ ក្រោយពីមានការធ្វើតេស្តឈាម និងពិនិត្យរួចមក ក្រសួងបានអះអាងថាមានមនុស្សតែ៤នាក់ប៉ុន្នោះដែលឆ្លងមេរោគនេះ។
ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ លោក ស្រី កែ សុវណ្ណរតន៍ បានដាក់លិខិតមួយចុះថ្ងៃទី២៥ខែកុម្ភៈ ទៅកាន់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយស្នើ ឲ្យពិនិត្យឡើងវិញ ករណីសង្ស័យថាផ្ទុះមេរោគអេដស៍នៅខេត្តកណ្តាល។
គួរបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ២០១៤ មានករណីរីករាលដាលឆ្លងមេរោគអេសដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានមនុស្សប្រមណា២៩០នាក់ត្រូវបានរកឃើញថាផ្ទុកមេរោគអេដស៍។ ករណីនេះ តុលាការបានកាត់ទោសគ្រូពេទ្យភូមិម្នាក់ ឈ្មោះ ញ៉ែម ជ្រិន ឲ្យជាប់គុក២៥ឆ្នាំ ដោយចោទថាជាអ្នកព្យាបាអ្នកភូមិធ្វេសប្រហែសបង្កឲ្យឆ្លងរោគអេដស៍តគ្នា៕