មិនដល់មួយទឹក សេក គឹមរួន វាយថៃឲ្យបោះបង់ការប្រកួត

កីឡាករ​ សេក គឹមរួន ផ្ដួលកីឡាករ​ថៃ Yorth Sanan ក្នុង​ទឹក​ទី​១ (រូបភាព៖ សុខ ឆាយ)

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា សេក គឹមរួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រើស្នៀតមិនដល់មួយទឹក តែអាចធ្វើឲ្យគូប្រកួតបោះបង់ការតស៊ូ។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ ភាគីខាងថៃបានប្រកាសសងសឹកដោយអះអាងថាមិនអស់ចិត្ត។

ក្នុងការប្រកួតដែលបានធ្វើឡើងនោះ កីឡាករកម្ពុជាមកពីក្លិបអង្គរមានជ័យខេត្តសៀមរាបធ្វើបានល្អហួសពីការស្មាន ក្នុងការវាយបំបាក់ជើងខ្លាំងមកពីប្រទេសថៃឈ្មោះ Yorth Sanan ឲ្យចុះ​ចាញ់​ដោយចំណាយមិនដល់មួយទឹក។ នេះជាលើកទី១ដែលកីឡាករថៃឡើងប្រកួតជាមួយកីឡាករម្ពុជាហើយត្រូវកីឡាករកម្ពុជាវាយឲ្យបែកកង់ក្នុងទឹកទី១ ក្នុងពេលដែលកីឡាករថៃមកប្រកួតភាគច្រើនគឺប្រមូលយកជ័យជម្នះទៅអស់។ កាលមកប្រកួតលើកទី១នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករថៃYorth Sanan វាយឈ្នះកីឡាករកម្ពុជា សារឿន ច័ន្ទ និងលើកទី២វាយចាញ់(ពិន្ទុ)កីឡាករកម្ពុជាឈ្មោះ វៀត ប៊ុនឌឿន តែជាការបរាជ័យដែលត្រូវគេមើលឃើញថាប្រផិតប្រផើយបំផុត។

ការប៉ះប្រកួតរវាង Yorth Sanan ជាមួយកីឡាករ សេក គឹមរួន មិនមានមនុស្សច្រើនទេ គិតថានឹងមានលទ្ធផលបែបនោះ ដោយសារតែ សេក គឹមរួន មិនទាន់ក្លាយជាកីឡាករលំដាប់ជួរមុខ ហើយកីឡាករថៃក៏មិនមែនធម្មតា។ បើកការប្រកួតស្វាគមន៍គ្នាភ្លាម កីឡាករថៃ Yorth Sanan ប្រើកណ្ដាប់ដៃវាយម៉ាត់ត្រូវចំកណ្ដាលមុខ និងសៀតផ្កាផ្ទួនៗលើកីឡាករកម្ពុជា ដោយគេមើលឃើញថាភាគីបង្គោលក្រហម សេក គឹមរួន ស្ទុះវាយបកដោយដៃ និងកែងមិនចូលនោះផង។

កីឡាករកម្ពុជាបានប្ដូរបច្ចេកទេសតតាំងពីប្រើដៃវាយសម្រុកទៅជាទាត់ជើងក្រោមរបស់កីឡាករថៃម្ដងហើយម្ដងទៀត ដោយកម្លាំងជើងខ្លាំងៗ។ ជិតពាក់កណ្ដាលទឹក ជើងរបស់ សេក គឹមរួន កាន់តែធ្វើឲ្យថៃផ្អៀងខ្លួនពិបាកទប់។ គាប់ជួនជាឃើញកីឡាករថៃបាក់ជំហរព្រោះតែមានរបួសត្រង់កន្លែងទាត់ កីឡាករកម្ពុជាក៏ស្ទុះចូលទាត់ខ្លាំងទៅៗ ធ្វើឲ្យមានសម្រែកហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ។

កីឡាករថៃដែលត្រូវគេមើលឃើញថាមានរបួសត្រង់ភ្លៅ និងកំភួនជើងបានប្រឹងទប់ខ្លួន ប៉ុន្តែ សេក គឹមរួន កាន់តែបន្តចូលទាត់។ ជើងរបស់កីឡាករថៃត្រូវគេឃើញក្រហមប៉ោង រហូតធ្វើឲ្យគេដួលមួយលើកលើរេញ បណ្ដាលឲ្យលោកអាជ្ញាកណ្ដាលរាប់ដល់៨ម្ដង។ ដឹងចំណុចខ្សោយរបស់កីឡាករថៃ ជើងខ្លាំង សេក គឹមរួន កាន់តែបន្តចូលទាត់បន្ថែម រហូតធ្វើឲ្យគូបដិបក្ខប្រកាច់ឱបជើងលើរេញ ហើយសម្រេចចិត្តបោះបង់ការប្រកួត។

កីឡាករ​ថៃ Yorth Sanan ក្រោយ​ត្រូវ​កីឡាករ​ សេក គឹមរួន ទាត់​បំ​បែកកង់​ក្នុង​ទឹក​ទី​១ (រូបភាព៖ សុខ ឆាយ)
កីឡាករ​ថៃ Yorth Sanan ក្រោយ​ត្រូវ​កីឡាករ​ សេក គឹមរួន ទាត់​បំ​បែកកង់​ក្នុង​ទឹក​ទី​១ (រូបភាព៖ សុខ ឆាយ)

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានបង្ហាញអារម្មណ៍ខកចិត្តដែលកីឡាកររបស់ខ្លួនត្រូវបាន សេក គឹមរួន វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី១។ លោកថា កីឡាករ Yorth Sanan មិនមែនរបួសជើងនៅមុនឡើងប្រកួតនោះទេ។ ប៉ុន្តែលោកថា ហេតុផលដែលធ្វើឲ្យគេសម្រេចចិត្តបោះបង់គឺដោយសារតែកីឡាករ សេក គឹមរួន ទាត់ត្រូវបានល្អ ហើយបណ្ដាលឲ្យសរសៃត្រង់ភ្លៅហើមពោរ និងធ្វើឲ្យសាច់ដុំនៅបរិវេណរងរបួសឡើងរឹង។

លោក ថៃ អ៊ូ ឲ្យដឹងដែរថា លោកនឹងរៀបចំឲ្យកីឡាករនេះប៉ះប្រកួតជាមួយ សេក គឹមរួន ម្ដងទៀត ដោយលោកថា កីឡាករថៃ Yorth Sanan បានអះអាងថាគេមិនអស់ចិត្តសម្រាប់ការប្រកួត។ លោកថាអ្វីៗដែលបានកើតឡើងគឺបណ្ដាលមកពីកីឡាកររបស់លោកមើលស្រាលកម្លាំងទាត់របស់គូប្រកួតប៉ុណ្ណោះ ប៉ុន្តែសម្រាប់គូនេះ បើប៉ះគ្នាលើកក្រោយទើបអាចដឹងថាអ្នកណាខ្លាំងពិតប្រាកដ។

នៅក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករថៃ Sakoun Phachlek ក៏បានវាយឲ្យម្ចាស់ខ្សែក្រវាត់K-Cement ទើបនឹងជាប់ថ្មីៗ ឆៃ សារ៉ា ចាញ់ពិន្ទុដោយអស់ចិត្តនៅលើរេញ ជាការសងសឹកជំនួសកីឡាករ Yorth Sanan ដែលត្រូវកីឡាករកម្ពុជាវាយឲ្យបះជើងក្នុងទឹកទី១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ