ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស

https://www.youtube.com/watch?v=uIrB9kGMCuw

រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបាន​ចេញសេចក្តីជូនដំណឹងមួយ​​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍និង​វិទ្យុទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់ផលិត​កម្មហង្សមាស​ ដោយ​ក្រសួង​ថា​បទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យ​ដើម​និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។​

នៅក្នុងសេចក្តីជូនដំណឹងមួយ​ចុះថ្ងៃទី​២៤ខែកុម្ភៈ ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​បទចម្រៀង​ច្រៀង​ដោយ​អ្នកនាង​ ​ពេជ្រ សោភា​និង​ឌីជេ​ដេវីឌ ទាំង​​ខ្លឹម​សារ​និង​រូបភាព​នៃ​ការ​សម្តែង​​បានប្រាសចាកអំពីអត្ថន័យ​ខ្លឹម​សារ​ដើម​ទាំងស្រុង​នៃ​បទចម្រៀង​ស្អាត​ជានិច្ច។ លោក​បន្តថា​អត្ថន័យ​ដើម​នៃ​បទចម្រៀង”ស្អាតជានិច្ច”បាន​អប់រំបណ្តុះគំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម​ រស់នៅ​ស្អាត​មានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោក​ថា​​បទចម្រៀងថ្មី​ទាំងអត្ថន័យ​ខឹ្លមសាររ៉េប បង្ហាញពី​អត្តចរិក​របស់កុមារ​ខ្ជិល​ច្រអូសម្នាក់​ រៀននៅ​បឋមសិក្សាធ្វើពុត​ជាឈឺក្បាល វិលមុខ និងក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅផ្ទះគេច​សាលាដើរលេង ហើយសិស្ស​មាន​អាកប្បកិរយា​មិនសមរម្យ​លេងឈូសស្បែកជើង។ លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​បទចម្រៀងនេះ​”ជះឥទ្ធិ​ពល​មិនល្អដល់កុមារទូទៅ”។​

អ្នកនាង ពេជ្រ សោភា ប្រាប់វីអូឌី​នៅថ្ងៃពុធនេះ​ថា​អ្នកនាង​ជា​អ្នកនិពន្ធ​និង​បង្ហាញគំនិត​នៃ​ការ​សម្តែង​បទចម្រៀងមួយនេះ។​ អ្នកនាង​បន្ត​ថា​ អ្នកនាង​​មិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន​នោះទេ តែ​​ថា​បទចម្រៀងនេះគ្រាន់តែ​ចង់រំឭកពីជីវិតនៅក្មេង​ដើរលេងឈូសស្បែកជើងប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់​ថា អ្នកនាង​​គ្មានបំណង​ធ្វើ​ប៉ះពាល់ដល់កុមារនោះទេ។ អ្នក​នាង​មានប្រសាសន៍ថា​ អ្នក​នាង​នឹង​ប្រយ័ត្នប្រយែង​ចំពោះ​​​ការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។​

អ្នកដឹកនាំសម្តែង​របស់​ផលិតកម្មហង្សមាស លោក អ៊ិន ទីតូ មានប្រសាសន៍ថា​លោក​មិនទាន់ដឹង​ពី​សេចក្តីជូនដំណឹង​របស់ក្រសួង​ព័ត៌មាននៅឡើយទេ ដូច្នេះ​លោក​សុំមិន​បញ្ចេញយោល់។

វីអូឌីមិនទាន់អាចទាក់ទង​អគ្គនាយករង​ផលិត​កម្ម​ ហង្សមាស លោក អ៊ឹង សុខលី​បាននៅឡើយទេ។

គួរ​បញ្ជាក់ថា​បទចម្រៀងស្អាតជានិច្ចនេះ​ត្រូវបានផលិតកម្មហងមាសផ្សព្វផ្សាយ​ជាសាធារណៈតាំង​ពី​ចុងខែមីនា ឆ្នាំ​២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ