បណ្តុំ​អង្គការសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាលបង្ហាញលទ្ធផល​ចុះបង្រ្កាបបទ​ល្មើស​ព្រៃ​ឈើ​

បណ្តុំ​អង្គការដែលធ្វើការ​លើ​ព្រៃឈើនិងបណ្តាញ​​​ជ​ន​ជាតិ​ដើម​ភាគ​តិចសរុប​ប្រមាណ​៣០​អង្គការ​បានជំរុញ​រដ្ឋា​ភិបាលបង្ហាញ​ពី​លទ្ធផល​នៃការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដល់សាធារណជន​ឲ្យ​បាន​​ដឹង។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ពុធនេះ​ ​ បណ្តាញ​ជ​ន​ជាតិ​ដើម​ភាគ​តិចនិង​ព្រៃ​ឈើចំនួន​​២៧ បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​​ភិបាលក្នុង​ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​នាំ​ចេញ​ទៅប្រ​ទេស​វៀត​ណាម។ ទោះ​ជា​យ៉ាងណា ​អង្គការ​ទាំង​នោះ​បាន​បង្ហាញ​​ការ​សោក​ស្តាយ​ចំពោះ​យន្តការ​ផ្លូវ​ច្បាប់​​ដែល​មាន​ស្រាប់​ តែ​នៅ​តែ​មិន​​អាច​ទប់​ស្កាត់​ចំពោះ​បទ​ល្មើ​ស​ព្រៃ​ឈើ​នៅ​ទូ​ទាំង​ប្រទេស​។ អង្គការទាំងនោះ​មាន​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំងចំពោះខែ្សសង្វាក់នៃការផ្គត់ផ្តង់ឈើ ដោយ​ថា​មិនមាន​ទិន្នន័យ​ច្បាស់​លាស់​​បញ្ជាក់​ពី​បរិមាណ​ឈើនាំចេញមកពីប្រភពផ្សេងៗរួមមានពីសហគមន៍ព្រៃឈើចម្ការឈើ គម្រោង​​អាជីវ​កម្ម​រ៉ែ ទំនប់វារីអគ្គិសនី ជាពិសេសពីសម្បទានដីសេដ្ឋកិច្ច។​

អង្គការទាំងនោះ​បាន​បញ្ជាក់​ថា៖ “​កត្តាទាំងអស់នេះហើយ​ដែល​បណ្តាល​ឲ្យព្រៃ​ឈើនៅកម្ពុជាបាត់បង់ ប្រសិន​បើពុំមាន​អន្តរាគមន៍​ដោះស្រាយ​ទាន់​ពេ​ល​វេលាទេ ជា​ពិសេសវា​​​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ជីវភាព​ប្រជាសហគមន៍​មូលដ្ឋាន​ដែល​ពឹង​អាស្រ័យ​ផល​ អនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”

អង្គការទាំងនោះ​​បាន​ស្នើដល់​​រដ្ឋាភិបាល​និង​ស្ថាប័នពាក់​ព័ន្ធ​ទាំងអស់ត្រូវ​ចាត់​វិធាន​ការនិងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជាហើយ​​បង្ហាញលទ្ធផល​នៃ​ការ​បង្ក្រាប​នេះដល់សាធារ​ណ​​ជ​ន ទាំងបរិមាណឈើ​ដែល​បាន​ចាប់ ជនល្មើសពាក់ព័ន្ធ ព្រម​ទាំង​ចាត់ការជនល្មើស។​ ​

តំណាង​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ លោក​ ឯម សុភ័ក្រ្ត​ ​ប្រាប់​វី​អូ​ឌី​ថាលោក​​បារម្ភ​ចំពោះ​ចំណាត់​​ការ​រដ្ឋាភិបាល​លើព្រៃឈើ ដែ​ល​លោក​ថា​មាន​ប្រសិទ្ធភាព​តែមួយរយៈ។​ លោក​បន្ថែម​ថា៖ យើង​ឃើញ​ថាប្រហែល​ជា​លើក​ចុង​ក្រោយ​ឬ​នៅ​បន្ទាប់​ទៀត​ក៏មិន​ដឹង តែយើង​ឃើញ​ថា​លើក​នេះ​មាន​ការ​បង្កើតគណៈកម្មការ​ត្រឹម​ត្រូវ ហើយ​ឃើញ​មាន​ការ​ចុះ​បង្ក្រាប​នោះ​មាន​លក្ខណៈឃើញ​ថា​បទ​ល្មើ​ស​ទាំង​អស់​នោះ​ឃើញ​ថា​មាន​ការ​ថយ​ចុះ យើង​ឃើញ​ថា​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ដែរ។​ ប៉ុន្តែ​យើងនៅ​តែមាន​ការ​ព្រួយ​បារម្ភគណៈកម្មការ​ហ្នឹង​មិន​ទាន់​បង្ហាញពី​លទ្ធផល​ជាក់​លាក់​ពី​តម្លាភាពការ​បង្ក្រាប​ហ្នឹង ទី​ពីរ មិន​ទាន់​បាន​ឃើញ​ចាប់​ជន​ប្រព្រឹត្តណាមួយ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ហើយ​មួ​យ​ទៀត​យើង​ថា​តើ​គណៈកម្មការ មាន​និរន្ត​ភាព​ទៅ​មុខ​ទៀត​អត់​ឬមួយ​គ្រាន់​តែ​បង្កើត​ដូច​ភ្លើង​ចំបើង នាំ​មួយ​ឆាវ​ៗតាម​តែ​ប្រសាសន៍របស់​នាយក​រដ្ឋ​មន្ត្រី

អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថារដ្ឋាភិបាលកំពុងតែធ្វើប្រតិបត្តិ​ការ​ទប់ស្កាត់បទល្មើសព្រៃឈើនេះ។ លោកបន្ត​ថា​នៅតាមបណ្តាខេត្តនីមួយៗ រដ្ឋាភិបាល​បាន​បង្កើតឲ្យមានគណៈបញ្ជាការដែលមានអភិបាលខេត្តជាប្រធាននិង​ដឹកនាំ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​នេះតាំងពីឆ្នាំ២០១៤មកម្ល៉េះ​។ លោកបន្ថែមថា៖ “សូមបញ្ជាក់ថារាជរដ្ឋាភិបាលកំពុងចាត់វិធានការហើយ  ចំពោះ​ការវាយ​តម្លៃ​ណា​មួយ​មិនគួរធ្វើឡើងទេនៅពេលដែលគណៈកម្មកាកំពុងតែធ្វើការ…សម្តេចលោកបានឲ្យឯក​ឧត្តមសៅ សុខា ដឹកនាំបង្ក្រាបបទល្មើសព្រៃឈើ ហើយកំពុងតែបង្រ្កាបហ្នឹង បាទអ៊ីចឹងកុំទាន់វាយតម្លៃអីបាទ”។

កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើឲ្យ​ធ្វើការងាររបស់ខ្លួន​ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តី​ទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​ លោក​បាន​ស្តី​​បន្ទោសទៅភាគីពាក់ព័ន្ធដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។ លោក​មានប្រសាសន៍ថា​៖ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹង​វាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណា​ស់តែ​អ៊ីចឹង”។​

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ដាក់ទោស​ទណ្ឌ​អ្នកកាប់បំផ្លាញព្រៃឈើនិង​បញ្ជាឲ្យ​លោក សៅ សុខា មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្រ្កាប​ការ​កាប់បំផ្លាញព្រៃឈើចាត់វិធានការ​ដោយ​មិន​​លើក​លែង។​

លោក​មានប្រសាសន៍ថា៖ ខ្ញុំឲ្យ​ឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេ ខ្ញុំឲ្យ​បាញ់ណា បើថា​វាព្រហើនរ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃទេ

គួរបញ្ជាក់ថា​កាលពីខែមករា ឆ្នាំ​២០១៦ លោក ​ហ៊ុន សែន ​បាន​សម្រេច​បង្កើតគណៈកម្មការ​មួយ​​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាម​និងឡាវ។ ​​តាម​រយៈសេចក្តី​សម្រេច​នោះរដ្ឋា​ភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការមួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ។

យ៉ាងណាក៏ដោយរហូត​មក​ដល់ពេល​គណៈកម្មការ​ចុះទប់ស្កាត់និង​បង្ក្រាបបទល្មើសព្រៃឈើនោះមិនទាន់បង្ហាញរបាយការណ៍បង្ក្រា​បជូន​សាធារណៈជន​បានដឹង​នៅឡើយ៕ ដោយ​ លោក ហ៊ុន សិរីវឌ្ឍន៍​និង​លោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ