រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាសាលាពហុភាសាដែលមានបង្រៀនជាភាសាខ្មែរនិងភាសាជនជាតិដើមភាគតិចកំពុងជួយឲ្យកាត់បន្ថយអត្រារៀនត្រួតថ្នាក់ ការបោះបង់ការសិក្សានិងកាត់បន្ថយភាពក្រីក្រដល់ជនជាតិដើមភាគតិចនៅកម្ពុជា។
លោក ហង់ ជួន ណារ៉ុន ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអប់រំ ពហុភាសាឆ្នាំ២០១៥-២០១៨ ដែលរៀបចំនៅខេត្តក្រចេះ កាលពីថ្ងៃអង្គារម្សិលមិញ។ លោកមានប្រសាសន៍ថាសព្វថ្ងៃការអប់រំសម្រាប់កុមារជនជាតិដើមភាគតិចកំពុងជួបការលំបាក ដោយពួកគេមិនទាន់ទទួលបានការអប់រំប្រកបដោយសមធម៌ដូចកុមារទូទៅ ដូច្នេះហើយការអប់រំពហុភាសានឹងជួយឲ្យពួកគេអាចរៀនទាន់កុមារដទៃ។
លោកបានថ្លែងថា៖ “ការបង្រៀន២ភាសានេះគឺលើកទឹកចិត្តឲ្យជនជាតិដើមភាគតិចបញ្ជូនកូនចៅទៅរៀន។ អីចឹងកាត់បន្ថយនូវភាពក្រីក្រផង ក៏ផ្តល់ឱកាសឲ្យគាត់ទទួលបាននូវការអភិវឌ្ឍសមស្រប ប្រសិនបើពួកគាត់អត់ចេះភាសាខ្មែរ គាត់មិនអាចរកការងារធ្វើបានទេ”។
គ្រូបង្រៀនថ្នាក់ទី៣នៃសាលាអប់រំពហុភាសាទេរចម្លង ក្នុងឃុំកន្ទួត ស្រុកចិត្តបុរី ខេត្តក្រចេះ លោក ពើច នី ប្រាប់ថាបន្ទាប់ពីមានសាលាពហុភាសានេះ ក្មេងៗចេះសរសេរ និយាយនិងកត់ត្រាទាំងភាសាជនជាតិដើម និងភាសាខ្មែរដែលអាចធ្វើឲ្យពួកគេរក្សាបាននូវវប្បធម៌ប្រពៃណីនិងងាយស្រួលស្វែងរកការងារធ្វើក្នុងពេលអនាគត។
លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាពេលដែលគាត់បានរៀនភាសាកំណើតនិងភាសាខ្មែរ ភាសាកំណើតវាជាស្ពាន ស្ពានមួយដែលសម្រាប់ទៅរៀនបន្តទៅថ្នាក់បឋម ដូចថាថ្នាក់ទី៤ ទី៥ ទី៦ ចឹង ទី៧ ទី៨ ទៅ។ ដល់ភាសាខ្មែររៀនចាប់ពីថ្នាក់ដូចគ្នា គាត់ងាយស្រួលប្រើប្រាស់ភាសាហ្នឹងតាមសហគមន៍ និងតាមជីវភាពរបស់គាត់ក្នុងពេលអនាគតទៅ”។
ប្រធានអង្គការឃែរប្រចាំប្រទេសកម្ពុជា លោកស្រី ចូអាន ហ្វ៊ែរលី មានប្រសាសន៍ថាកិច្ចសហការជាច្រើនឆ្នាំរវាងអ្នកពាក់ព័ន្ធទាំងអស់ក្រោមកិច្ចដឹកនាំរបស់ក្រសួងនិងការគាំទ្រពីអង្គការឃែរ និងយូនីសេហ្វ បាននាំឲ្យមានការៀបចំផែនការច្បាស់លាស់មួយដែលផ្តល់នូវអត្ថប្រយោជន៍ទូលំទូលាយដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចតាមរយៈការផ្តល់ជាសៀវភៅសិក្សា និងគ្រូបង្រៀនជាដើម។ លោកស្រីបន្តថា៖ “ខណៈពេលដែលការអប់រំពហុភាសាកំពុងឈានទៅដល់ដំណាក់កាលបន្ទាប់ យើងសង្ឃឹមថានឹងបន្តភាពជាដៃគូប្រកបដោយផ្លែផ្កានេះ ក៏ដូចជាស្វែងរកនូវឱកាសនាពេលអនាគតដើម្បីបង្កើនលទ្ធផលនៃការអប់រំពហុភាសានេះបន្ថែមទៀត”។
ការអប់រំពហុភាសាត្រូវបានអនុវត្តក្នុងការអប់រំក្នុងប្រព័ន្ធលើកដំបូងក្នុងឆ្នាំ២០០៣ពេលដែលអង្គការឃែរបើកសាលារៀនសហគមន៍ដើម្បីលាកល្បងការអប់រំពហុភាសានៅកម្ពុជា ហើយត្រូវបានក្រសួងអប់រំដាក់បញ្ចូលតាមសាលារៀនរដ្ឋក្នុងខេត្តរតនគិរីក្នុងឆ្នាំ២០០៧-២០០៨។ ការអប់រំពហុភាសាត្រូវបានអនុវត្តក្នុងកម្រិតមត្តេយ្យសិក្សានៅតាមសាលារៀនរដ្ឋក្នុងខេត្តចំនួន៥និងកម្រិតបឋមក្នុងខេត្តចំនួន៤។ ក្នុងឆ្នាំ២០១៥មានភាសាជនជាតិដើមភាគតិចចំនួន៥ត្រូវបានប្រើប្រាស់នៅតាមសាលារៀន ដូចជាភាសាព្រៅ ទំពួន កាវ៉ែត និងព្នង។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ រហូតមកដល់ពេលនេះសាលាសហគមន៍ពហុភាសាមានចំនួន៦៧ក្នុងខេត្តចំនួន៤ ដែលក្នុងនោះសាលាចំនួន២៧បានបញ្ចូលជាសាលារដ្ឋក្រោយសាលាទាំងនោះបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់៕