សហភាពសហព័ន្ធយុវជនកម្ពុជាសង្ឃឹមថានឹងមានអ្នកចូលរួមអង្គរសង្ក្រាន្តកាន់តែច្រើន

ពលរដ្ឋ​ទៅ​ចូលរួម​កម្មវិធី​អង្គរសង្ក្រាន្ត​កាល​ពី​ឆ្នាំ​មុន (រូបភាព​ពី​ហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត)

ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខ សប្បាយណា នៅព្រឹកនេះ លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៤នៅឆ្នាំនេះនឹងមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន បើទោះបីមិនមានការរៀបចំបំបែកឯកត្តកម្មពិភពលោកដូចឆ្នាំមុន ដោយលោកថាប្រសិនបើមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។

លោក សុខ សប្បាយណា លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកមានប្រសាសន៍ថា ព្រឹតត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមិនមានរៀបចំធ្វើនំអន្សមយក្ស ឬឧបករណ៍យក្សផ្សេងៗសម្រាប់តាំងបង្ហាញដូចឆ្នាំមុននោះទេ ប៉ុន្តែនឹងមានការពូនផ្តុំគ្នាធ្វើនំត្រៀបបាយ និងនំផ្លែអាយ ដែលត្រូវគេឲ្យឈ្មោះថា បង្អែមនៃក្តីស្រឡាញ់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលនឹងចូលរួមទស្សនា។

លោក សុខ សប្បាយណា មានប្រសាសន៍ថា៖ “ស្មារតីនៃយុវជនចូលរួម ស្មារតីនៃពុកម៉ែពូមីងចូលរួមមិនអាចយើងវាស់ស្មានបានទេ ប៉ុន្តែវាជាអរូបី ប៉ុន្តែយើងមានច្រើនជាងអ្វីដែលថាច្រើនជាង១លាននាក់ចូលរួម ហើយបើឲ្យប៉ាន់ស្មានតែម្តងអត់ហ៊ានដែរ តែសង្ឃឹមថាអ្វីដែលបងៗពូៗនៅទីនេះផ្សព្វផ្សាយទៅនឹងធ្វើឲ្យមានភាពទាក់ទាញ នឹងធ្វើឲ្យមានការចូលរួមពីប្រជាពលរដ្ឋបានច្រើន”

លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះក៏នឹងរៀបចំសួនកុមារ និងកន្លែងសម្រាប់ជនពិការ ក៏ដូចជាការតុបតែងភ្លើងចំរុះពណ៌ ដែលលោកថាលម្អទៅដោយរូបស្វានិមិត្ត និងផ្កាចម្ប៉ាតំណាងឱ្យទេវតាឆ្នាំថ្មីផងដែរ។

លោក សុខ សប្បាយណា បន្ថែមទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានរៀបចំកម្មវិធីជាច្រើនដូចជា ពិធីបួងសួងសុំសេចក្តីសុខសួស្តី ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត កម្មវិធីល្បែងប្រជាប្រិយនិងរបាំប្រពៃណីខ្មែរ កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីទៅវត្តនិងពូនភ្នំខ្សាច់ ការប្រណាំងរទេះគោ ក្របី កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត កម្មវិធីល្ខោនបាសាក់ កម្មវិធីប្រកួតអុកចត្រង្គអបអរសាទរអង្គរសង្ក្រាន្តឆ្នាំ២០១៦ ពិធីប្រកួតប្រជែងរូបថត និងពិធីសាសនា ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត។

បើតាមលោក សុខ សប្បាយណា ដូចបណ្តាឆ្នាំមុនៗដែរ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦ គ្រោងនឹងរៀបចំនៅទីតាំងផ្សេងៗគ្នា រួមមានបរិវេណខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារមុខព្រះរាជដំណាក់ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ក្នុងការបើកព្រឹត្តិការណ៍នេះផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានដកស្រង់របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូតដល់ជិត១លាននាក់ ក្នុងអត្រាកំណើនត្រីគុណនឹងស្ថិតិចំនួនភ្ញៀវទេសចរនាឆ្នាំកន្លងទៅ ដែលមានចំនួនសរុប៣៨៥ ៦២៩នាក់។

សេចក្ដីប្រកាសព័ត៌មានបន្តថា បើធៀបលំហូរចូលសេដ្ឋកិច្ចជាតិ ព្រឹត្តិការណ៍នៅឆ្នាំ២០១៥នេះបានទាញចំណូលសេដ្ឋកិច្ចខេត្តសៀមរាបដោយផ្ទាល់ចំនួន៦០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងទ្វេដងនៃចំណូលឆ្នាំមុន ដែលមានជិត៣០លានដុល្លារសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សហភាពសហព័ន្ធយុវជនកម្ពុជាមិនបានបញ្ជាក់ប្រាប់ពីការចំណាយឆ្នាំមុនៗ និងគម្រោងនៃការចំណាយក្នុងឆ្នាំនេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ