ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាចរដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលជាម្ចាស់អំណាច នៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវមានតួនាទីពិនិត្យមើលកិច្ចសន្យានិងលទ្ធភាពនៃការអនុវត្តរបស់គណបក្សទំាងឡាយនិងសម្រេចចិត្តផ្តល់ជូនអំណាចទៅគណបក្សណាមួយតាមរយៈការបោះឆ្នោត។
គណបក្សនយោបាយដែលជាគូប្រកួតដើម្បីបានអំណាចរដ្ឋ ដោយសារការជឿទុកចិត្តពីពលរដ្ឋចាំបាច់ត្រូវប្រកួតគ្នានូវកិច្ចសន្យានយោបាយឬកម្មវិធីនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ដោយផ្តោតលើ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ មិនមែនដើម្បីបានអំណាចពីពលរដ្ឋត្រូវចង់អាឃាតគ្នាកាប់សម្លាប់គ្នា ឬធ្វើឲ្យគូប្រកួតម្ខាងទៀតឈឺចាប់ដោយសារខ្លួននោះឡើយ។
យើងងាកមកមើលស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយអ្នកនយោបាយ ហាក់បីដូចជាឃ្លាតឆ្ងាយពីទ្រឹស្តីខាងលើ ដែលមិនត្រឹមតែចង់អាឃាតគ្នានិងធ្វើឲ្យគូប្រកួតម្ខាងទៀតឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការភ័យខ្លាចនិងភាពរងគ្រោះជាប្រយោលទៅដល់ប្រជាពលរដ្ឋដោយសារការដណ្តើមអំណាចគ្នារបស់អ្នកនយោបាយទៀតផង។ ពិសេសភាពគ្រោះថ្នាក់បំផុតសម្រាប់ជាតិគឺការបំផុសឲ្យមហាជនគាំទ្រខ្លួន “ប្រឆាំងគ្នា” ដើម្បីអំណាចខ្លួនដែលនៅលើពិភពលោកនេះ គេតែងតែបញ្ចៀសមិនឲ្យកើតមានឡើយ។
គណបក្សធំៗទាំងពីរ CPPអាងកម្លាំងប្រដាប់អាវុធនិងអំណាចតុលាការ ចំណែកCNRPអាងកម្លាំងមហាជននិងឥទ្ធិពលការទូតបរទេស។ មួយរយៈចុងក្រោយនេះ គណបក្សទាំងពីរនេះបានសម្តែងឫទ្ធិដាក់គ្នាសម្បើមណាស់ ហើយមានចរន្តដើរផ្ទុយគ្នានិងមានប្រៀបលើគ្នាម្យ៉ាងម្នាក់។ បើយើងពិនិត្យដោយយកចិត្តទុកដាក់ យើងឃើញថា៖
ទី១-CNRP កម្មវិធីនយោបាយនិងសកម្មភាពនយោបាយគឺមានប្រៀបជាងCPP។ មានប្រៀបជាងនោះ នៅត្រង់ថាខ្លួនជាបក្សប្រឆាំងអាចរិះគន់ចំណុចខ្វះខាត ចំណុចខ្សោយ ចំណុចអវិជ្ជមានរបស់CPPដូចជាបញ្ហាអំពើពុករលួយ អំពើអយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស បំផ្លាញធនធាន ធម្មជាតិ ភាពគ្មានការងារធ្វើ ចំណាកស្រុក ប្រាក់ខែកម្មករ-មន្ត្រីរាជការ ពិសេសថ្មីៗនេះ គឺបូរណភាពទឹកដីនិងខ្នាតផែនទីជាដើម។ តាមរយៈយន្តការរដ្ឋសភា មានគណៈកម្មការចំនួន៥ និងតំណាងរាស្រ្ត៥៥រូប គួបផ្សំនឹងចរន្តគាំទ្រនិងចង់មានការផ្លាស់ប្តូរពីមហាជនភាគច្រើន ដូចនេះ បានធ្វើឲ្យការផ្សព្វផ្សាយកម្មវិធីនយោបាយនិងការធ្វើសកម្មភាពនយោបាយមានប្រៀបជាង។ ឥទ្ធិពលនៃការផ្លាស់ប្តូរនៅប្រទេសភូមាក៏អាចជួយបានមួយផ្នែកដែរ។
ទី២-CPP យុទ្ធសាស្ត្រនយោបាយនិងអំណាចស្ថាប័នរដ្ឋគឺមានប្រៀបជាងCNRP។ មានប្រៀបជាងនោះ នៅត្រង់ថាខ្លួនជាបក្សកាន់អំណាចមានឱកាសកែលំអចំណុចទាំងឡាយ ដែលបក្សប្រឆាំងរិះគន់ និងប្រើប្រាស់នូវយន្តការមួយចំនួន ដើម្បីឆ្លើយតបដោយប្រើអំណាចស្ថាប័នរដ្ឋ ដូចជាកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធតុលាការ។ ជាពិសេសនេះ CPPមានមធ្យោបាយច្រើនក្នុងការអនុវត្តយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដើម្បីបន្សាបកម្មវិធីនយោបាយនិងបន្ថយសកម្មភាពនយោបាយរបស់CNRPដែលអាចបង្កហានិភ័យ ដល់ការកាន់អំណាចរបស់ខ្លួន បើសិនខ្លួនបណ្តោយឬមិនទប់ស្កាត់សោះនោះ ដូចជាលប់ព្រៃសម្បទាន ដំឡើងប្រាក់ខែកម្មករ-មន្ត្រីរាជការ បង្ហាញឯកសារព្រំដែននិងផែនទី។ល។ ម្យ៉ាងទៀត កន្លងមកនេះ CPPច្រើនតែរៀបចំ អន្ទាក់នយោបាយ ហើយពេលCNRPមិនប្រយ័ត្ន ក៏ចូលអន្ទាក់ ហើយចំណាយពេលគិតនិងរកមធ្យោបាយដោះអន្ទាក់នោះ ច្រើនជាងប្រើពេលវេលាក្នុងការពង្រឹងគណបក្សខ្លួននិងត្រៀមខ្លួនឈ្នះ ព្រមទាំងត្រៀមខ្លួនដឹកនាំនៅពេលឈ្នះ។
ឥឡូវនេះការប្រឈមដាក់គ្នារវាងគណបក្សទាំងពីរបានមកដល់ចំណុចមួយដែលខ្ញុំចង់ប្រៀបធៀបទៅនឹងល្បែងប្រជាប្រិយខ្មែរមួយ គឺ “រែកចាញ់ឬមិនរែកចាញ់”។ មុននឹងឈានដល់វិភាគ នយោបាយជាក់ស្តែងនិងល្បែករែកចាញ់នេះ សូមអនុញ្ញាតឲ្យខ្ញុំលើកយកទ្រឹស្តីខ្លះស្តីពី“រែកចាញ់ឬមិនរែកចាញ់” ដើម្បីងាយយល់នូវចំណុចដែលត្រូវលើកបន្តបន្ទាប់នេះ។
ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរដែលបន្សល់ទុកពីដូនតាជំនាន់មុន មានល្បែងមួយប្រភេទគឺរែក។ “រែក” ជាឈ្មោះល្បែងមួយប្រភេទ ស្រដៀងនឹងចត្រង្គ(អុក) ប៉ុន្តែខុសគ្នាតែឈ្មោះកូននិងការឈ្នះចាញ់ និងមានបែបឲ្យស៊ីរែកទាំងពីរខាងឬបើអ្នកម្ខាងទាល់ច្រក ត្រូវអ្នកម្ខាងកៀរក្រសោបស៊ីបានទាំងអស់។ ល្បែង “រែក” មានពីរប្រភេទគឺ “រែកព័ទ្ធ” និង “រែកចាញ់ ឬមិនរែកចាញ់” ។ ក្នុងចំណោម“រែក”ទាំងពីរនេះ ប្រជាពលរដ្ឋខែ្មរជាពិសេសអ្នកនៅជនបទចូលចិត្តលេង “រែកចាញ់ឬមិនរែកចាញ់” ច្រើនជាង ព្រោះវាងាយនិងសាមញ្ញជាង“រែកព័ទ្ធ”។
ស្អីទៅហៅថា“រែកចាញ់ឬមិនរែកចាញ់”? នៅពេលណាគូរប្រកួតម្ខាងភ្លាត់ស្នៀតតែបន្តិច ច្បាស់ជាត្រូវចាញ់មួយពព្រិចភ្នែក ដោយគូរប្រគួតម្ខាងទៀតបើកឲ្យរែក បើមិនរែកគឺត្រូវចាញ់ ដូចនេះត្រូវបង្ខំចិត្ត រែករហូតដល់គេឈប់បើកឲ្យរែក ហើយទីបញ្ចប់ក៏ត្រូវបានគេរែកកូនសេ្តច(អង្គ)របស់ខ្លួន។ ការដែលគេហៅថា“រែកចាញ់ឬមិនរែកចាញ់” គឺសំដៅលើអ្នកចាញ់ ដោយសារខ្លួនត្រូវរែកកូនគេ ព្រោះភាគច្រើនអ្នកត្រូវគេបើកឲ្យរែកនេះ ច្រើនតែចាញ់ ហើយបើដឹងថាចាញ់ មិនព្រមរែក ក៏ចាញ់ដដែល។ គូប្រកួតមានកូនចំនួនប្រាំបីស្មើគ្នា ដែលក្នុងចំណោមកូនទាំងប្រាំបីនោះ មានកូនមួយ គេហៅថា“ស្តេច(អង្គ)” ហើយបើកូនស្តេច(អង្គ) ត្រូវគូប្រកួតម្ខាងទៀតរែកកូនស្តេច(អង្គ) ហ្នឹង ជាមួយកូនរែកធម្មតាមួយទៀតនោះ គឺសន្មត់ថាចាញ់។
ក្រៅពីនេះ ក្នុងល្បែង“រែកចាញ់”មិនមានលក្ខខណ្ឌច្រើននោះទេ តាមរយៈឈ្មោះរបស់ខ្លួន“មិនរែកចាញ់” នេះហើយជាលក្ខខណ្ឌ មានន័យបើមានគេបើកឲ្យរែក ខ្លួនត្រូវតែរែក បើមិនរែក ត្រូវតែចាញ់ដោយស្វ័យប្រវត្តិ។ ប៉ុន្តែពេលខ្លះ មានករណីលើកលែងដែរ ព្រោះពេលយើងរែកទៅ មិនប្រាកដថាចាញ់១០០%នោះទេ វាអាចមកពីទី១-អ្នកបើកឲ្យរែកនោះ“ចង់បំបែកក្រឡាគូប្រកួត”និងទី២-អ្នកបើកឲ្យរែកនោះ“ភ្លាត់ស្នៀត” ដោយមើលមិនគ្រប់ជ្រុងជ្រោយ មុនពេលបើកឲ្យគេរែក។ ប៉ុន្តែជាធម្មតា អ្នកដែលត្រូវគេបើកឲ្យរែក តែងតែមានអារម្មណ៍ភ័យរួចទៅហើយ នៅពេលដែលឮ គេស្រែកថា“រែកមួយ!” អឺអញ្ចឹង“រែកមួយទៀត!”…។ល។ ជួនកាលបើយើងតាំងអារម្មណ៍ ហើយសុខចិត្តរែកតាមសំណូមពរ របស់គូប្រកួតម្ខាងទៀត បណ្តើររកមធ្យោបាយដើម្បីទប់ទល់បណ្តើរ នោះយើងអាចឈ្នះវិញក៏មានដែរ។
ស្ថានភាពនយោបាយ នៅកម្ពុជាថ្មីៗនេះមិនខុសអីនឹងក្រឡារែក“មិនរែកចាញ់”ខាងលើនេះទេ គឺថាលោក ហ៊ុន សែន បានដើរដល់ក្រឡាចុងក្រោយនិងគ្រោះថ្នាក់បំផុត ដែលហ៊ានលេងក្រឡានេះ ដោយបើកឲ្យលោក សម រង្ស៊ី “រែក” បើទោះបីដឹងថាមិនអាចឈ្នះឡើយ ហើយធ្វើឡើងគ្រាន់តែចង់សាកល្បងឲ្យមហាជន”វាស់ភាពក្លាហាន” របស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ ន័យនេះ ចង់បញ្ជាក់ថាលោក ហ៊ុន សែន គាស់កកាយសំណុំរឿងចោទប្រកាន់បរិហាកេរ្តិ៍និងអនុវត្តសាលដីកាស្ថាពរដែលមិនគួរកើតឡើងសោះ ដោយសារអ្វីៗបានដើរហួសទៅឆ្ងាយ ហើយការធ្វើឡើងនេះ ដើម្បីបន្សាបឬទប់ឥទ្ធិពលចំហាយពីការបោះឆ្នោតផ្លាស់ប្តូរនៅប្រទេសភូមាប៉ុណ្ណោះ។ ដោយចង់បង្ហាញមហាជនខ្មែរ តើលោក សម រង្ស៊ី មានភាពក្លាហានដូចអ្នកស្រី អ៊ុងសាន់ សូជី ដែរឬអត់ ព្រោះលោក ហ៊ុន សែន គិតថា៖ ទី១-គាត់ឈ្នះចិត្តរាស្ត្រ បើលោក សម រង្ស៊ី មិនហ៊ានចូលស្រុក ព្រោះកំសាក និងទី២-គាត់ឈ្នះចិត្តលោក សម រង្ស៊ី បើលោក សម រង្ស៊ី ចូលមកឲ្យចាប់ គឺចាប់មែន។
ផ្ទុយទៅវិញ លោក ហ៊ុន សែន ធ្វើនេះគឺគ្រោះថ្នាក់និងមានហានីភ័យខ្ពស់បំផុតចំពោះជីវិតនយោបាយ និងធ្លាក់ប្រជាប្រិយភាពពីប្រជាពលរដ្ឋខ្មែរទៅវិញទេ។ គ្រោះថ្នាក់និងហានិភ័យនេះគឺថាទី១-បើលោក សម រង្ស៊ី “មិនចូល ក៏រាស្ត្រនៅតែគាំទ្រ” ព្រោះមានហេតុផលច្រើនណាស់ ដើម្បីបកស្រាយក្នុងការមិនចូល។ ម្យ៉ាងទៀត លោក ហ៊ុន សែនជាតួអង្គតំណាងឲ្យសភាវៈអាក្រក់ទៅហើយ ហើយរាល់ទង្វើដែលលោក ហ៊ុន សែន ធ្វើគឺរាស្ត្រមិនដែលគិតថាត្រឹមត្រូវឬល្អឡើយ។ ទី២–បើលោក សម រង្ស៊ី ចូលឲ្យចាប់ខ្លួន គឺថា ក១)-លោក ហ៊ុន សែន ចាប់ខ្លួន វារឹតតែធ្វើឲ្យប្រជាពលរដ្ឋអាណិតអាសូរលោក សម រង្ស៊ី ខ្លាំងឡើងៗ។ លើសពីនេះ លោក ហ៊ុន សែន នឹងប្រឈម នឹងការថ្កោលទោសនិងដាក់សម្ពាធពីសហគមន៍អន្តរជាតិ។ ក២)-លោក ហ៊ុន សែន មិនចាប់ខ្លួន គឺលោក ហ៊ុន សែន ខ្លួនឯងនឹងរងភាពអាមាសថាកំសាក បានតែម៉ាត់ មិនហ៊ានប៉ះពាល់លោក សម រង្ស៊ី ព្រោះខ្លាចអន្តរជាតិថ្កោលទោស ឬដាក់សម្ពាធ ហើយវារឹតធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមទៀតផង។
ចំណុចនេះហើយ ដែល“លោក សម រង្ស៊ី រែកពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!” សូមទាញការបញ្ជាក់ថា នៅពេលលោក សម រង្ស៊ី ចូលស្រុក ហើយលោក ហ៊ុន សែន ចាប់ពេលណា គឺលោក ហ៊ុន សែន ទៅវិញទេ ដែលជាអ្នកខាតបង់។ យើងមានទឡ្ហីករមួយចំនួន ដូចខាងក្រោម៖
ទី១–គេមានក្តីបារម្ភទៅវិញទេ នៅពេលCPPធ្វើល្អ ហើយចាប់អារម្មណ៍តិចតួចប៉ុណ្ណោះចំពោះអ្វីដែលCNRP បាននឹងកំពុងធ្វើ។ មានន័យថា៖ក).អ្វីដែលCNRPធ្វើគឺមិនទាន់ដល់កម្រិត ខ).ធ្វើឲ្យប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ទៅលើCNRP ច្រើនពេក គ).ប្រឹងឃោសនាវិជ្ជមានអ្វីដែលខ្លួនមាន អ្វីជាចំណុចខ្លាំងរបស់ខ្លួន។ ផ្ទុយទៅវិញ បើមានការចាប់ខ្លួនថ្នាក់ដឹកនាំឬធ្វើទុក្ខបុកម្នេញទៅលើCNRP គឺមានតែបង្កើនក្តីអាណិតអាសូរពីពលរដ្ឋ និងមានប្រជាប្រិយភាពកាន់តែខ្លាំងចំពោះCNRP។ ប្រជាជនភូមាអាណិតអាសូរ លោកស្រី អ៊ុងសាន់ ក៏ស៊ូជី ដោយសារអញ្ចឹងផងដែរ។ ចង់បញ្ជាក់ថាបើCPPឈប់ធ្វើអាក្រក់ ពលរដ្ឋនឹងវាយតម្លៃថាCPPកំពុងកែខ្លួន អញ្ចឹងគេអាចផ្តល់ឱកាស វិញ១០%ឬ២០% នៃសំឡេងដែលខ្លួនបាត់បង់កាល់ពីឆ្នាំ២០១៣ គឺអាចឈ្នះដោយងាយស្រួលនៅឆ្នាំ២០១៧ និង២០១៨។
ទី២-បើបន្តធ្វើអាក្រក់តទៅទៀត វាក៏បន្តខាតបង់ទាំងប្រជាប្រិយភាពនិងប្រឈមហានិភ័យខ្ពស់កាន់តែខ្លាំងដែរ។ វាមិនសំខាន់ទេដែលប្រឈមជាមួយCNRP អ្វីដែលសំខាន់គឺCPPខ្លួនឯងប្រឈមនឹងការស្អប់ខ្ពើមពីពលរដ្ឋ ជាពិសេសការថ្កោលទោសពីសហគមន៍អន្តរជាតិដែលត្រូវបានគេវាយតម្លៃក្នុងលក្ខណៈមិនល្អចំពោះលោក ហ៊ុន សែនឬគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលតែម្តង។ ចង់បញ្ជាក់ថាឥឡូវនេះ វាលែងទៅជារឿងរវាង សម រង្ស៊ី និង ហ៊ុន សែនឬរវាងគណបក្សសង្គ្រោះ
ជាតិនិងគណបក្សប្រជាជនកម្ពុជាទៀតហើយ រួមទាំងវាយតំណាងរាស្ត្រ ដកលោក កឹម សុខា ដកលោក សម រង្ស៊ី និងការចាប់ខ្លួនលោក សម រង្ស៊ី នាពេលខាងមុខ វាក្លាយទៅជារឿង លោក ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល ត្រូវប្រឈមជាមួយសហគមន៍អន្តរជាតិដែលជាឱកាស ហុចដងឲ្យសហគមអន្តរជាតិអាចលូកដៃក្នុងការរៀបចំបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។ បើមានបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពិតមែននោះCPPនឹងចាញ់ដូចនៅប្រទេសភូមាចឹងដែរ។
ទី៣-ក្រៅពីប្រឈមជាមួយពលរដ្ឋខ្លួនឯងនិងការថ្កោលទោសពីអន្តរជាតិហើយនោះ CPPកំពុងជួយឃោសនាឲ្យ CNRPមុនរដូវទៅវិញទេ។ ជួយផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុកនិងក្រៅស្រុក ដែលធ្វើឲ្យCNRP មានប្រជាប្រិយភាពក្នុងស្រទាប់មហាជនជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសគឺកេរ្តិ៍ឈ្មោះលោក សម រង្ស៊ី និងលោក កឹម សុខា ដែលពុំសូវមានគេស្គាល់។ ជាក់ស្តែងមុនបោះឆ្នោតឆ្នាំ២០១៣ មានលោក ជុំ ម៉ី បាតុកម្មប្រឆាំងលោក កឹម សុខា គ្រប់ច្រកល្ហក ទីបំផុតដូចជួយឃោសនាឲ្យCNRP ដោយទាញការចាប់អារម្មណ៍ពីពលរដ្ឋកាន់តែខ្លាំង។ និយាយឲ្យខ្លី គឺថាCNRP មិនបាច់ចំណាយលុយឬពេលវេលា សម្រាប់ផ្សព្វផ្សាយពីខ្លួនសូម្បីតែបន្តិច៕
សរសេរមកកាន់លោក វិសាល ឧត្តម តាមរយៈ[email protected]