អង្គការសុខភាពពិភពលោកមួយចំនួនបានកំពុងធ្វើការជជែកវែកញែកអំពីសិទ្ធិរបស់ក្មេងជំទង់និងយុវជនពេញវ័យក្នុងការទទួលបានដំណឹងនិងការអប់រំអំពីការថែរក្សាសុខភាពបន្តពូជ ដូចជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតនិងការរួមភេទប្រកបដោយសុវត្ថិភាព។
ខ្ញុំទទួលបានការអញ្ជើញចូលរួមក្នុងសន្និសីទដ៏ធំមួយប្រារព្ធឡើងពីថ្ងៃទី២៥ដល់២៨ខែមករា នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមលើសពី២៦០០នាក់ ហើយក្នុងចំណោមអ្នកចូលរួមទាំងអស់នោះ រួមមានអ្នកស្រាវជ្រាវខាងសុខភាព អ្នកអនុវត្តកម្មវិធីសុខភាព មន្ត្រីសុខាភិបាលនិងមន្រ្តីរៀបចំគោលការណ៍សាធារណៈ អ្នកគាំពារសុខភាពមកពីអង្គការក្នុងនិងក្រៅតំបន់ យុវជនអ្នកដឹកនាំ អ្នកសារព័ត៌មាននិងអ្នកតំណាងអង្គការក្នុងតំបន់ និងអន្តរជាតិ។ សន្និសីទដ៏ធំមួយនេះធ្វើឡើងជាលើកទី៤និងរៀបចំផ្តួចផ្តើមដោយសកលវិទ្យាល័យសុខភាពសាធារណៈសហរដ្ឋអាមេរិកJohns Hopkins Bloomberg School of Public Health, វិទ្យាស្ថាន the Gates Institute the National Population និងវិទ្យសា្ថនប្រជាភិវឌ្ឍន៍ជាតិនិងគម្រោងការពារកំណើតរបស់ប្រទេសឥណ្ឌូនេស៊ី (BKKBN)។
ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានអ្នកតំណាង មកពីអង្គការ ម៉ារីស្តូបអន្តរជាតិ Marie Stopes International អង្គការ PSIនិងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ(យូសេដ USAID) បានធ្វើការវែកញែកនៅថ្ងៃអង្គារនេះថាក្មេងជំទង់និងយុវជនពេញវ័យដែលសកម្មក្នុងការរួមភទមួយចំនួនពីអាយុ១០ដល់២៤ឆ្នាំ គួរតែចេះប្រើប្រាស់មធ្យោបាយក្នុងការពន្យារកំណើត ដូចជាការពន្យារកំណើតតាមរយ: ការចាក់ថ្នាំនិងការដាក់កងក្នុងរាងកាយ ជាដើម។
អ្នកតំណាងអង្គការទាំងអស់នេះបានមានប្រសាសន៍បន្តទៀតថាមធ្យោបាយបង្កកំណើតទាំងអស់នេះមិនត្រឹមតែទប់ស្កាត់ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្មេងស្រីជំទង់ ដែលនៅកំពុងសិក្សានិងស្វែងរកការងារឫមិនទាន់រៀបការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថយការធ្លាក់ឈាមរដូវនិងការឈឺចាប់ពេលមករដូវ ជួយព្យាបាលអាការ:រោគស្ត្រីមួយចំនួននិងកាត់បន្ថយការចុះខ្សោយឈាមក្រហម(anaemia)។
លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandare ដែលមកពីអង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងសម្ភព)បានមានប្រសាសន៍នៅក្នុងវគ្គពិភាក្សាតូចមួយថា: “បើតាមក្បួនច្បាប់ពេទ្យ គ្មានមូលហេតុណាដែលយើងគួរបដិសេធមិនឲ្យក្មេងជំទង់ទទួលប្រើប្រាស់មធ្យោបាយបង្កកំណើតនោះទេ”។ គាត់ធ្វើការបញ្ជាក់អះអាងបន្ថែមទៀតថាប្រទេសនីមួយៗគួរតែមានទំនួលខុសត្រូវក្នុងការ ឧបត្ថម្ភ គាំទ្រនិងជំរុញឲ្យមានការទទួលបានការប្រើប្រាស់ ផលិតផលនិងសេវាកម្មដ៏មានគុណភាពសម្រាប់មនុស្សរាល់គ្នា មិនថាពួកគេរៀបការហើយឫមិនទាន់រៀបការនោះទេ ព្រោះថាការធ្វើនេះគឺដើម្បីសុខភាពផ្លូវភេទ ក៏ដូចជាសុខភាពរបស់មនុស្សទូទៅមានភាពល្អប្រសើរ។
ចំណាប់អារម្មណ៍របស់ខ្ញុំមួយទៀត គឺទៅលើពាក្យសម្តីរបស់អ្នកស្រី Beth Schlachter ដែលជានាយកប្រតិបត្តិរបស់សហព័ន្ធអង្គការពន្យារកំណើតនិងសុខភាពបន្តពូជ ដែលនិយាយថាវាជាឧបសគ្គដ៏ធំមួយដែលប្រទេសជាច្រើននៅតែបន្តអើពើសិទ្ធិរបស់ក្មេងជំទង់ក្នុងការទទួលយកព័ត៌មាននិងជាពិសេសនោះគឺការចេះប្រើវិធីពន្យារកំណើតតែម្តង។ អ្នកស្រីក៏បានបញ្ជាក់បន្ថែមទៀតថារាល់មនុស្សពេញវ័យជាច្រើន ដែលឈានដល់អាយុដែលអាចបង្កកំណើតបានហើយ នៅតែប្រឈមមុខនឹងឧបសគ្គជាច្រើនទាក់ទងនឹងការទទួលយកប្រើប្រាស់វិធីពន្យារកំណើតបែបLARCs(ការដាក់ឧបករណ៍ក្នុងស្បូននិងរាងកាយផ្នែកផ្សេងៗ) ពីព្រោះមនុស្សមួយចំនួនជាពិសេសឪពុកម្តាយរបស់ពួកគេគិតថាការធ្វើដូចនេះនឹងធ្វើឲ្យក្មេងជំទង់ទាំងអស់នេះមានចំណង់រួមភេទកាន់តែខ្លាំង ប៉ុន្តែតាមការពិតនោះ វាមិនកើតឡើងដូច្នោះទេ ហើយលើសពីនេះទៀតក្មេងៗជំទង់គួរតែរៀនធ្វើការសម្រេចចិត្តសម្រាប់ជីវិតនិងសុខភាពរបស់ពួកគេ។
បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយអង្គការអន្តរជាតិ International Planned Parenthood Federation, Pathfinder International, UK-AID និងInternational Youth Alliance for Family Planning អ្នកបង្កើតច្បាប់និងគោលការណ៍សាធារណៈ មន្ត្រីរដ្ឋាភិបាល សហគមន៍និងគ្រួសារនានាគួរតែទទួលបានព័ត៌មានទាក់ទងអំពីសុវត្ថិភាព ប្រសិទ្ធភាព ភាពបត់បែន(reversiblity)និងការចំណាយមានប្រសិទ្ធភាពរបស់ការពន្យារកំណើត។ ក្នុងថ្ងៃសម្ពោធសន្និសីទនោះផងដែរ មូលនិធិរបស់BIll & Melinda Gates បានប្រកាសនឹងផ្តល់ជំនួយ១២០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការងាររយ:ពេល៣ឆ្នាំក្នុងការជួយឲ្យមានការប្រើប្រាស់វិធីពន្យារកំណើតសម្រាប់ស្ត្រីនិងក្មេងស្រី១២០លាននាក់ក្នុង៦៩ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យសម្រេចមុនឆ្នាំ២០២០។ លោកស្រី Melina Gates តាមរយ:សារជាវីដេអូផ្ញើមកកាន់សន្និសីទបានមានប្រសាសន៍ថាជំនួយជាប្រាក់ទាំងអស់នេះនឹងប្រើប្រាស់សម្រាប់គាំពារការពន្យារកំណើត ធ្វើឲ្យសេវាកម្មពន្យារកំណើតកាន់តែប្រសើរឡើង តាមរយ: វិស័យឯកជននិងពង្រីកការប្រើប្រាស់ វិធីពន្យាកំណើតដែលឆ្លងកាត់នូវការពិសោធន៍ហើយ ដើម្បីជួយដល់មនុស្សដទៃបន្ថែមទៀត។
ចំណែកប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី លោកJoko Widodo បានអំពាវនាវឲ្យមានសកម្មភាពជាសកលមួយក្នុងការធ្វើឲ្យការពន្យារកណើតនិងការរៀបចំគម្រោងគ្រួសារនិងការពង្រីកនៃការប្រើប្រាស់វិធីពន្យារកំណើតជាអទិភាពរបស់ប្រទេសផ្សេងៗទៀត។ ទន្ទឹមនឹងការអំពាវនាវនោះដែរ លោក ចូកូវី បានមានប្រសាសន៍ទៀតថាវាជារឿងសំខាន់ណាស់ក្នុងការចាត់វិធានការក្នុងការជួយឲ្យម្តាយមានសុខភាពល្អ ព្រោះថាកាលណាម្តាយមានសុខភាពល្អ នោះកូនៗនិងគ្រួសាររបស់ពួកគាត់ ក៏មានសុខភាពល្អនិងមានភាពរីកចម្រើនហើយទង្វើទាំងអស់នេះនឹងអាចជួយឲ្យពិភពលោកទាំងមូលកាន់តែមានភាពប្រសើរឡើងផងដែរ។
បន្ទាប់ពីចូលរួមក្នុងរយ:ពេល២ថ្ងៃមក ខ្ញុំមានសង្កេតឃើញថាប្រទេសកម្ពុជាត្រូវការការពិភាក្សា(dialogue)បន្ថែមទាក់ទងនឹងការអប់រំក្មេងជំទង់អំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ការពន្យារកំណើតនិងការរៀបចំផែនការគ្រួសារ ពីព្រោះថានៅមានឪពុកម្តាយជាច្រើននៅមិនទាន់ហ៊ានពិភាក្សាជាចំហរជាមួយកូនៗរបស់គាត់ ទាក់ទងនឹងសុខភាពផ្លូវភេទឫសុខភាពបន្តពូជ ដែលអាចបណ្តាលឲ្យមានផលលំបាកដូចជាការមានផ្ទៃពោះដោយចៃដន្យ ការរំលូតកូនដោយពុំមានសុវត្ថិភាពឫការចម្លងកាមរោគផ្សេងៗទៀត។
ជាការពិតណាស់ កន្លងមកនេះមានអង្គការជាតិនិងអន្តរជាតិជាច្រើនបានរួមចំណែកដាស់តឿននិងផ្តល់ព័ត៌មាននានាអំពីចំណុចទាំងអស់នេះទៅដល់ប្រជាជនខ្មែរដទៃទៀត ប៉ុន្តែនៅមានសារព័ត៌មានមួយចំនួននៅមិនទាន់ចាត់ទុកចំណុចទាំងអស់នេះជាចំណុចសំខាន់ក្នុងការរាយការណ៍នៅឡើយ។ នេះបង្ហាញថាប្រទេសកម្ពុជានៅមានការងារជាច្រើនទៀតដើម្បីសម្រេចក្នុងការជំរុញប្រជាជនបន្ថែមទៀតឲ្យយល់ដឹងអំពីសុខភាពបន្តពូជរបស់ខ្លួន៕