អធិការនគរបាលក្រុងបាត់ដំបង​រងការចោទថាមានអំពើពុករលួយ

ខិតប័ណ្ណជាច្រើនសន្លឹកដែលមានខ្លឹមសារទាមទារឲ្យដកតំណែងលោកអធិការនគរបាលក្រុងបាត់ដំបងទាក់ទងដោយចោទថាមានអំពើរពុករលួយត្រូវបានពលរដ្ឋប្រទះឃើញគេបាចចោលកាលពីថ្ងៃសៅរ៍នៅមុខសាលាខេត្តបាត់ដំបង។

បើតាមខ្លឹមសារក្នុងលិខិតអាណាមិកនោះគឺនគរបាលក្នុងក្រុងបាត់ដំបងសម្តែងការមិនពេញចិត្តចំពោះលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ហើយស្នើឲ្យស្នងការនិងអភិបាលខេត្តដកអធិការរូបនោះចេញដោយចោទថាលោក យឹម វិចិត្រ មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនិងបក្សពួកនិយម។

ក្នុងលិខិតនោះបានអះអាងថានៅពេលមានការដំឡើងតួនាទីនគបាលម្នាក់នឹងត្រូវចំណាយប្រាក់មិនក្រោម១៥០០ដុល្លារនោះឡើយ។

ក្នុងលិខិតនោះក៏អះអាងទៀតដែរថាអធិការនគរបាលក្រុងបាត់ដំបងបើកដៃឲ្យមានល្បែងស៊ីសង កន្ទុយលេខ ចាក់បាល់ និងល្បែងតាមអ៊ីនធឺណែតដោយទទួលកម្រៃក្រៅផ្លូវការពី១០០ទៅ៣០០ដុល្លារក្នុងមួយកន្លែងផងដែរ។

ទាក់ទងនឹងបញ្ហានេះអធិការនគរបាលក្រុងបាត់ដំបងលោក យឹម វិចិត្រ បានច្រានចោលចំពោះការចោទប្រកាន់នោះ។ លោកបានលើកឡើងថាការចោទប្រកាន់និងការស្នើឲ្យដករូបលោកនោះកើតឡើង​ពីរឿងផ្ទាល់ខ្លួនរបស់នគរបាលថ្នាក់ក្រោម ដែលត្រូវបានក្រុមប្រឹក្សាវិន័យរកឃើញថាមានកំហុសនិងសម្រេចផ្លាស់ប្ដូរតួនាទី។

លោកបន្ថែមថា៖ ឆ្លើយតបទៅវិញអាហ្នឹងមកពីមួយក្រុមតូចនៅក្នុងហ្នឹងក្រោយពីខ្ញុំធ្វើការកែសម្រួលរចនាសម្ព័ន្ធហើយគេខឹងសម្បាររឿងបុគ្គលគេ គេតាមឈ្នានីសយើងនិយាយទៅចំបុគ្គលដែលខូចគឺវាមានប្រតិកម្មចឹងមកវិញ។ វាអត់មានកើតទេរឿងបញ្ហាពុករលួយបើមានពុករលួយគឺមានពីមុនមកហើយមិនចាំដល់ពេលដូរមនុស្សទៅបានវាកើតអញ្ចឹងនោះទេ

ស្នងការនគរបាលខេត្តបាត់ដំបងលោក ស ថេត មានប្រសាសន៍ថាទាក់ទងនឹងការស្នើសុំឲ្យដកអធិការរូបនោះលោកកំពុងតែធ្វើការពិចារណាខណៈលោកក៏កំពុងតែធ្វើការស្រាវជ្រាវផងដែរទាក់ទងនឹងបញ្ហាអំពើពុករលួយនិងបក្សពួកនិយម។

លោកបន្ថែមថា៖ អ្វីដែលបានកើតឡើងនៅកន្លែងណាក៏ដោយក៏យើងត្រូវតែប្រមូលព័ត៌មានឲ្យបានហ្មត់ចត់ដើម្បីដោះស្រាយដោយសន្តិវិធីយើងមិនព្រងើយកន្តើយទេកិច្ចការទាំងអស់គ្រាន់តែថាទោសកម្រិតណាអីកម្រិតណាខ្ញុំមិនអាចជំរាបជូនតាមហ្នឹងបានទេខ្ញុំដោះទាំងអស់ហើយខ្ញុំកំពុងចាត់ការនិងស្រាវជ្រាវហើយ

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបាត់ដំបងលោក យិន ម៉េងលី បានលើកឡើងថាទាក់ទងនឹងបញ្ហាចោទគ្នានិងស្នើឲ្យដកអធិការនោះថាគឺជារឿងផ្ទៃក្នុងរបស់មន្រ្តីនគរបាល។ លោកបន្ថែមថាការបោះខិតប័ណ្ណតវ៉ាឲ្យមានការដកអធិការនគរបាលក្រុងបាត់ដំបងនោះដោយសារមន្រ្តីនគរបាលមិនអាចធ្វើការតវ៉ាដូចប្រជាជនទូទៅ។ ដូច្នេះមន្រ្តីថ្នាក់លើដែលទទួលបានព័ត៌មាននោះត្រូវតែធ្វើការដោះស្រាយនិងស្វែងរកការពិតឲ្យបានច្បាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ