ក្រសួង​សុខាភិបាល​ឲ្យ​ពលរដ្ឋរាយការណ៍ពីអ្នក​ជក់បារីនៅកន្លែងហាមឃាត់ដើម្បី​ផាកពិន័យ​

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់​សុខភាពនៃក្រសួង​សុខាភិបាលលោកស្រី ឈា ឆដាភា

ក្រសួង​សុខាភិបាលជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរនៅពេលឃើញអ្នកជក់បារីនៅកន្លែង​ហាមឃាត់ដោយអះអាងថាដើម្បីចាត់វិធានការតាមផ្លូវ​ច្បាប់និង​កាត់បន្ថយ​ការ​ប្រើប្រាស់ផលិត​ផល​ថ្នាំជក់​។​

កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​មានដូចជាគ្រឹះស្ថានឧត្តមសិក្សា កន្លែង​សាធារណៈ គ្រឹះ​ស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រជាដើម​។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់​សុខភាពនៃក្រសួង​សុខាភិបាលលោកស្រី ឈា ឆដាភា ថ្លែង​ប្រាប់​អ្នកសារព័ត៌មានក្រោយ​ពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើនការ​យល់ដឹង​អំពីគោលនយោបាយ​ហាមឃាត់ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​ថ្នាំជក់នៅថ្ងៃចន្ទនេះថាមន្ត្រីអធិការកិច្ចផលិតផល​ថ្នាំជក់នឹងចុះតាមដាន​ត្រួតពិនិត្យការអនុវត្តច្បាប់នេះ​និង​ប្រាប់ទៅប្រជាពល​រដ្ឋ​ឲ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធហើយ​រាយការណ៍ព័ត៌មាន​ជុំវិញការ​ប្រើប្រាស់ថ្នាំជក់​នោះដើម្បីកាត់បន្ថយការ​ប្រើប្រាស់​ឲ្យ​មានប្រសិទ្ធិភាព។ លោកស្រីបន្តថា៖ យើងមានសុដិ្ឋនិយមក្នុង​ការ​អនុវត្តមានន័យថា​ជំរុញការ​ចូល​រួមគ្រប់គ្នាព្រោះការ​ជក់បារីនៅទីសាធារណៈគឺពេលឃើញគាត់ទូរស័ព្ទទៅរក​អាជ្ញាធរពាក់ព័ន្ធ​ដើម្បីចុះមក​ចាត់វិធានការ​ហើយ​ការងារ​នេះ​ត្រូវជា​ឃើញថាការ​ជក់បារី​នៅជិតមនុស្សម្នាក់​ទៀតគឺជាអំពើ​មិន​សមរម្យគឺជាការ​មិនគោរពសិទ្ធិគេគឺជាការ​គេហៅថា​មិនមានសុជីវធម៌មានតែធ្វើបែបហ្នឹងទេដែលយើងអាច​ផ្លាស់ប្តូរ​ទំលាប់សង្គម​យើង​ទំាង​មូល​​​”។

បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលអ្នកជក់បារីនៅកន្លែងហាមឃាត់នឹងត្រូវផាកពិន័យចំនួន២ម៉ឺនរៀល។ ដោយឡែកម្ចាស់ហាង​​នានាដែលមិនព្រមបិទសញ្ញាហាមជក់បារីឬនៅតែបន្តដាក់បង្ហាញចានគោះបារីក៏ត្រូ​វ​ផាកពិន័យ​ជាប្រាក់​៥ម៉ឺនរៀលផង​ដែរ​។

នាយក​ប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាលោក មុំ គង់ យល់​ថាបើអាជ្ញាធរនិង​ប្រជាពលរដ្ឋទំាងអស់មានការ​សហការគ្នាដើម្បីរាយការណ៍ជុំវិញ​ប្រើប្រាស់ថ្នាំ​ជក់​នោះលោកថាអាចនឹង​មាន​ប្រសិទ្ធិភាពច្រើន។ យ៉ាងណាក៏ដោយលោកថាជំរើស​ល្អជាងនេះទៀតស្ថាប័នពាក់ព័ន្ធត្រូវ​សហការគ្នា​ដោយភាពស្មោះត្រង់នឹង​ធ្វើយ៉ាងណាកុំឲ្យមានការ​ជ្រៀតជ្រែក​ពីម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់​ទើប​ទទួល​បានផលវិជ្ជមានច្រើនជាង។ លោកបន្ថែមថា៖ ដើម្បីឲ្យការ​អនុវត្តទៅបានល្អលុះត្រាតែមានការ​ចូល​រួមពីសមត្ថកិច្ចពាក់ព័ន្ធសហការគ្នារ​វាងក្រសួង​សុខា​ភិបាល​ ពីអាជ្ញាធរមូលដ្ឋាន ហើយ​​ប្រជាពលរដ្ឋផង​ ជាពិសេស​ធ្វើ​យ៉ាងណាកុំឲ្យមានការ​ជ្រៀតជ្រែក​ពីក្រុមហ៊ុន​ថ្នាំជក់ទៅក្នុង​ហ្នឹង​ពីព្រោះថា​បើមានការ​ជ្រៀតជ្រែក​ហើយ​ការ​អនុវត្តហ្នឹង​នឹង​ធូរលុង​បាទ”។

របាយការណ៍របស់ក្រសួងផែនការឆ្នាំ២០១៤បង្ហាញថាអ្នកមិនជក់បារី៦០ភាគរយកំពុង​ស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេគឺនៅភោជ​នីយ​ដ្ឋាន/អាហារដ្ឋាន(៧៦ភាគរយ) នៅក្នុងអគារធ្វើការរបស់រដ្ឋ(៤៩ភាគរយ) និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ(៣៤ភាគរយ)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ