ក្រុមការងារបង្រ្កាប​បទល្មើសព្រៃឈើ​បញ្ជូន​សំណុំរឿង​ក្រុមហ៊ុន​ចំនួន​៤ទៅតុលាការ​

ក្រុមការងារ​ចុះ​បង្រ្កាប​បទល្មើសព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គិរី(រូបថតពីហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ)

មន្រ្តី​​ដឹកនាំ​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ឲ្យ​ដឹង​ថាក្រុម​ការងារ​ជំនាញ​បាន​​បញ្ជូន​សំណុំរឿងទៅ​តុលាការ​ ​ទាក់ទង​នឹងភាពមិន​ប្រក្រតីនៃ​ការស្តុក​ទុក​ឈើ​របស់​ក្រុមហ៊ុនចំនួន​​៤ ដោយ​មន្រ្តីអះអាង​ថាព្រះរាជអាជ្ញា​នឹង​ស៊ើបអង្កេត​ករណី​ទាំង​នេះ​ជា​បន្តទៀត។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលកំពុង​ចុះបង្រ្កាប​បទល្មើសព្រៃឈើ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះ​​​ថាកាលពីថ្ងៃអង្គារ គណៈកម្មការជាតិ​ចុះបង្រ្កាប​បទល្មើស​ព្រៃឈើបានចំណាយ​រយៈពេលមួយថ្ងៃរហូត​ដល់​យប់​ ចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីទៅ​លើ​ក្រុមហ៊ុន​ចំនួន​៤ គឺ​ក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។ លោក​បន្ត​​ថា​ក្រុមការងារជំនាញ​បាន​រក​ឃើញ​ភាព​មិនប្រក្រតី​នៃ​ការ​ស្តុកទុក​ឈើ​​របស់ក្រុមហ៊ុន​ទាំង​៤នោះ​ ហើយ​សម្រេច​បញ្ជូន​​សំណុំរឿង​ទាំងនោះទៅ​តុលាការ​។​

លោកមានប្រសាសន៍​ថា​៖ “យើង​មិនទាន់​សន្និដ្ឋាន​យ៉ាង​ម៉េចទេ ថាខុសច្បាប់ឬ​ត្រូវច្បាប់។ ឲ្យ​តែក្រុមជំនាញ​មើល​ទៅ​សង្ស័យ គេ​នឹង​បញ្ជូន​សំណុំរឿងទៅ​ព្រះរាជអាជ្ញា​ជា​អ្នក​ស៊ើប​បន្ត​ទៀត”។​

លោក អេង ហ៊ី ​បន្ត​ថាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ លោក សៅ សុខា បាន​បញ្ជាឲ្យ​ប្រមូល​ឈើ​ទុក​មួយកន្លែង​ឲ្យ​បាន​ឆាប់​​និង​រៀប​ចំ​ឈើ​ទាំងនោះ​ឲ្យ​​បាន​ត្រឹម​ត្រូវ។

ទំព័រហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថបានដកស្រង់សម្តីរបស់​លោក សៅ សុខា នៅ​ថ្ងៃ​ពុធនេះថា៖ “យើងជំរុញឲ្យ​ជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឲ្យ​រួចរាល់ទីតាំងទាំងនេះ ហើយធ្វើការញែកឈើស្រប​ច្បាប់និងឈើល្មើសច្បាប់ឲ្យ​ហើយទាំងអស់”។ ទំព័រហ្វេសប៊ុក​បន្ត​ថា​លោក សៅ សុខា បានបញ្ជាឲ្យ​ប្រមូលឈើទាំងអស់រក្សាទុកកន្លែងសុវត្ថិភាពការពារភ្លើងឆេះនិង​កុំឲ្យ​បាត់បង់​។

លោក អេង ហ៊ី ​បន្តទៀត​ថា​នៅថ្ងៃនេះ លោក​ សៅ សុខា បាននឹងកំពុងដឹកនាំក្រុម​ការងារចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើរបស់​ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមហ៊ុន​ដាយណាមនិងក្រុមហ៊ុនឆាយណាឌីណាម៉ិច​។ លោក​បន្ថែម​ថា ក្រុមការងារ​ក៏​នឹង​ចុះទៅខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង​បន្ត​ទៀត។​

12814476_1219568848073200_3524613363042682274_n
ក្រុមការងារ​ចុះ​បង្រ្កាប​បទល្មើសព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គិរី(រូបថតពីហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ)

បើតាម​អ្នកនាំពាក្យ​ ការ​ចុះបង្រ្កាប​បទល្មើសព្រៃឈើនឹង​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែមិនា ហើយ​ក្រុមការងារ​នឹង​រៀប​ចំ​គោលការណ៍ទៅ​រដ្ឋាភិបាលដើម្បី​ស្នើ​សុំចំណាត់​ការ​លើ​ឈើ​ដែលចាប់បាន​។ លោក​បញ្ជាក់​ថា​ចំណាត់​ការ​ផ្លូវ​ច្បាប់លើ​ក្រុមហ៊ុន​ប្រព្រឹត្តបទល្មើសព្រៃឈើ​​ជា​តួនាទី​របស់​តុលាការ។

លោក​មានប្រសាសន៍ថា៖ “តុលាការ​នឹង​ចាត់ការ​តាម​ច្បាប់​ស្តីពីព្រៃឈើ”

កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើ ឲ្យ​ធ្វើការងាររបស់ខ្លួន​ ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាច​មកពីមន្រ្តីទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​

លោក​មានប្រសាសន៍ថា​៖ “ប៉ុន្តែរឿងដឹកឈឺនេះ អាហ្នឹង​វាដឹកហ្នឹងឡាន ហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅ ឬក៏អាហ្នឹង ហ្នឹងគេដែរ វាណា​ស់តែ​អ៊ីចឹង”។​

លោកបញ្ជាក់ថា“ខ្ញុំពេញចិត្តជាមួយ​នឹងការកែទម្រង់ ហើយ​​យើងត្រូវហើយ មិនធ្វើមិនបាន អាហ្នឹង​និយាយ​អ៊ីចឹង​ហ្មង”។

​គួរបញ្ជាក់ថា​កាលពីខែមករា ឆ្នាំ​២០១៥ លោក ​ហ៊ុន សែន ​បាន​សម្រេច​បង្កើតគណៈកម្មការ​មួយ​​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​អនា​ធិបតេយ្យ​កាប់​ព្រៃ​ឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​នានា ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ចាប់​ជនល្មើសនិង​វត្ថុតាង​នៃ​បទល្មើស សហការ​ជាមួយ​ភាគី​វៀតណាម​និងឡាវ។ ​​តាម​រយៈសេចក្តី​សម្រេច​នោះ រដ្ឋា​ភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការមួយ​នេះ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ